ដោយ Donald Lee
ក្រុងមែលប៊ន: បណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកសំខាន់ៗបានជួបប្រជុំគ្នាក្នុងប្រទេសអូស្រ្តាលី ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ ដែលស្រដៀងនឹងសហភាពអឺរ៉ុប ដែលហៅថាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំតំបន់ (RCEP) កាលពីចុងសប្តាហ៍មុន។

-->
អ្នកតំណាងពាណិជ្ជកម្មមកពីបណ្តាប្រទេសអាស៊ានទាំង១០ និងដៃគូរបស់ខ្លួនដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ និងឥណ្ឌា បានជួបប្រជុំគ្នានៅទីក្រុងមែលប៊នកាលពីចុងសប្ដាហ៍ ដើម្បីពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាមតំបន់បែបសហភាពអឺរ៉ុបដែលនឹងមិនរាប់បញ្ចូលអាមេរិក។ ការសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង អំឡុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនបានធ្វើឲ្យមានអស្ថិរភាពសេដ្ឋកិច្ចនៅតំបន់អាស៊ី។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Simon Birmingham បានហៅកិច្ចព្រមព្រៀង RCEP ថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗបំផុតនៅក្នុងពិភពលោក។
លោកបានថ្លែងថា “អូស្ត្រាលីមិនអាចដោះស្រាយជម្លោះរវាងអាមេរិក និងចិនបានទេ ហើយអូស្ត្រាលីត្រូវតែស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រកបដោយគុណសម្បត្តិ បើទោះបីជាពួកគេមិនរាប់បញ្ចូលដៃគូចាស់ដូចជាអាមេរិក”។
នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Scott Morrison បានសន្យាជំរុញឲ្យពន្លឿនភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF លោកស្រីChristine Lagarde បានព្រមានថា អត្រាកំណើនសេដ្ឋកិច្ចសកលនឹងអាចធ្លាក់ចុះក្រោម៣ភាគរយ នៅឆ្នាំក្រោយដោយសារសង្គ្រាមពាណិជ្ជកម្ម។
របាយការណ៍សេដ្ឋកិច្ច Bloomberg ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យថា តម្លៃខូចខាតនៃសង្រ្គាមពាណិជ្ជកម្មអាម៉េរិក និងចិនអាចមានទំហំគិតជាទឹកប្រាក់ប្រមាណ១,២ពាន់ពាន់លានដុល្លារ ដែលអាចប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនិងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះខ្លាំងបំផុត បើគិតចាប់តាំងពីឆ្នាំ ២០០៨។
លោកនាយករដ្ឋមន្ត្រីMorrison បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅកិច្ចប្រជុំ G20 ថា “វាសំខាន់ជាងនេះទៅទៀត ហើយវាជារឿងធ្ងន់ធ្ងរ ហើយជាការពិត ដែលមូលនិធិរូបិយវត្ថុអន្ដរជាតិបានរំឭកសមាជិកក្រុមប្រទេស G20 អំពីភាពធ្ងន់ធ្ងរនៃធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក”។
លោកបានបន្ថែមថា រដ្ឋាភិបាលអូស្ត្រាលី នឹងមិនអង្គុយនៅរង់ចាំអាមេរិក និងចិនដើម្បីបញ្ឈប់ការបង្កើនពន្ធលើគ្នាទេ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយថា “អ្វីដែលយើងកំពុងមើលឥឡូវនេះជាមួយភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំតំបន់ (RCEP) គឺជាឱកាសមួយសម្រាប់តំបន់នេះដើម្បីទទួលបាន ហើយជាសញ្ញាច្បាស់លាស់ ដែលពួកគេអាចធ្វើអ្វីដែលពួកគេជ្រើសរើសធ្វើ ព្រោះប្រទេសទាំងអស់នេះគឺជាប្រទេសដែលមានអធិបតេយ្យភាព”។
កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់នេះ នឹងមិនរាប់បញ្ចូលអាមេរិក ខណៈពេលដែលតំបន់មានចំនួនប្រជាជនជិតពាក់កណ្តាល នៃប្រជាជនពិភពលោក និងមានប្រមាណ ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយប្រចាំតំបន់ (RCEP) នឹងរួមបញ្ចូល៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប ចំនួនប្រជាជន៣,៥ ពាន់លាននាក់ និងលើសពី TPP-11 ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូ ឆ្លងកាត់ទូលំទូលាយប៉ាស៊ីហ្វិករវាងអូស្រ្តាលី ប៊្រុយណេ កាណាដា ឈីលីជប៉ុន ម៉ាឡេស៊ី និងមិចស៊ីកូ ប៉េរូ នូវែលសេឡង់ សិង្ហបុរី និងវៀតណាម។
អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានសិក្សាអន្តរជាតិចិន និងជាសមាជិកជាន់ខ្ពស់ម្នាក់ លោក Ruan Zongse បាននិយាយថា គោលនយោបាយពាណិជ្ជកម្មគាំពារនិយមមិនយូរមិនឆាប់ នឹងត្រូវបានតម្រង់ទិសមកកាន់តំបន់អាស៊ាន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់គឺត្រូវការជាចាំបាច់។
លោក Zongse បាននិយាយថា “ថ្ងៃនេះជនរងគ្រោះសង្រ្គាមពាណិជ្ជកម្មគឺប្រទេសចិន ម៉ិកស៊ិក និងកាណាដា ប៉ុន្តែថ្ងៃស្អែកវាអាចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសដទៃទៀត”។
ការថ្លែងរបស់លោកដូចគ្នា នឹងទស្សនៈរបស់នាយករដ្ឋមន្ត្រីអូស្រ្តាលីដែលថា ការចរចារនិងការបញ្ចប់របស់ RCEP គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ដែលប្រឈមនឹងគោលនយោបាយការពារនិយម របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ស្តីពី RCEP បាននិយាយថា “ប្រសិនបើយើងអាចធ្វើដូច្នេះ យើងនឹងមានអំណាចចរចា និងមានមូលដ្ឋានសម្រាប់ចរចា”។
លោកបានបន្ថែមថា “នៅពេលដែលបូកបញ្ចូលគ្នា (អាស៊ាន និងបណ្តាប្រទេសអាស៊ីនឹងបង្កើត) ប្លុកតំបន់ធំបំផុតក្នុងពិភពលោក”៕