ពិភពលោក​ងាក​ចេញពី​អាមេរិក​ដូចម្តេច​នៅពេល​មហាអំណាច​មួយ​នេះ​ប្រកាន់​គោល​នយោបាយ​គាំពារ​និយម​

0

ដោយ​ Donald​ Lee​

ក្រុង​មែ​លប៊ន​: បណ្តា​ប្រទេស​អាស៊ាន​ និង​បណ្តា​ប្រទេស​អាស៊ី​-ប៉ាស៊ីហ្វិក​សំ​ខាន់​ៗបាន​ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​អូស្រ្តាលី​ ដើម្បី​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ ដែល​ស្រដៀងនឹង​សហភាព​អឺរ៉ុប​ ដែល​ហៅថា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ប្រចាំ​តំបន់​ (RCEP​) កាលពី​ចុង​សប្តាហ៍​មុន​។

អ្នកតំណាង​ពាណិជ្ជកម្ម​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០​ និង​ដៃគូ​របស់​ខ្លួន​ដូចជា​ប្រទេស​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ នូវែ​លសេ​ឡង់​ និង​ឥណ្ឌា​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​មែ​លប៊​នកា​លពី​ចុង​សប្ដាហ៍​ ដើម្បី​ពន្លឿន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាម​តំបន់​បែប​សហភាព​អឺរ៉ុប​ដែល​នឹង​មិនរាប់​បញ្ចូល​អាមេរិក​។ ការ​សង្កត់ធ្ងន់​លើ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​ អំឡុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើឲ្យ​មាន​អស្ថិរភាព​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក​ Simon​ Birmingham​ បាន​ហៅ​កិច្ច​ព្រមព្រៀង​ RCEP​ ថា​ ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ក្នុងចំណោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សំ​ខាន់​ៗបំផុត​នៅក្នុង​ពិភពលោក​។

លោក​បាន​ថ្លែង​ថា​ “អូស្ត្រាលី​មិន​អាច​ដោះស្រាយ​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​បានទេ​ ហើយ​អូស្ត្រាលី​ត្រូវតែ​ស្វែងរក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ប្រកបដោយ​គុណសម្បត្តិ​ បើ​ទោះបីជា​ពួកគេ​មិនរាប់​បញ្ចូល​ដៃគូ​ចាស់​ដូចជា​អាមេរិក​”។

នាយក​រដ្ឋមន្ត្រី​អូស្រ្តាលី​លោក​ Scott​ Morrison​ បាន​សន្យា​ជំរុញ​ឲ្យ​ពន្លឿន​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​ G20​ នៅក្នុង​ប្រទេស​ជប៉ុន​ បន្ទាប់ពី​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ IMF​ លោកស្រី​Christine​ Lagarde​ បាន​ព្រមាន​ថា​ អត្រាកំណើន​សេដ្ឋកិច្ច​សកល​នឹងអាច​ធ្លាក់ចុះ​ក្រោម៣ភាគរយ​ នៅ​ឆ្នាំក្រោយ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ ដែល​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ បាន​ឲ្យ​ថា​ តម្លៃ​ខូចខាត​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​អាច​មាន​ទំហំ​គិតជា​ទឹកប្រាក់​ប្រមាណ១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​អាច​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​និង​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ខ្លាំង​បំផុត​ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០៨​។

លោកនាយក​រដ្ឋមន្ត្រី​Morrison​ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​កិច្ចប្រជុំ​ G20​ ថា​ “វា​សំខាន់​ជាង​នេះ​ទៅទៀត​ ហើយ​វា​ជា​រឿង​ធ្ងន់ធ្ងរ​ ហើយ​ជា​ការពិត​ ដែល​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​បាន​រំឭក​សមាជិក​ក្រុម​ប្រទេស​ G20​ អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​”។

លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​ នឹង​មិន​អង្គុយ​នៅ​រង់ចាំ​អាមេរិក​ និង​ចិន​ដើម្បី​បញ្ឈប់​ការ​បង្កើន​ពន្ធ​លើ​គ្នា​ទេ​។

លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​និយាយ​ថា​ “អ្វី​ដែល​យើង​កំពុង​មើល​ឥឡូវនេះ​ជាមួយ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​​ប្រចាំ​តំបន់​ (RCEP​) គឺជា​ឱកាស​មួយ​សម្រាប់​តំបន់​នេះ​ដើម្បី​ទទួល​បាន​ ហើយ​ជា​សញ្ញា​ច្បាស់លាស់​ ដែល​ពួកគេ​អាច​ធ្វើអ្វី​ដែល​ពួកគេ​ជ្រើសរើស​ធ្វើ​ ព្រោះ​ប្រទេស​ទាំងអស់​នេះ​គឺជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ភាព​”។

កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​នេះ​ នឹង​មិនរាប់​បញ្ចូល​អាមេរិក​ ខណៈ​ពេល​ដែល​តំបន់​មាន​ចំនួន​ប្រជាជន​ជិត​ពាក់កណ្តាល​ នៃ​ប្រជាជន​ពិភពលោក​ និង​មាន​ប្រមាណ ៣០ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​។ កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ប្រចាំ​តំបន់​ (RCEP​) នឹង​រួមបញ្ចូល៣០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ចំនួន​ប្រជាជន៣​,៥ ពាន់​លាន​នាក់​ និង​លើស​ពី​ TPP​-11​ ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​ ឆ្លងកាត់​ទូលំទូលាយ​ប៉ាស៊ីហ្វិក​រវាង​អូស្រ្តាលី​ ប៊្រុយ​ណេ​ កាណាដា​ ឈីលី​ជប៉ុន​ ម៉ាឡេស៊ី​ និង​មិច​ស៊ី​កូ​ ប៉េរូ​ នូវែ​លសេ​ឡង់​ សិង្ហបុរី​ និង​វៀតណាម​។

អនុប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ចិន​ និង​ជាស​មា​ជិ​កជាន់ខ្ពស់​ម្នាក់​ លោក​ Ruan​ Zongse​ បាន​និយាយ​ថា​ គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម​មិនយូរ​មិនឆាប់​ នឹង​ត្រូវ​បាន​តម្រង់​ទិស​មកកាន់​តំបន់​អាស៊ាន​ ហើយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​គឺ​ត្រូវការ​ជាចាំបាច់​។

លោក​ Zongse​ បាន​និយាយ​ថា​ “ថ្ងៃនេះ​ជនរងគ្រោះ​សង្រ្គាម​ពាណិជ្ជកម្ម​គឺ​ប្រទេស​ចិន​ ម៉ិកស៊ិក​ និង​កាណាដា​ ប៉ុន្តែ​ថ្ងៃស្អែក​វា​អាច​ជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ដទៃទៀត​”។

ការ​ថ្លែង​របស់​លោក​ដូចគ្នា​ នឹង​ទស្សនៈ​របស់​នាយក​រដ្ឋមន្ត្រី​អូស្រ្តាលី​ដែល​ថា​ ការចរចា​រនិង​ការ​បញ្ចប់​របស់ ​RCEP ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ ដែល​ប្រឈម​នឹង​គោលនយោបាយ​ការពារនិយម​ របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ​ Prayuth​ Chan​-ocha​ នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៤​ ស្តី​ពី​ RCEP​ បាន​និយាយ​ថា​ “ប្រសិនបើ​យើង​អាច​ធ្វើ​ដូច្នេះ​ យើង​នឹង​មានអំណាច​ចរចា​ និង​មាន​មូលដ្ឋាន​សម្រាប់​ចរចា​”។

លោក​បាន​បន្ថែម​ថា​ “នៅពេល​ដែល​បូក​បញ្ចូល​គ្នា​ (អាស៊ាន​ និង​បណ្តា​ប្រទេស​អាស៊ី​នឹង​បង្កើត​) ប្លុក​តំបន់​ធំ​បំផុត​ក្នុង​ពិភពលោក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here