ដោយ វុត្ថា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានថ្លែងថា សន្ទុះនៃការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជាដោយរាប់ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩នេះ ដោយគិតត្រឹមខែឧសភាមានគម្រោងវិនិយោគ ៤៥,២៦៥គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគគិតជាទឹកប្រាក់ជាង ៤៤,៥៧៦លានដុល្លារសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារ នាថ្ងៃទី ៤ខែ កក្កដា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ការរីកចម្រើនដែលមានសន្ទុះខ្លាំងក្លាបែបនេះ ដោយសារតែការដាក់ចេញនូវគោលនយោយបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្នុងការថែរក្សាសន្តិភាព និងកៀងគរអ្នកវិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកជា សុផារ៉ាបានបន្តថា “បន្ថែមពីនេះការចូលរួមពីសំណាក់ពីវិស័យឯកជននៅក្នុងការអនុវត្តវិស័យសំណង់កម្ពុជា។ ជាមួយនឹងការរីកចម្រើននេះ ការគោរពច្បាប់បទដ្ឋាននិងស្តង់ដារបច្ចេកទេស ជាប្រការចាំបាច់ដែលត្រូវអនុវត្តន៍ សម្រាប់វិស័យឯកជន និងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យសំណង់ដែលមិនអាចខ្វះបាន”។
លោកជាសុផារ៉ាបញ្ជាក់ថា ទុនវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ ២០១៨ មានចំនួន៥,២៥៨លានដុល្លារសហរដ្ឋអាមេរិក និងផ្តល់ការងារធ្វើជូនដល់យុវជនកម្ពុជាប្រមាណជាង២០ម៉ឺននាក់។ ដោយឡែកសម្រាប់គម្រោងអគារខ្ពស់ៗនៅទូទាំងប្រទេសដោយរាប់ចាប់ពី៥ជាន់ឡើង មានចំនួន១៣២៤អគារ ។ គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមិនមែនជាលក្ខណៈបុរី មានចំនួន២៥៨ទីតាំង ៕






