ដោយ Donald Lee
ភ្នំពេញៈ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីដែលមានអាយុកាលរយៈពេលជាង២៥ឆ្នាំ ក្នុងវិស័យល្បែងនៅអាស៊ីអាគ្នេយ៍ ទំនងជានឹងឈានដល់ទីបញ្ចប់ ខណៈកម្ពុជានិងហ្វីលីពីននឹងក្លាយជាមជ្ឈមណ្ឌលប៉នល្បែងធំជាងគេនៅអាស៊ីអាគ្នេយ៍។ នេះបើតាមយោងតាមរបាយការណ៍ស្រាវជ្រាវដែលចេញផ្សាយកាលពីពេលថ្មីៗ ដោយធនាគារធំរបស់អាមេរិកJP Morgan។
របាយការណ៍ពីវិស័យល្បែងនៅអាស៊ីអាគ្នេយ៍ ដែលមានចំនួន១០០ទំព័របានបង្ហាញថា វិស័យល្បែងនៅកម្ពុជា និងហ្វីលីពីនបានកើនឡើង២,៤ ដងចាប់តាំងពីឆ្នាំ២០១៤ និងបានព្យាករថា កំណើននាពេលអនាគតនឹងកើនលើសដៃគូ ប្រកួតប្រជែងនៅម៉ាឡេស៊ី និងសិង្ហបុរី ជាពិសេសក្រុមហ៊ុនហ្គេម Genting Group ដែលមានមូលដ្ឋាននៅម៉ាឡេស៊ីដែលមានតម្លៃ៣៤ពាន់លានដុល្លារ។
-->
ធនាគារវិនិយោគអាមេរិកខាងលើបានឲ្យដឹងថា “ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ វិនិយោគិនអាស៊ានបានមើលឃើញក្រុមហ៊ុន Genting ជាក្រុមហ៊ុនភ្នាល់សំខាន់”។
ធនាគារនេះបន្ថែមថា “យើងឃើញថាឆ្នាំ២០១៩ ជាការឆ្លុះបញ្ចាំងពីទីផ្សារល្បែងរបស់សិង្ហបុរី និងម៉ាឡេស៊ីថានឹងមានការធ្លាក់ចុះ ខណៈទីតាំងល្បែងធំបំផុតនៅអាស៊ានបាននិងកំពុងមានវត្តមាននៅកម្ពុជា និងហ្វីលីពីន។
វិស័យល្បែងនៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក៏នឹងរងផលប៉ះពាល់ខ្លាំងផងដែរ ដោយសារច្បាប់ថ្មី នៃពន្ធល្បែងនឹងចូលជាធរមាននាពេលអនាគត។ ក្រុមអ្នកវិភាគបានព្យាករណ៍ថា តម្លៃភាគហ៊ុននៃទីផ្សារល្បែងធ្លាក់ចុះដល់១៥ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ធនាគារ JP Morgan បានឲ្យដឹងថា “យើងគិតថាក្រុមហ៊ុន Genting Singapore និងក្រុមហ៊ុន Genting ម៉ាឡេស៊ីកំពុងប្រឈមនឹងគុណវិបត្តិ ហើយការបាត់បង់ចំណែកទីផ្សារចំពោះការប្រកួតប្រជែងក្នុងតំបន់ ជាពិសេសក្នុងប្រទេសកម្ពុជា នឹងកើនឡើងក្នុងរយៈពេលពីរបីឆ្នាំខាងមុខ”។
ទន្ទឹមនឹងនេះដែរ វិស័យល្បែងនៅកម្ពុជានាពេលថ្មីៗនេះ បានឈានដល់កម្រិតកំពូល ខណៈក្រសួងហិរញ្ញវត្ថុកម្ពុជាបានប្រកាសថា រដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណកាស៊ីណូចំនួន១៣កន្លែងនៅឆ្នាំ២០១៩ ដោយបង្កើនចំនួនកាស៊ីណូសរុបនៅកម្ពុជាដល់ ១៦៣កន្លែង។
លើសពីនេះក្រុមហ៊ុន NagaCorp Ltd ដែលបានចុះបញ្ជីនៅទីក្រុងហុងកុងបានបង្ហាញគម្រោងពង្រីកអាជីវកម្មណាហ្គា៣ ដែលនឹងត្រូវចំណាយទុនប្រមាណ៣,៥ពាន់លានដុល្លារ ដែលនោះទុនវិនិយោគជាពាក់កណ្តាល នឹងវិនិយោគដោយលោកChen Lip Keong នាយកប្រតិបត្តិបច្ចុប្បន្ន។

គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៩ ក្រុមហ៊ុន NagaCorp Ltd ទទួលបានចំណូលគិតជាទឹកប្រាក់ប្រមាណ៣២១ លានដុល្លារពីវិស័យល្បែង។ កាលពីឆ្នាំមុនរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន NagaCorp Ltd ទទួលបានចំណូលសរុបចំនួន១,៤ពាន់លានដុល្លារ និងប្រាក់ចំណេញសុទ្ធចំនួន៣៩០,៦ លានដុល្លារ៕