រូបភាពតំណាង
ដោយ វុត្ថា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា សំណង់ដែលមិនបានទទួលច្បាប់សាងសង់ត្រឹមត្រូវ ពីក្រសួង ឬស្ថាប័នដែលមានសមត្ថកិច្ច នឹងមិនអនុញ្ញាតសាងសង់ជាដាច់ខាត ចាប់ពីពេលនេះតទៅ។
លោកជា សុផារ៉ាបានថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារ នាថ្ងៃទី៤ខែ កក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះថា ក្នុងករណីល្មើសទៅនឹងវិធានការច្បាប់ ត្រូវតែមានវិធានការជាបន្ទាប់ ដោយពុំមានការលើកលែងនោះទេ ។ បើទោះបីមានប្លង់ស្ថាបត្យកម្ម និងគ្មានគ្រឿងបង្គុំសំណង់ គ្មានវិស្វករ ប្រចាំនៅក្នុងការដ្ឋានសំណង់ គ្មានក្រុមហ៊ុនសាងសង់ ឬមានក្រុមហ៊ុនសាងសង់ដែលមិនចុះបញ្ជី គឺសង់ទៅតាមចិត្ត និងទម្លាប់ ដោយខុសទៅនឹងបច្ចេកទេស និងខ្វះគុណភាពទក៏ត្រូវតែដោះស្រាយជាបន្ទាន់ ដើម្បីបញ្ជៀសហានីភ័យដែលអាចកើតឡើងនាពេលខាងមុខ។
-->
លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងបានបញ្ជូនក្រុមបច្ចេកទេស ដែលមានកំលាំងសមស្របទៅធ្វើការត្រួតពិនិត្យ ចំពោះមុខនៅការរដ្ឋានសំណង់ទាំងឡាយ ហើយបើពិនិត្យឃើញថា គ្មានការអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ក្នុងសេចក្តីសន្និដ្ឋានដំបូងថា នឹងជួបហានិភ័យ នឹងមានវិធានការជាបន្ទាន់នៅនឹងកន្លែង។
លោកជា សុផារ៉ាបានបញ្ជាក់ទៀតថា សំណង់ដែលបានសាងសង់គ្មានច្បាប់ តែសំណង់នោះត្រូវបានក្រុមត្រួតពិនិត្យមើលឃើញថា មានលក្ខណៈបច្ចេកទេសត្រឹមត្រូវអាចនឹងមានការពង្រឹងបន្ថែមនូវភាពរឹងមុំាបាន តែទោះបីយ៉ាងណាក៏ដោយត្រូវអនុលោភតាមគោលការណច្បាប់ជាចាំបាច់ គឺការសាងសង់ត្រូវមានច្បាប់អនុញ្ញាត តែសំណង់ដែលសាងសង់ហួសរួច ហើយនឹងមានការពិចារណាខ្លះ ដើម្បីបើកច្រកឱ្យម្ចាស់ដី ជាមួយនឹង ម្ចាស់សំណង់ស្វែងរកក្រុមហ៊ុន ឬមេធាវីមកការពារផលប្រយោជន៍របស់គាត់ ដើម្បីឱ្យពួកគេបានយល់ពីចំណុចខ្វះខាត និងបច្ចេកទេសដែលត្រូវអនុលោមតាម។
លោករដ្ឋមន្ត្រីបន្ថែមថា“នៅពេលដែលគាត់ទទួលបានការស្រុះស្រួល ពិនិត្យឃើញច្បាស់ថាការសាងសង់នេះ គឺមិនអាចទទួលទទួលបាន គឺគាត់ត្រូវមានម្ចាស់ការរុះរើដោយខ្លួនឯង ហើយអនុវត្តទៅលើទម្រង់ថ្មី ទៅលលើទីតាំងចាស់ដោយសំណង់នេះ មិនអាចអនុវត្តតទៅទៀតបាននោះទេ”។
ក្រុមការងារក្រសួង នឹងបន្តចុះធ្វើការត្រួតពិនិត្យ ទៅលើសំណង់អគារមួយចំនួនទៀតនៅទូទាំងប្រទេស ដែលសង្ស័យថា មានហានិភ័យទៅថ្ងៃមុខ ដើម្បីទប់ស្កាត់នៅនឹងកន្លែង ដើម្បីបង្ការហានិភ័យជាថ្មី បន្ទាប់់ពីការបាក់រលំអាគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុកាលពីចុងខែមិថុនាកន្លងមកនេះ ដែលបានធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានថ្លែងថា ស្របពេលមានការរឹតបន្តឹងលើច្បាប់សាងសង់ និងការផ្តល់អាជ្ញាប័ណ្ណនានារបស់រដ្ឋាភិបាល ជាការរឹតបន្តឹង សំដៅលើកកំពស់សុវត្ថិភាពក្នុងការសាងសង់ ដើម្បីការពារកុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកបន្តថា “ការរឹតបន្តឹងបទបញ្ញត្តិនេះ ក៏ជួយបង្កើនទំនុកចិត្ត និងបង្កើនការជឿជាក់ពីអ្នកវិនិយោគជាតិ និងអន្តរជាតិបន្ថែមទៀតមកលើរដ្ឋាភិបាល”។
សន្ទុះនៃការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជា ដោយរាប់ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩នេះ ដោយគិតត្រឹមខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគ៤៥,២៦៥គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគគិតជាទឹកប្រាក់ជាង៤៤,៥៧៦លានដុល្លារសហរដ្ឋអាមេរិក៕