រដ្ឋមន្រ្តី​ក្រសួង​ដែនដី​៖ សំណង់​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​មិន​អនុញ្ញាត​ឱ្យ​សាងសង់

0
រូបភាពតំណាង

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​ សំណង់​ដែល​មិនបាន​ទទួល​ច្បាប់​សាងសង់​ត្រឹមត្រូវ​ ពី​ក្រសួង​ ឬស្ថាប័ន​ដែល​មានសមត្ថកិច្ច​ នឹង​មិន​អនុញ្ញាត​សាងសង់​ជាដាច់ខាត​ ចាប់ពី​ពេលនេះ​តទៅ​។

លោក​ជា​ សុ​ផា​រ៉ា​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការសិក្សា​គម្រោង​ប្លង់​ និង​ការសាងសង់​អគារ​ នា​ថ្ងៃទី៤ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ ក្នុងករណី​ល្មើស​ទៅ​នឹង​វិធានការ​ច្បាប់​ ត្រូវតែ​មាន​វិធានការ​ជា​បន្ទាប់​ ដោយ​ពុំ​មានការ​លើកលែង​នោះ​ទេ​ ។ បើ​ទោះបី​មាន​ប្លង់​ស្ថាបត្យកម្ម​ និង​គ្មាន​គ្រឿង​បង្គុំ​សំណង់​ គ្មាន​វិស្វករ​ ប្រចាំ​នៅក្នុង​ការដ្ឋាន​សំណង់​ គ្មាន​ក្រុមហ៊ុន​សាងសង់​ ​ឬមាន​ក្រុមហ៊ុន​សាងសង់​ដែល​មិន​ចុះបញ្ជី​ គឺ​សង់​ទៅតាម​ចិត្ត​ និង​ទម្លាប់​ ដោយ​ខុស​ទៅ​នឹង​បច្ចេកទេស​ និង​ខ្វះ​គុណ​ភាព​ទក៏​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​ ដើម្បី​បញ្ជៀស​ហា​នី​ភ័យ​ដែល​អាច​កើតឡើង​នា​ពេល​ខាងមុខ​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ ក្រសួង​បាន​បញ្ជូន​ក្រុមបច្ចេកទេស​ ដែល​មាន​កំលាំង​សមស្រប​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ ចំពោះមុខ​នៅ​ការ​រដ្ឋា​នសំណង់​ទាំងឡាយ​ ហើយ​បើ​ពិនិត្យ​ឃើញថា​ គ្មាន​ការអនុវត្ត​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ ក្នុង​សេចក្តី​សន្និដ្ឋាន​ដំបូង​ថា​ នឹង​ជួប​ហានិភ័យ​ នឹង​មាន​វិធានការ​ជាបន្ទាន់​នៅនឹង​កន្លែង​។

លោក​ជា​ សុ​ផា​រ៉ា​បាន​បញ្ជាក់​ទៀត​ថា​ សំណង់​ដែល​បាន​សាងសង់​គ្មាន​ច្បាប់​ តែ​សំណង់​នោះ​ត្រូវ​បាន​ក្រុម​ត្រួតពិនិត្យ​មើលឃើញ​ថា​ មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​អាច​នឹង​មានការ​ពង្រឹង​បន្ថែម​នូវ​ភាព​រឹង​មុំា​បាន​ តែ​ទោះបី​យ៉ាងណាក៏ដោយ​ត្រូវ​អនុ​លោភ​តាម​គោល​ការណ​ច្បាប់​ជាចាំបាច់​ គឺ​ការសាងសង់​ត្រូវ​មានច្បាប់​អនុញ្ញាត​ តែ​សំណង់​ដែល​សាងសង់​ហួស​រួច​ ហើយនឹង​មានការ​ពិចារណា​ខ្លះ​ ដើម្បី​បើក​ច្រក​ឱ្យ​ម្ចាស់ដី​ ជាមួយនឹង​ ម្ចាស់​សំណង់​ស្វែងរក​ក្រុមហ៊ុន​ ឬមេធាវី​មក​ការពារ​ផលប្រយោជន៍​របស់​គាត់​ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់​ពី​ចំណុច​ខ្វះខាត​ និង​បច្ចេកទេស​ដែល​ត្រូវ​អនុលោម​តាម​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​“នៅពេល​ដែល​គាត់​ទទួល​បានការ​ស្រុះស្រួល​ ពិនិត្យ​ឃើញច្បាស់​ថា​ការសាងសង់​នេះ​ គឺ​មិន​អាច​ទទួល​ទទួល​បាន​ គឺ​គាត់​ត្រូវ​មាន​ម្ចាស់ការ​រុះរើ​ដោយខ្លួនឯង​ ហើយ​អនុវត្ត​ទៅលើ​ទម្រង់​ថ្មី​ ទៅ​លលើ​ទីតាំង​ចាស់​ដោយ​សំណង់​នេះ​ មិន​អាច​អនុវត្ត​តទៅទៀត​បាន​នោះ​ទេ​”។

ក្រុមការងារ​ក្រសួង​ នឹង​បន្ត​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ទៅលើ​សំណង់​អគារ​មួយចំនួន​ទៀត​នៅ​ទូទាំង​ប្រទេស​ ដែល​សង្ស័យ​ថា​ មាន​ហានិភ័យ​ទៅ​ថ្ងៃមុខ​ ដើម្បី​ទប់ស្កាត់​នៅនឹង​កន្លែង​ ដើម្បី​បង្ការ​ហានិភ័យ​ជាថ្មី​ បន្ទាប់់​ពី​ការ​បាក់​រលំ​អាគារ​កំពស់៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ចុងខែ​មិថុនា​កន្លងមក​នេះ​ ដែល​បាន​ធ្វើឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​ថ្លែង​ថា​ ស្រប​ពេល​មានការ​រឹត​បន្តឹង​លើច្បាប់​សាងសង់​ និង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នានា​របស់​រដ្ឋាភិបាល​ ជា​ការ​រឹត​បន្តឹង​ សំដៅលើ​កកំពស់​សុវត្ថិភាព​ក្នុង​ការសាងសង់​ ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ “ការ​រឹត​បន្តឹង​បទបញ្ញត្តិ​នេះ​ ក៏​ជួយ​បង្កើន​ទំនុកចិត្ត​ និង​បង្កើន​ការ​ជឿជាក់​ពី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​បន្ថែម​ទៀត​មក​លើ​រដ្ឋាភិបាល​”។

សន្ទុះ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​ ដោយ​រាប់​ចាប់ពី​ឆ្នាំ២០០០​ ដល់​ឆ្នាំ២០១៩នេះ​ ដោយ​គិត​ត្រឹម​ខែឧសភា​ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ៤៥​,២៦៥គម្រោង​ ដែល​ប៉ាន់ស្មាន​ទុន​វិនិយោគ​គិតជា​ទឹកប្រាក់​ជាង៤៤​,៥៧៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here