ដោយៈ រ៉ាណេត
ភ្នំពេញៈ ភ្នាក់ងារអចលនទ្រព្យនៅពេលបច្ចុប្បន្ននេះ កំពុងតែកើតមានយ៉ាងស្អេកស្កះ និងកំពុងតែព្យាយាមប្រកួតប្រជែងគ្នាទៅតាមលទ្ធភាព និងជំនាញរបស់ខ្លួន ដើម្បីអាចទទួលបានចំណែកទីផ្សារ។
ត្រឹមតែការព្យាយាមដើម្បីចាប់យកអតិថិជន មិនគ្រប់គ្រាន់នោះទេ ដែលអ្នកជំនាញ មានបទពិសោធន៍ និងទទួលបានជោគជ័យនៅក្នុងវិស័យនេះបញ្ជាក់ថា វានៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ តែភ្នាក់ងារអចលនទ្រព្យ ត្រូវការចំណុចមួយចំនួនទៀតមកបំពេញបន្ថែម នោះគឺទំនុកចិត្ត និងភាពស្មោះត្រង់។
-->
អ្នកជំនាញអចលនទ្រព្យបានឱ្យដឹងថា ដើម្បីអាចទទួលបានទំនុកចិត្តពីអតិថិជន ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនអចលនទ្រព្យត្រូវផ្តល់សេវាកម្មផ្សេងៗ លើសពីការរំពឹងទុកទៅកាន់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ប្រឹក្សាយោបល់ និងមានភាពស្មោះត្រង់បំផុត ព្រមគ្នាជាមួយនឹងភាពរួសរាយរាក់ទាក់។
ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Century 21 Dream Property លោក គាម សៀកឡុង បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនអចលនទ្រព្យ ត្រូវផ្តល់សេវាជាកញ្ចប់ មានទាំងការរត់ឯកសារ លិខិតកក់ប្រាក់ កិច្ចសន្យាទិញ-លក់ និងមានទាំងប្រថាប់ត្រាពីសំណាក់មេធាវី ដើម្បីឱ្យអតិថិជនមានភាពកក់ក្តៅ និងការទិញលក់របស់គាត់មានសុវត្ថិភាព។
លោកបន្តថា“បើអតិថិជនបានទិញចលនទ្រព្យ តាមរយៈភ្នាក់ងាររបស់យើង យើងត្រូវធ្វើឱ្យមានភាពចំណេញដល់អតិថិជននោះ តាមរយៈការបង្ហាញអចលនទ្រព្យល្អនិងមានតម្លៃក្រោមទីផ្សារ”។ លោកបន្តថា “បើយើងធ្វើបានបែបនេះ ថ្ងៃក្រោយគាត់នឹងណែនាំអ្នកផ្សេងឱ្យមករកសេវាកម្មរបស់យើង”។
លោក គាម សៀកឡុង បានបន្តទៀតថា “នៅពេលអថិជនណែនាំបន្តគា្ន នោះមានន័យថា គេមានជំនឿចិត្តមកលើយើង ហើយទទួលបានផលច្រើន ប៉ុន្តែបើអតិថិជនដែលមិនដែលប្រើសេវាកម្មរបស់យើង ប្រាកដណាស់ថា គេមិនសូវទុកចិត្តខ្លំាងនោះទេ”។ លោកបានផ្តល់យោបល់បន្ថែមទៀតថា “ក្នុងនាមជាអ្នកផ្តល់សេវាកម្មលើវិស័យអចលនទ្រព្យ យើងត្រូវមានចំណេះដឹងឱ្យបានជ្រៅជ្រះ តាមរយៈបង្កើនចំណេះដឹងជាប្រចាំ កាអនុវត្តផ្ទាល់ និងដឹងពីតម្លៃទីផ្សារនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ហើយចំណេះដឹងទាំងអស់នេះ នឹងធ្វើឱ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើយើង”។
លោកបន្តថា បើយើងមានចំណេះដឹងទាបជាងពួកគាត់ នៅពេលដែលយើងនិយាយទៅអតិថិជន គាត់នឹងមិនទុកចិត្តយើងនោះទេ ជាពិសេសយើងត្រូវស្គាល់អថិជនជាគោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ ហើយយើងធ្វើការជាមួយអ្នកលក់ ឬអ្នកទិញផ្ទាល់។ បើមិនស្គាល់អតិថិជនរបស់ខ្លួនច្បាស់ទេ យើងនឹងបរាជ័យ តាមរយៈការធ្វើកិច្ចការមិនច្បាស់លាស់៕
[…] ប្រភព៖ Property Area […]