រដ្ឋាភិបាល​គ្រោង​ចំណាយ​ជិត​ ១៣ពាន់​លាន​ដុល្លារ​លើ​ផែនការ​អភិ​វឌ្ឈ​ន៍​រយៈពេល​បី​ឆ្នាំ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ នៅក្នុង​ផែនការ​ដែល​បាន​ដាក់ចេញ​ និង​ប្រកាស​ដោយ​ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងផែនការ​ បាន​បញ្ជាក់​ថា​ នៅក្នុង​ផែនការ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ ខាងមុខនេះ​ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជិត ១៣ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ទៅលើ​គម្រោង​ប្រមាណ​ជិត៦០០គម្រោង​។

ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងផែនការ​ លោក​ ឆាយ​ ថន​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ នៅក្នុង​ផែនការ​ ៣ឆ្នាំ​រំកិល​ ២០២០​–២០២២​ ថវិកា​សម្រាប់​គ្រោង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ទៅលើ​កម្មវិធី​វិនិយោគ​សាធារណៈ​ ដែល​ហៅ​កាត់​ថា​ ក.វ.ស​ គឺ​មាន​ចំនួន​ ១២,៧៨០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​គម្រោង​ចំនួន​ ៥៨៧​ គម្រោង​នៅ​ទូទាំង​ប្រទេស​។

មានប្រសាសន៍​នៅក្នុង​កម្មវិធី​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣ ឆ្នាំ​រំកិល​ ២០២០​–២០២២​ នា​ព្រឹក​ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ ឆាយ​ ថន​ ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងផែនការ​ បាន​លើកឡើង​ថា​ “សម្រាប់​ផែនការ​ ៣ឆ្នាំ​រំកិល​ ២០២០​–២០២២​ គឺ​មាន​គម្រោង​សរុប​ចំនួន​ ៥៨៧​គម្រោង​ ដែល​មាន​តម្រូវ​ថវិកា​សរុប​ចំនួន​ ១,២៧៨០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “នៅក្នុងចំណោម​គម្រោង​ទាំងនេះ​ បរិមាណ​ថវិកា​សម្រាប់​គម្រោង​កំពុង​ដំណើរការ​ចំនួន​ ១៥៣គម្រោង​ ដែល​មាន​តម្រូវការ​ថវិកា​ចំនួន​ ៤,៩០៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​គម្រោង​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (ផ.យ.អ.ជ​.) មាន​ចំនួន​ ៤៣៤​ គម្រោង​ ដែល​មាន​តម្រូវ​ថវិកា​ចំនួន​ ៧,៨៧៤​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​បរិមាណ​ថវិកា​ដែល​បាន​សន្យា​ផ្តល់​មាន​ចំនួន​ ៥,៦៣៦.៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ (ពី​រាជរដ្ឋាភិបាល​មាន​ចំនួន​ ៤៧៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ដៃគូ​អភិវឌ្ឍន៍​មាន​ចំនួន​ ៥,១៦៣.២​ លាន​ដុល្លារ​អាមេរិក​) និង​តម្រូវការ​ថវិកា​បន្ថែមចំនួន​ ៧,១៤៣.៧លាន​ដុល្លារ​សហរដ្ឋអាមេរិក​”។

លោក​បាន​បន្ថែម​ថា​ “ដើម្បី​ឱ្យ​កម្មវិធី​វិនិយោគ​សាធារណៈ​ (ក.វ.ស​) ៣ឆ្នាំ​រំកិល​ មានគុណ​ភាព​ពិតប្រាកដ​សម្រាប់​អនុវត្ត​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (ផ.យ.អ.ជ​.) ទាមទារ​នូវ​ការចូលរួម​របស់ក្រ​សួង​,ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ការរៀបចំ​ផ្តល់​ធាតុ​ចូល​ប្រកបដោយ​គុណភាព​សម្រាប់​ផ្ញើ​មក​ក្រសួងផែនការ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ស្របតាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា​ ការ​សហការ​ផ្តល់​ធាតុ​ចូល​សម្រាប់​ការរៀបចំ​ កម្មវិធី​វិនិយោគ​សាធារណៈ​ (ក.វ.ស​) ៣ឆ្នាំ​រំកិល​ ២០២០​–២០២២​ នេះ​ កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ​មុន​ៗ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here