ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ នៅក្នុងផែនការដែលបានដាក់ចេញ និងប្រកាសដោយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា នៅក្នុងផែនការ៣ឆ្នាំរំកិល ២០២០-២០២២ ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណជិត ១៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិទៅលើគម្រោងប្រមាណជិត៦០០គម្រោង។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន បានថ្លែងឱ្យដឹងថា នៅក្នុងផែនការ ៣ឆ្នាំរំកិល ២០២០–២០២២ ថវិកាសម្រាប់គ្រោងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ទៅលើកម្មវិធីវិនិយោគសាធារណៈ ដែលហៅកាត់ថា ក.វ.ស គឺមានចំនួន ១២,៧៨០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងចំនួន ៥៨៧ គម្រោងនៅទូទាំងប្រទេស។
-->
មានប្រសាសន៍នៅក្នុងកម្មវិធីបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២០–២០២២ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា “សម្រាប់ផែនការ ៣ឆ្នាំរំកិល ២០២០–២០២២ គឺមានគម្រោងសរុបចំនួន ៥៨៧គម្រោង ដែលមានតម្រូវថវិកាសរុបចំនួន ១,២៧៨០លានដុល្លារសហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍បញ្ជាក់ថា “នៅក្នុងចំណោមគម្រោងទាំងនេះ បរិមាណថវិកាសម្រាប់គម្រោងកំពុងដំណើរការចំនួន ១៥៣គម្រោង ដែលមានតម្រូវការថវិកាចំនួន ៤,៩០៦លានដុល្លារសហរដ្ឋអាមេរិក និងគម្រោងសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) មានចំនួន ៤៣៤ គម្រោង ដែលមានតម្រូវថវិកាចំនួន ៧,៨៧៤ លានដុល្លារសហរដ្ឋអាមេរិក និងបរិមាណថវិកាដែលបានសន្យាផ្តល់មានចំនួន ៥,៦៣៦.៣ លានដុល្លារសហរដ្ឋអាមេរិក (ពីរាជរដ្ឋាភិបាលមានចំនួន ៤៧៣ លានដុល្លារសហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍មានចំនួន ៥,១៦៣.២ លានដុល្លារអាមេរិក) និងតម្រូវការថវិកាបន្ថែមចំនួន ៧,១៤៣.៧លានដុល្លារសហរដ្ឋអាមេរិក”។
លោកបានបន្ថែមថា “ដើម្បីឱ្យកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល មានគុណភាពពិតប្រាកដសម្រាប់អនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ទាមទារនូវការចូលរួមរបស់ក្រសួង,ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផ្តល់ធាតុចូលប្រកបដោយគុណភាពសម្រាប់ផ្ញើមកក្រសួងផែនការ”។
លោកបានបន្តទៀតថា “ស្របតាមការពិនិត្យជាក់ស្តែងឃើញថា ការសហការផ្តល់ធាតុចូលសម្រាប់ការរៀបចំ កម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល ២០២០–២០២២ នេះ កាន់តែមានភាពប្រសើរឡើងបើធ្វើការប្រៀបធៀបជាមួយនឹងឆ្នាំមុនៗ ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ផងដែរ”៕