រដ្ឋាភិបាល​ឡាវ​ចាត់វិធានការ​ក្តៅ​លើ​ក្រុមហ៊ុន​បរទេស​ដែល​គ្មាន​អាជ្ញាប័ណ្ណ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​ឡាវ​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​របស់​ខ្លួន​បាន​ចេញ​វិធានការ​ក្តៅ​ចំពោះ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បរទេស​ទាំងឡាយ​ណា​ដែល​កំពុង​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ និង​ច្បាប់​ត្រឹមត្រូវ​។

យោង​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ រាល់​គម្រោង​អាជីវកម្ម​របស់​ជនបរទេស​ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​ការចុះបញ្ជី​ត្រឹមត្រូវ​ និង​អាជ្ញាប័ណ្ណ​ នឹង​ត្រូវពិន័យជាប្រាក់​ចំនួន​ ១0លាន​ឡាវ​ ស្មើ​ប្រហែល​ ១១៥៣ដុល្លារ​អាមេរិក​ និង​អាច​ឈាន​ទៅ​ផ្អាក​ដំណើរ​អាជីវកម្ម​ទាំងស្រុង​។

សេចក្តី​ណែនាំ​នេះ​បន្ត​ថា​ រាល់​ម្ចាស់​គម្រោង​អាជីវកម្ម​ត្រូវ​បាន​តម្រូវ​ឱ្យទៅ​ចុះបញ្ជី​សហគ្រាស​ និង​ដាក់ពាក្យសុំ​អាជ្ញាប័ណ្ណ​ធ្វើអាជីវកម្ម​ក្នុងរយៈពេល​ ៩០ថ្ងៃ​ ហើយ​បន្ទាប់មក​ ទើប​អាច​បន្ត​ប្រតិបត្តិ​ការ​ឡើងវិញ​បាន​។ សេចក្តី​ណែនាំ​នេះ​បន្ត​ថា​ ចំពោះ​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ណា​មិនបាន​គោរព​តាម​សេចក្តី​ណែនាំ​នេះ​ នឹង​ត្រូវពិន័យជាប្រាក់​ និង​បិត​អាជីវកម្ម​ចោល​ទាំងស្រុង​ រួច​បញ្ជូន​សំណុំ​ឯក​ទៅ​ក្រសួង​-ស្ថាប័ន​មានសមត្ថកិច្ច​ ចាប់​វិធានការ​តាមផ្លូវ​ច្បាប់​ និង​អាច​បណ្តេញ​ចេញ​នូវ​ម្ចាស់​អាជីវកម្ម​ជា​ជនបរទេស​ទាំងអស់​ទៅ​ប្រទេស​ដើមកំណើត​ខ្លួន​វិញ​។

ជាមួយគ្នា​នេះ​ សម្រាប់​ជនបរទេស​ដែល​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់​អ្នក​ទៃ​ក្នុង​ការ​ធ្វើអាជីវកម្ម​ក៏​នឹង​ត្រូវ​អនុវត្ត​ដូចគ្នា​ដែរ​។

កាសែត​ Daily​ Vientiane​ Times​ បាន​រាយការណ៍​នៅ​ថ្ងៃសុក្រ​នេះ​ថា​ រដ្ឋាភិបាល​ឡាវ​មាន​វិធានការ​ក្តៅ​បែបនេះ​ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ជា​ញឹកញាប់​ថា​មាន​ជនបរទេស​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ឡាវ​តាមរយៈ​ទិដ្ឋាការ​ទេសចរណ៍​ និង​ធ្វើអាជីវកម្ម​ខុសច្បាប់​ជាច្រើន​។

ក្រសួង​បាន​ព្រមាន​ថា​ ជនបរទេស​ដែល​កំពុង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ក្រៅពី​ដែន​កំណត់​នៃ​អាជ្ញាប័ណ្ណ​ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​ បើមិនដូច្នោះទេ​នឹង​ត្រូវពិន័យជាប្រាក់​ចំនួន​ ៣ លាន​លុយ​ឡាវ​ស្មើនឹង​ប្រហែល​ ៣៤៦​ ដុល្លារ​អាមេរិក​ ។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​លើក​ទីពីរ​ដង​ឡើង​ទៅ​នឹង​ត្រូវពិន័យជាប្រាក់​បន្ថែម​ ៥ លាន​លុយ​ឡាវ​ ស្មើ​ប្រហែល​ ៥៧៦​ ដុល្លារ​អាមេរិក​។

អ្នក​ដែល​ចង់​ដំណើរការ​អាជីវកម្ម​ក្រៅពីនោះ​ ត្រូវ​មានការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ដោយ​ផ្ទាល់​បន្ថែម​ទៀត​ ។ទោះជាយ៉ាងណា​ក៏ដោយ​ជនបរទេស​អាច​ដាក់ពាក្យសុំ​ធ្វើអាជីវកម្ម​ស្របច្បាប់​ក្នុងករណី​អាជីវកម្ម​របស់​ខ្លួន​ស្ថិតនៅ​ក្នុង​បញ្ជី​អាជីវកម្ម​ដែល​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​ជនបរទេស​នៅក្នុង​ប្រទេស​ឡាវ​។

អ្នក​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​ដែល​ទុក​សម្រាប់​ប្រជាជន​ឡាវ​នឹង​ត្រូវ​បាន​និរទេស​។អាជ្ញាធរ​ក៏បាន​ព្រមាន​ដល់​អ្នក​ដែល​ផ្តល់​ទីតាំង​ទៅ​ឱ្យ​ជនបរទេស​ដើម្បី​ធ្វើអាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត​ក៏​នឹង​ត្រូវ​ដាក់ទណ្ឌកម្ម​តាមច្បាប់​ផង​ដែរ​។

ក្រសួង​ក៏បាន​ជំរុញ​ឱ្យ​មន្ទីរ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ខេ​ត្ដ​ធ្វើការ​ជាបន្ទាន់​ជាមួយ​ការិយាល័យ​ស្រុក​ដើម្បី​ចុះ​ពិនិត្យ​ និង​អនុវត្ត​សេចក្តី​ណែនាំ​ទាំងនេះ​ឱ្យ​បាន​ច្បាស់លាស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here