ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលឡាវ តាមរយៈក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ខ្លួនបានចេញវិធានការក្តៅចំពោះអាជីវកម្មរបស់ក្រុមហ៊ុនបរទេសទាំងឡាយណាដែលកំពុងប្រតិបត្តិការក្នុងប្រទេសដែលគ្មានអាជ្ញាប័ណ្ណ និងច្បាប់ត្រឹមត្រូវ។
យោងតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា រាល់គម្រោងអាជីវកម្មរបស់ជនបរទេសដែលកំពុងដំណើរការដោយគ្មានការចុះបញ្ជីត្រឹមត្រូវ និងអាជ្ញាប័ណ្ណ នឹងត្រូវពិន័យជាប្រាក់ចំនួន ១0លានឡាវ ស្មើប្រហែល ១១៥៣ដុល្លារអាមេរិក និងអាចឈានទៅផ្អាកដំណើរអាជីវកម្មទាំងស្រុង។
-->
សេចក្តីណែនាំនេះបន្តថា រាល់ម្ចាស់គម្រោងអាជីវកម្មត្រូវបានតម្រូវឱ្យទៅចុះបញ្ជីសហគ្រាស និងដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងរយៈពេល ៩០ថ្ងៃ ហើយបន្ទាប់មក ទើបអាចបន្តប្រតិបត្តិការឡើងវិញបាន។ សេចក្តីណែនាំនេះបន្តថា ចំពោះម្ចាស់អាជីវកម្មទាំងឡាយណាមិនបានគោរពតាមសេចក្តីណែនាំនេះ នឹងត្រូវពិន័យជាប្រាក់ និងបិតអាជីវកម្មចោលទាំងស្រុង រួចបញ្ជូនសំណុំឯកទៅក្រសួង-ស្ថាប័នមានសមត្ថកិច្ច ចាប់វិធានការតាមផ្លូវច្បាប់ និងអាចបណ្តេញចេញនូវម្ចាស់អាជីវកម្មជាជនបរទេសទាំងអស់ទៅប្រទេសដើមកំណើតខ្លួនវិញ។
ជាមួយគ្នានេះ សម្រាប់ជនបរទេសដែលប្រើប្រាស់អាជ្ញាប័ណ្ណរបស់អ្នកទៃក្នុងការធ្វើអាជីវកម្មក៏នឹងត្រូវអនុវត្តដូចគ្នាដែរ។
កាសែត Daily Vientiane Times បានរាយការណ៍នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលឡាវមានវិធានការក្តៅបែបនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាញឹកញាប់ថាមានជនបរទេសបានចូលទៅក្នុងប្រទេសឡាវតាមរយៈទិដ្ឋាការទេសចរណ៍ និងធ្វើអាជីវកម្មខុសច្បាប់ជាច្រើន។
ក្រសួងបានព្រមានថា ជនបរទេសដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួនក្រៅពីដែនកំណត់នៃអាជ្ញាប័ណ្ណ ត្រូវតែបញ្ឈប់ជាបន្ទាន់ បើមិនដូច្នោះទេនឹងត្រូវពិន័យជាប្រាក់ចំនួន ៣ លានលុយឡាវស្មើនឹងប្រហែល ៣៤៦ ដុល្លារអាមេរិក ។ ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសលើកទីពីរដងឡើងទៅនឹងត្រូវពិន័យជាប្រាក់បន្ថែម ៥ លានលុយឡាវ ស្មើប្រហែល ៥៧៦ ដុល្លារអាមេរិក។
អ្នកដែលចង់ដំណើរការអាជីវកម្មក្រៅពីនោះ ត្រូវមានការស្នើសុំអាជ្ញាប័ណ្ណដោយផ្ទាល់បន្ថែមទៀត ។ទោះជាយ៉ាងណាក៏ដោយជនបរទេសអាចដាក់ពាក្យសុំធ្វើអាជីវកម្មស្របច្បាប់ក្នុងករណីអាជីវកម្មរបស់ខ្លួនស្ថិតនៅក្នុងបញ្ជីអាជីវកម្មដែលត្រូវបានអនុញ្ញាតសម្រាប់ជនបរទេសនៅក្នុងប្រទេសឡាវ។
អ្នកដែលជាប់ពាក់ព័ន្ធក្នុងអាជីវកម្មដែលទុកសម្រាប់ប្រជាជនឡាវនឹងត្រូវបាននិរទេស។អាជ្ញាធរក៏បានព្រមានដល់អ្នកដែលផ្តល់ទីតាំងទៅឱ្យជនបរទេសដើម្បីធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាតក៏នឹងត្រូវដាក់ទណ្ឌកម្មតាមច្បាប់ផងដែរ។
ក្រសួងក៏បានជំរុញឱ្យមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ដធ្វើការជាបន្ទាន់ជាមួយការិយាល័យស្រុកដើម្បីចុះពិនិត្យ និងអនុវត្តសេចក្តីណែនាំទាំងនេះឱ្យបានច្បាស់លាស់៕