ទីផ្សារ​មូលប័ត្រ​កម្ពុជា​កំពុង​ពង្រីក​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​ខ្លួន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អគ្គនាយក​នៃ​គណៈ​កម្មា​ការ​មូលបត្រ​កម្ពុជា​ (គ.ម.ក​.)ទីផ្សារ​មូលបត្រ​នា​ពេល​បច្ចុប្បន្ន​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​និង​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​នេះ​នា​ពេល​អនាគត​ជូន​ដល់​វិនិយោគិន​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​ពិធី​ទទួល​បាន​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​របស់​ក្រុមហ៊ុន Cambodian​ Investors​ Capital​ Partners​ Plc.កាលពី​ថ្ងៃ​ ៤ម្សិលមិញ​នេះ​ លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (គ.ម.ក​.) បានឱ្យ​ដឹង​ថា​ពិធី​ទទួល​បាន​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នា​ថ្ងៃនេះ​ ជា​សក្ខីភាព​មួយ​នៃ​ការ​ត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា​ក្នុង​ការបង្កើត​ទីផ្សារ​គម្រោង​វិនិយោគ​រួម​ បន្ទាប់ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ទីផ្សារ​មូលបត្រ​កម្មសិទ្ធិ​ក្នុង​ឆ្នាំ​ ២០១២​ ទីផ្សារ​ឧប​ករណ៍​និ​ស្សន្ទ​ក្នុង​ឆ្នាំ​ ២០១៦​ និង​ទីផ្សារ​មូលបត្រ​បំណុល​នា​ចុងឆ្នាំ​ ២០១៨​។

លោក​បន្ត​ថា​ អត្ថិភាព​នៃ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នេះ​ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កៀរគរ​មូលធន​ ក៏ដូចជា​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​មួយទៀត​ ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ ដែល​នឹងជា​បច្ច័យ​មួយ​ថ្មី​ ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ទីផ្សារសេរី​ ដើម្បី​ឱ្យ​ការបែងចែក​ធនធាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន ប្រសិទ្ធភាព​ខ្ពស់​។

លោក​ សុខ​ ដារ៉ា​ អគ្គនាយករង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ធ្លាប់​មានប្រសាសន៍​កន្លងមក​នេះ​ថា​ ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ​ គឺជា​កម្មវត្ថុ​ យុទ្ធសាស្ត្រ​មួយ​ នៃ​វិស័យ​ហិរញ្ញវត្ថុ​ ដែល​ទទួល​បានការ​យកចិត្ត​ទុកដាក់​ ខ្ពស់​ពី​រាជរដ្ឋាភិបាល​ ដោយមាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦​-២០២៥​។

លោក​បន្ត​ថា​ ជាក់ស្តែង​បច្ចុប្បន្ន​ ពាណិជ្ជករ​ និង​វិនិយោគិន​មានការ​យល់ដឹង​ពី​ការ​ ជួញដូរ​ មូលបត្រ​មានកម្រិត​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​ ដែល​នេះ​ ទល​ហី​ករណ៍​ជំរុញ​ឱ្យ​មានការ​ខិតខំ​បន្ថែម​ទៀត​ លើ​ការ​បញ្ជ្រាប​ ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ទីផ្សារ​មូលបត្រ​ ឲ្យបាន​ទូលំទូលាយ​ សុក្រឹតភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ដែល​អាច​ជួយ​ឲ្យ​សាធារណជន​ ក៏ដូចជា​វិ​និ​យោ​គគិន​ អាច​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ ឬជួយ​ដូរ​មូលបត្រ​ ប្រកបដោយ​ភាព​ជឿជាក់​និង​មានទំនុក​ចិត្ត​ចំពោះ​ទីផ្សារ​ មូលបត្រ​នៅ​កម្ពុជា​ ហើយក៏​ជាផ្នែក​មួយ​ជួយ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here