ដោយ វុត្ថា
ភ្នំពេញ៖ អគ្គនាយកនៃគណៈកម្មាការមូលបត្រកម្ពុជា (គ.ម.ក.)ទីផ្សារមូលបត្រនាពេលបច្ចុប្បន្នមានកំណើនយ៉ាងឆាប់រហ័សនិងចក្ខុវិស័យដ៏ច្បាស់លាស់ក្នុងការអភិវឌ្ឍទីផ្សារនេះនាពេលអនាគតជូនដល់វិនិយោគិននៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុន Cambodian Investors Capital Partners Plc.កាលពីថ្ងៃ ៤ម្សិលមិញនេះ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានឱ្យដឹងថាពិធីទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិនាថ្ងៃនេះ ជាសក្ខីភាពមួយនៃការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការបង្កើតទីផ្សារគម្រោងវិនិយោគរួម បន្ទាប់ពីការដាក់ឱ្យដំណើរការទីផ្សារមូលបត្រកម្មសិទ្ធិក្នុងឆ្នាំ ២០១២ ទីផ្សារឧបករណ៍និស្សន្ទក្នុងឆ្នាំ ២០១៦ និងទីផ្សារមូលបត្របំណុលនាចុងឆ្នាំ ២០១៨។
-->
លោកបន្តថា អត្ថិភាពនៃទីផ្សារគម្រោងវិនិយោគរួមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរមូលធន ក៏ដូចជាយន្តការផ្តល់ហិរញ្ញប្បទានថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដែលនឹងជាបច្ច័យមួយថ្មី ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីឱ្យការបែងចែកធនធានហិរញ្ញវត្ថុប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចកម្ពុជាកាន់តែមាន ប្រសិទ្ធភាពខ្ពស់។
លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា ធ្លាប់មានប្រសាសន៍កន្លងមកនេះថា ការអភិវឌ្ឍវិស័យមូលបត្រ គឺជាកម្មវត្ថុ យុទ្ធសាស្ត្រមួយ នៃវិស័យហិរញ្ញវត្ថុ ដែលទទួលបានការយកចិត្តទុកដាក់ ខ្ពស់ពីរាជរដ្ឋាភិបាល ដោយមានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥។
លោកបន្តថា ជាក់ស្តែងបច្ចុប្បន្ន ពាណិជ្ជករ និងវិនិយោគិនមានការយល់ដឹងពីការ ជួញដូរ មូលបត្រមានកម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ ដែលនេះ ទលហីករណ៍ជំរុញឱ្យមានការខិតខំបន្ថែមទៀត លើការបញ្ជ្រាប ចំណេះដឹងពាក់ព័ន្ធនឹងទីផ្សារមូលបត្រ ឲ្យបានទូលំទូលាយ សុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់ ដែលអាចជួយឲ្យសាធារណជន ក៏ដូចជាវិនិយោគគិន អាចធ្វើការសម្រេចចិត្តវិនិយោគ ឬជួយដូរមូលបត្រ ប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តចំពោះទីផ្សារ មូលបត្រនៅកម្ពុជា ហើយក៏ជាផ្នែកមួយជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕