ដោយ Donald Lee
ហូជីមិញ៖ ទីក្រុងធំៗពីរនៅវៀតណាមកំពុងប្រឈមនឹងកង្វះខាតលំនៅដ្ឋាន បន្ទាប់ពីមន្រ្តីផែនការរដ្ឋាភិបាលបានរឹតបន្តឹងការអនុម័តគម្រោងអគារខុនដូរហូតដល់ឆ្នាំ ២០២០ ហើយទាមទារឲ្យអ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវមានការអនុញ្ញាតសាងសង់សំណង់ មុនពេលចាប់ផ្តើមការលក់។
យោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ Jones Lang LaSalle (JLL) បានឲ្យដឹងថា ការរឹតបន្តឹងនេះបានបង្កឲ្យមានកង្វះខាតលំនៅដ្ឋាននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ខណៈតម្រូវការកើនឡើង។
-->
របាយការណ៍នេះបានបញ្ជាក់ថា មានតែលំនៅដ្ឋានចំនួន ៤,១០០ ប៉ុណ្ណោះដែលអាចរកបាននៅទីក្រុងហូជីមិញនៅឆ្នាំនេះដែលធ្វើឲ្យមានកង្វះខាតលំនៅដ្ឋានក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
របាយការណ៍របស់ភ្នាក់ងារ JLL ព្យាករណ៍ថា ការធ្លាក់ចុះការផ្គត់ផ្គង់ខុនដូ នឹងមានពី ១៨,០០០ ទៅ ២៨,០០០ យូនីតដែលជាកង្វះខាតយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុន។ ការថយចុះនៃការផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការបានធ្វើឲ្យតម្លៃខុនដូនៅក្នុងទីក្រុងហូជីមិញមានការកើនឡើង។
តម្លៃជាមធ្យមសម្រាប់ខុនដូបានកើនឡើងជាង ២០ ភាគរយស្មើនឹង ២,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំនេះ។ តម្លៃសម្រាប់ខុនដូប្រណីតបានកើនឡើងជាង ៥០ភាគរយជាមធ្យមស្មើនឹង ៤,៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Vietnam បានឲ្យដឹងថា ការទិញលក់អចលនទ្រព្យនៅទីក្រុងហូជីមិញបានធ្លាក់ចុះជិត ៥០ភាគរយ នៅត្រីមាសដំបូងឆ្នាំ ២០១៩ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ក្រុមហ៊ុន CBRE បានកត់សម្គាល់ថា ការថយចុះនៃការទិញលក់ ភាគច្រើនគឺដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍មិនអាចបំពេញតាមលក្ខខណ្ឌនិយ័តកម្ម និងទាមទារពេលវេលាច្រើនក្នុងការទទួលបានការអនុម័តពីអាជ្ញាធរមូលដ្ឋាន៕