តើ​កម្ពុជា​បាន​កែទម្រង់​ផ្ទៃក្នុង​ដូចម្តេច​ដើម្បី​ឆ្លើយតប​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​?

1

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​មានប្រសាសន៍​ជាថ្មី​ថា​ កម្ពុជា​បាន​កែទម្រង់​ផ្ទៃក្នុង​ជាច្រើន​ ដែល​បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ឲ្យ​ទទួល​បាន​នូវ​ប្រាក់ចំណេញ​កាន់​ច្រើន​ពី​ការ​វិនិយោគ​ ដើម្បី​រក្សា​ការ​វិនិយោគទុន​ក្នុង​ស្រុក​ និង​ដើម្បី​ទប់ទល់​ក្នុង​គ្រាដែល​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA​) ពី​សហភាព​អឺរ៉ុប​ ដោយ​ប្រការ​ណាមួយ​នោះ​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​ដូច្នេះ​កាលពី​ចុង​សប្តាហ៍​មុន​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ក្នុង​ឳកាស​អញ្ជើញ​ជួប​សំណេះសំណាល​ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ មក​ពី​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​សហ​គម​ន៍​អ៊ឺ​រ៉ុប​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។

ចំពោះ​ស្ថានភាព ​EBA​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​មានប្រសាសន៍​ថា​ “ដើម្បី​រក្សា​ការ​វិនិយោគ​ក្នុង​ស្រុក​ និង​ដើម្បី​ទប់ទល់​ក្នុង​គ្រាដែល​កម្ពុជា​ ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA​) ពី​សហភាព​អឺរ៉ុប​ ដោយ​ប្រការ​ណាមួយ​នោះ​ កម្ពុជា​បាន​កែទម្រង់​ផ្ទៃក្នុង​ជាច្រើន​ ដែល​បាន​លើកទឹកចិត្ត​ដល់​អ្នក​វិ​និ​យោ​គគិន​ អោយ​ទទួល​បាន​នូវ​ប្រាក់ចំណេញ​កាន់​ច្រើន​ពី​ការ​វិនិយោគ​”។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា​ នៅក្នុង​កំណែទម្រង់​មួយចំនួន​នោះ​មាន​ដូចជា​ ការ​កែសម្រួល​ស្ថាប័ន​គយ​ ការ​ដក​កាំកុងត្រូល​ចេញពី​តាម​ច្រក​ ព្រំដែន​ និង​ការលុបចោល​នូវ​ភ្នាក់ងារ​ កម្ពុជា​នាវាចរ​ (កាត់​ថា​កាំសាប​) ជាដើម​។ បន្ថែម​លើ​នេះ​ ក៏​ មានការ​កាត់បន្ថយ​ការ​ស្កេន​ (Scan​) ទំនិញ​ តាម​ទូ​កុងតឺន័រ​ដែល​ត្រូវ​ដឹក​ចេញ​ឬនាំចូល​ ជាពិសេស​ ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​ និង​ស្បែកជើង​ ការកាត់បន្ថយ​ថ្លៃ​សេវា​លើកដាក់​នៅ​តាម​កំពង់ផែ​ ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​ និង​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​ជាដើម​។

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ និង​ត្រៀមខ្លួន​ទុកជាមុន​លើ​ការ​ព្យួរ​ EBA​ និង​អត្រាកំណើន​ផលទុនជាតិ​សរុប​ (GDP​) អាច​ធ្លាក់ចុះ​ជិត១ភាគរយ​ ដោយ​យោង​តាម​សារាចរណែនាំ​ស្តី​ពី​ ការរៀបចំ​ផែនការ​យុទ្ធ​សាស្រ្ត​ថវិកាជាតិ​ឆ្នាំ២០២០​-២០២២​ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​តជោ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ កាលពី​ខែមេសា​។

កម្ពុជា​បាន​អនុម័ត​កម្មវិធី​លើកទឹកចិត្ត​ ដល់​ក្រុមហ៊ុន​ឯកជន​នានា​ ដើម្បី​ទូទាត់​ការខាតបង់​ ដែល​នឹងអាច​កើតឡើង​នៅពេល​ ដែល​គម្រោង​លើកលែង​ពន្ធ​ទៅ​ទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​បាត់បង់​ដោយ​ប្រការ​ណាមួយ​នោះ​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក​សុខ​ សុ​ភ័ក្ដ្រ​ បាន​មានប្រសាសន៍​ថា​ “យើង​នឹង​ធ្វើ​កំណែទម្រង់​ ដែល​នឹង​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិ​ការ​ សម្រាប់​អ្នកនាំ​ចេញ​ដែល​មានតម្លៃ​ជិត​ ២០០លាន​ដុល្លារ​”។ លោក​បន្ថែម​ថា​ “ការកែទម្រង់​នឹង​មិន​ត្រឹមតែ​ផ្តល់​សមត្ថភាព​ដល់​អ្នកនាំ​ចេញ​ ដើម្បី​ប្រកួតប្រជែង​ក្នុងករណីនៃ​ការ​ព្យួរ​នោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ជួយ​បង្កើន​ការប្រកួត​ប្រជែង​សម្រាប់​ទំនិញ​កម្ពុជា​ផង​ដែរ​”។

យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​វិស័យ​ឧស្សាហកម្ម​បាន​ឲ្យដឹង​ថា​ វិស័យ​ចម្បង​ដែល​នឹង​ត្រូវ​ប៉ះពាល់​ដោយ​ការ​ដកប្រាក់​ EBA​ គឺ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​។

លោ​កវ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) បាន​ថ្លែង​ថា​ “វិស័យ​ដែល​នឹង​ទទួលរង​ផល​ប៉ះពាល់​ច្រើន​បំផុត​ គឺ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​ ដោយសារ​បរិមាណ​នាំចេញ​មា​ទឹក​ប្រាកប្រហែល៥ពាន់​លាន​ដុល្លារ​”។

សហភាព​អឺរ៉ុប​នៅតែ​ជា​ទិសដៅ​នាំចេញ​ដ៏​សំខាន់​របស់​កម្ពុជា​ ដែល​មាន​ប្រមាណ​ ៤០ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​សរុប​។ ការនាំចេញ​ទាំងនេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​កើនឡើង​ប្រមាណ២២៧ភាគរយ​នៅចន្លោះ​ឆ្នាំ២០១១​ និង២០១៦​ ហើយ​មាន​ទំហំ​ទឹកប្រាក់​ឈាន​ ដល់​ជាង៥ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

វិស័យ​វាយនភ័ណ្ឌ​របស់​កម្ពុជា​បាន​នាំចេញ៤៦ភាគរយ​ នៃ​ផលិតផល​វាយនភ័ណ្ឌ​សរុប​របស់​ខ្លួន​ទៅកាន់​ទ្វីបអឺរ៉ុប​ និង​នាំទៅ​សហរដ្ឋអាមេរិក២៤ភាគរយ​ជប៉ុន​មាន១៦ភាគរយ​ និង​កាណាដា៩ភាគរយ​។

ក្រុម​អ្នកវិភាគ​អះអាង​ថា​ ទោះបីជា​ការ​ដក​ EBA​ នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុងរយៈពេល​ខ្លី​ក៏ដោយ​ ក៏​ការ​វិនិយោគ​បរទេស​នឹង​កើនឡើង​ និង​ការ​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ផលិតកម្ម​ពី​ប្រទេស​ចិន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដូចជា​ កម្ពុជា​ជាដើម​ នឹង​ធ្វើឲ្យ​កម្ពុជា​កា្លយ​ជា​ប្រទេស​ ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here