ដោយ ម៉ាណេត
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ជាថ្មីថា កម្ពុជាបានកែទម្រង់ផ្ទៃក្នុងជាច្រើន ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគ ឲ្យទទួលបាននូវប្រាក់ចំណេញកាន់ច្រើនពីការវិនិយោគ ដើម្បីរក្សាការវិនិយោគទុនក្នុងស្រុក និងដើម្បីទប់ទល់ក្នុងគ្រាដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប ដោយប្រការណាមួយនោះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះកាលពីចុងសប្តាហ៍មុន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសក្នុងឳកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ មកពីបណ្ដាប្រទេសមួយចំនួនក្នុងសហគមន៍អ៊ឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
-->
ចំពោះស្ថានភាព EBA សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “ដើម្បីរក្សាការវិនិយោគក្នុងស្រុក និងដើម្បីទប់ទល់ក្នុងគ្រាដែលកម្ពុជា ត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប ដោយប្រការណាមួយនោះ កម្ពុជាបានកែទម្រង់ផ្ទៃក្នុងជាច្រើន ដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគគិន អោយទទួលបាននូវប្រាក់ចំណេញកាន់ច្រើនពីការវិនិយោគ”។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា នៅក្នុងកំណែទម្រង់មួយចំនួននោះមានដូចជា ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូលចេញពីតាមច្រក ព្រំដែន និងការលុបចោលនូវភ្នាក់ងារ កម្ពុជានាវាចរ (កាត់ថាកាំសាប) ជាដើម។ បន្ថែមលើនេះ ក៏ មានការកាត់បន្ថយការស្កេន (Scan) ទំនិញ តាមទូកុងតឺន័រដែលត្រូវដឹកចេញឬនាំចូល ជាពិសេស ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ការកាត់បន្ថយថ្លៃសេវាលើកដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងការកាត់បន្ថយថ្លៃអគ្គិសនីជាដើម។
រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ និងត្រៀមខ្លួនទុកជាមុនលើការព្យួរ EBA និងអត្រាកំណើនផលទុនជាតិសរុប (GDP) អាចធ្លាក់ចុះជិត១ភាគរយ ដោយយោងតាមសារាចរណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាជាតិឆ្នាំ២០២០-២០២២ ដែលបានចុះហត្ថលេខាដោយសម្តេចតជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមេសា។
កម្ពុជាបានអនុម័តកម្មវិធីលើកទឹកចិត្ត ដល់ក្រុមហ៊ុនឯកជននានា ដើម្បីទូទាត់ការខាតបង់ ដែលនឹងអាចកើតឡើងនៅពេល ដែលគម្រោងលើកលែងពន្ធទៅទីផ្សារអឺរ៉ុបត្រូវបានបាត់បង់ដោយប្រការណាមួយនោះ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្ដ្រ បានមានប្រសាសន៍ថា “យើងនឹងធ្វើកំណែទម្រង់ ដែលនឹងកាត់បន្ថយចំណាយប្រតិបត្តិការ សម្រាប់អ្នកនាំចេញដែលមានតម្លៃជិត ២០០លានដុល្លារ”។ លោកបន្ថែមថា “ការកែទម្រង់នឹងមិនត្រឹមតែផ្តល់សមត្ថភាពដល់អ្នកនាំចេញ ដើម្បីប្រកួតប្រជែងក្នុងករណីនៃការព្យួរនោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការប្រកួតប្រជែងសម្រាប់ទំនិញកម្ពុជាផងដែរ”។
យោងតាមក្រុមអ្នកស្រាវជ្រាវវិស័យឧស្សាហកម្មបានឲ្យដឹងថា វិស័យចម្បងដែលនឹងត្រូវប៉ះពាល់ដោយការដកប្រាក់ EBA គឺវិស័យកាត់ដេរ និងស្បែកជើង។
លោកវ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងថា “វិស័យដែលនឹងទទួលរងផលប៉ះពាល់ច្រើនបំផុត គឺវិស័យកាត់ដេរ និងស្បែកជើង ដោយសារបរិមាណនាំចេញមាទឹកប្រាកប្រហែល៥ពាន់លានដុល្លារ”។
សហភាពអឺរ៉ុបនៅតែជាទិសដៅនាំចេញដ៏សំខាន់របស់កម្ពុជា ដែលមានប្រមាណ ៤០ភាគរយនៃការនាំចេញរបស់កម្ពុជាសរុប។ ការនាំចេញទាំងនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកើនឡើងប្រមាណ២២៧ភាគរយនៅចន្លោះឆ្នាំ២០១១ និង២០១៦ ហើយមានទំហំទឹកប្រាក់ឈាន ដល់ជាង៥ពាន់លានដុល្លារកាលពីឆ្នាំមុន។
វិស័យវាយនភ័ណ្ឌរបស់កម្ពុជាបាននាំចេញ៤៦ភាគរយ នៃផលិតផលវាយនភ័ណ្ឌសរុបរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប និងនាំទៅសហរដ្ឋអាមេរិក២៤ភាគរយជប៉ុនមាន១៦ភាគរយ និងកាណាដា៩ភាគរយ។
ក្រុមអ្នកវិភាគអះអាងថា ទោះបីជាការដក EBA នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលខ្លីក៏ដោយ ក៏ការវិនិយោគបរទេសនឹងកើនឡើង និងការផ្លាស់ប្តូរក្រុមហ៊ុនផលិតកម្មពីប្រទេសចិន ទៅកាន់បណ្តាប្រទេសអាស៊ាន ដូចជា កម្ពុជាជាដើម នឹងធ្វើឲ្យកម្ពុជាកា្លយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕
[…] ប្រភព៖ Property Area […]