ដោយៈ រ៉ាណេត
កណ្តាលៈ ជាមួយនឹងសកម្មភាពនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យអចលនទ្រព្យ ស្របពេលដែលប្លង់មេរបស់ថ្នាក់ខេត្តត្រូវបានរៀបចំ និងចុះហត្ថលេខាសម្រេចរួចរាល់នោះ តំបន់ជ្រៃធំបាននិងកំពុងបង្ហាញសក្តានុពល ខណៈតំបន់់នេះនឹងក្លាយជាទីក្រុងកាស៊ីណូថ្មីមួយទៀត នៃតំបន់ស្ថិតនៅតាមតំបន់ព្រំដែនកម្ពុជា វៀតណាម។

-->
លោកបណ្ឌិត វ៉ាន់ វ៉ាត ដែលជាអ្នកឯកទេសផ្នែកនគរូបនីយកម្ម រៀបចំប្លង់គោលក្រុងតាខ្មៅ និងបណ្តាស្រុកនានាទូទាំងខេត្តកណ្តាល បានមានប្រសាសន៍ឱ្យដឹងនារសៀលថ្ងៃទី៨ កក្កដានេះថា ប្លង់គោលប្រើប្រាស់ដីធ្លីនៅក្នុងស្រុកកោះធំ ជាពិសេសតំបន់ជ្រៃធំតែម្ដង ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងកិច្ចធានាធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិរន្តរភាព។
លោកបានបញ្ជាក់ថា “ប្លង់គោលអភិវឌ្ឍន៍និមួយៗ ពិតជាមានសារៈសំខាន់ណាស់ ព្រោះប្លង់គោលបានកំណត់និយាមការណ៍ទំហំផ្លូវ ដើម្បីកំណត់ពីផែនការប្រើប្រាស់ដីធ្លីនៅក្នុងសំដៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព”។
លោកបណ្ឌិតបានបន្តទៀតថា តាមប្លង់គោល តំបន់ច្រកជ្រៃធំត្រូវបានបែកចែកជាតំបន់ប្រើប្រាស់ដីផ្សេងៗ ដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់ ដើម្បីមានសោភ័ណភាព និងរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ឱ្យបានប្រសើរ។ ក្រៅពីបង្កើតជាច្រកទ្វារអន្តរជាតិ បង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើដល់វិស័យដឹកជញ្ជូន ធ្វើជាឃ្លាំងរក្សាទុកទំនិញ ក៏ដូចជាទីកន្លែងផ្លាស់ប្ដូរទំនិញ រវាង កម្ពុជា វៀតណាម វាក៏ត្រូវបានបែងចែកជាតំបន់លំនៅដ្ឋាន និងជាមណ្ឌលកម្សាន្តផងដែរ។ លោកបានបន្តទៀតថា នៅក្នុងតំបន់ដែលនឹងត្រូវអភិវឌ្ឍជាតំបន់កម្សាន្ត ឬជាមជ្ឈមណ្ឌលកម្សាន្តចំរុះ រួមមានតំបន់កាស៊ីណូ ផ្សារទំនើប ក៏មានតំបន់កម្សាន្តលើទឹកផងដែរ។
លោកបន្តទៀតថា “អ្វីដែលកាន់តែអស្ចារ្យសម្រាប់តំបន់ច្រកជ្រៃធំ ពេលនេះបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានកសាងរួចរាល់ស្ទើរទាំងស្រុក ដូចជាផ្លូវលេខ២១B ចេញពីក្រុងតាខ្មៅ តភ្ជាប់ទៅតំបន់វត្តព្រៃស្បូវ ហើយបន្តទៅតំបន់អភិវឌ្ឍគៗជិតរួច១០០ភាគរយហើយ ដែលទាំងអស់នេះបានជួយជំរុញឱ្យតម្លៃដីកាន់តែឡើងថ្លៃផងដែរ”។
ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍយ៉ាងលឿន នៃតំបន់ច្រកជ្រៃធំស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលជាតំបន់ព្រំប្រទល់រវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យបង្ហើបប្រាប់ថា ពេលនេះតម្លៃដី និងអចលនទ្រព្យនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍ ក៏ដូចជាតំបន់ក្បែរខាងមានការកើនឡើងខ្ពស់ ខណៈដែលតម្រូវការនៃការប្រើប្រាស់ដីធ្វើជាតំបន់ពាណិជ្ជកម្មកំពុងតែមានភាពផុសផុល។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ ខេត អឹព្រេហ្សល (KAT APPRAILSAL) អ្នកនាង ចេវ សុឃុន បានប្រាប់តាមរយៈទូរស័ព្ទកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះថា បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យនៅតំបន់ជ្រៃធំ ជាពិសេសនៅជិតច្រកព្រំដែន មានតម្លៃថ្លៃស្ទើរមិនគួរឱ្យជឿ ហើយវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏មានការរីកលូតលាស់ និងអភិវឌ្ឍគួរឱ្យកត់សម្គាល់។ អ្នកនាងបន្តទៀតថា ដីដែលស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មគឺមានតម្លៃខ្ពស់រហូតដល់ពី៣០០ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាងបានបញ្ជាក់ទៀតថា “សម្រាប់តម្លៃដែលស្ថិតនៅក្នុងតំបន់ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍ ស្ថិតនៅក្នុងចន្លោះចាប់ពី ១២០-២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីស្ថិតនៅតំបន់ចំការ ឬស្រែក្បែរតំបន់កំពុងមានការអភិវឌ្ឍ បានបន្តឡើងរហូតដល់ប្រមាណ ៣០-៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
នៅក្នុងមជ្ឍមណ្ឌលកម្សាន្តចំរុះនានា ដូចជា ទីកន្លែងកម្សាន្តលេងល្បែងតាម online ត្រូវបានគេជួលក្នុងតម្លៃចាប់ពី ៣០-៣៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បើទោះជាយ៉ាងណា អ្នកនាងបានសង្កត់ធ្ងន់ថា នៅថ្ងៃខាងមុខ ក្រោយពេលការអភិវឌ្ឍបានបញ្ចប់លេចចេញជារូបរាងពិតប្រាកដ តម្លៃទាំងអស់នេះនឹងបន្តឡើងមួយកម្រិតទៀត។

អភិបាលខេត្តកណ្តាលលោកម៉ៅ ភិរុណធ្លាប់បានមានប្រសាសន៍ថា អាជ្ញាធរខេតនឹងរៀបចំហេដ្ឋារចនាសម្ឋ័ន្ឋ នៅតំបន់ជ្រៃធំមានលក្ខណៈពិសេស ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់តំបន់នេះ ព្រោះការអភិវឌ្ឍទាមទារឲ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ ទើបអ្នកវិនិយោគមានការចាប់អារម្មណ៍ ក្នុងការសម្រេចចិត្តចូលទៅវិនិយោគនៅតំបន់ណាមួយ៕