ជ្រៃធំ​កាន់តែ​មាន​សក្តា​នុ​ពល​ ខណៈ​វា​នឹង​ក្លាយជា​ទីក្រុង​កាស៊ីណូ​ថ្មី​មួយទៀត​នៅ​តាម​ព្រំដែន​

0

ដោយៈ​ រ៉ា​ណេត​

កណ្តា​លៈ​ ជាមួយនឹង​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​អចលនទ្រព្យ​ ស្រប​ពេល​ដែល​ប្លង់​មេ​របស់​ថ្នាក់​ខេត្ត​ត្រូវ​បាន​រៀបចំ​ និង​ចុះហត្ថលេខា​សម្រេច​រួចរាល់​នោះ​ តំបន់​ជ្រៃធំ​បាន​និង​កំពុង​បង្ហាញ​សក្តា​នុ​ពល​ ខណៈ​តំបន់់​នេះ​នឹង​ក្លាយជា​ទីក្រុង​កាស៊ីណូ​ថ្មី​មួយទៀត​ នៃ​តំបន់​ស្ថិតនៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​ វៀតណាម​។

លោក​បណ្ឌិត​ វ៉ាន់​ វ៉ា​ត ដែល​ជា​អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ រៀបចំ​ប្លង់​គោល​ក្រុង​តាខ្មៅ​ និង​បណ្តា​ស្រុក​នានា​ទូទាំង​ខេត្តកណ្តាល​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃទី៨​ កក្កដា​នេះ​ថា​ ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​នៅក្នុង​ស្រុក​កោះធំ​ ជាពិសេស​តំបន់​ជ្រៃធំ​តែម្ដង​ ​ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ បរិស្ថាន​ និង​កិច្ចធានា​ធនធាន​ធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​និរន្តរភាព​។

លោក​បាន​បញ្ជាក់​ថា​ “ប្លង់​គោល​អភិវឌ្ឍន៍​និ​មួយ​ៗ ពិតជា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​ប្លង់​គោល​បាន​កំណត់​និយាម​ការណ៍​ទំហំ​ផ្លូវ​ ដើម្បី​កំណត់​ពី​ផែនការ​ប្រើប្រាស់​ដីធ្លី​នៅក្នុង​សំដៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​”។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ តាម​ប្លង់​គោល​ តំបន់​ច្រក​ជ្រៃធំ​ត្រូវ​បាន​បែកចែក​ជា​តំបន់​ប្រើប្រាស់​ដី​ផ្សេង​ៗ ដាច់ដោយ​ឡែក​ពីគ្នា​យ៉ាង​ច្បាស់​ ដើម្បី​មាន​សោភ័ណភាព​ និង​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​តំបន់​ឱ្យ​បាន​ប្រសើរ​។ ក្រៅពី​បង្កើត​ជា​ច្រក​ទ្វារ​អន្តរជាតិ​ បង្កើត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ ធ្វើជា​ឃ្លាំង​រក្សាទុក​ទំនិញ​ ក៏ដូចជា​ទីកន្លែង​ផ្លាស់ប្ដូរ​ទំនិញ​ រវាង​ កម្ពុជា​ វៀតណាម​ វា​ក៏​ត្រូវ​បាន​បែងចែក​ជា​តំបន់​លំនៅ​ដ្ឋាន​ និង​ជា​មណ្ឌល​កម្សាន្ត​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា​ នៅក្នុង​តំបន់​ដែល​នឹង​ត្រូវ​អភិវឌ្ឍ​ជា​តំបន់​កម្សាន្ត​ ឬជា​មជ្ឈមណ្ឌល​កម្សាន្ត​ចំរុះ​ រួមមាន​តំបន់​កាស៊ីណូ​ ផ្សារ​ទំនើប​ ក៏​មាន​តំបន់​កម្សាន្ត​លើទឹក​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​កាន់តែ​អស្ចារ្យ​សម្រាប់​តំបន់​ច្រក​ជ្រៃធំ​ ពេលនេះ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ត្រូវ​បាន​កសាង​រួចរាល់​ស្ទើរ​ទាំងស្រុក​ ដូចជា​ផ្លូវ​លេខ២១​B ​ចេញពី​ក្រុង​តាខ្មៅ​ តភ្ជាប់​ទៅ​តំបន់​វត្ត​ព្រៃ​ស្បូវ​ ហើយ​បន្ត​ទៅ​តំបន់​អភិ​វឌ្ឍ​គៗ​ជិត​រួច១០០ភាគរយ​ហើយ​ ដែល​ទាំងអស់​នេះ​បាន​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដី​កាន់តែ​ឡើងថ្លៃ​ផង​ដែរ​”។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ នៃ​តំបន់​ច្រក​ជ្រៃធំ​ស្ថិត​ក្នុង​ស្រុក​កោះធំ​ ខេត្តកណ្តាល​ ដែល​ជា​តំបន់​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បង្ហើប​ប្រាប់​ថា​ ពេលនេះ​តម្លៃ​ដី​ និង​អចលនទ្រព្យ​នៅក្នុង​តំបន់​ដែល​កំពុង​អភិវឌ្ឍ​ ក៏ដូចជា​តំបន់​ក្បែរ​ខាង​មានការ​កើនឡើង​ខ្ពស់​ ខណៈ​ដែល​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ធ្វើជា​តំបន់​ពាណិជ្ជកម្ម​កំពុងតែ​មាន​ភាព​ផុសផុល​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ខេត​ អឹ​ព្រេហ្សល​ (KAT​ APPRAILSAL​) អ្នកនាង​ ចេវ​ សុ​ឃុន​ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ ជាពិសេស​នៅ​ជិត​ច្រកព្រំដែន​ មានតម្លៃ​ថ្លៃ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​មានការ​រីក​លូតលាស់​ និង​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​។ អ្នកនាង​បន្ត​ទៀត​ថា​ ដី​ដែល​ស្ថិតនៅ​ក្នុង​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គឺ​មានតម្លៃ​ខ្ពស់​រហូតដល់​ពី៣០០ទៅ៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

​អ្នកនាង​បាន​បញ្ជាក់​ទៀត​ថា​ “សម្រាប់​តម្លៃ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ ដែល​កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍ​ ស្ថិតនៅ​ក្នុង​ចន្លោះ​ចាប់ពី​ ១២០​-២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ដី​ស្ថិតនៅ​តំបន់​ចំការ​ ឬស្រែ​ក្បែរ​តំបន់​កំពុង​មានការ​អភិវឌ្ឍ​ បាន​បន្ត​ឡើង​រហូតដល់​ប្រមាណ​ ៣០​-៤០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

នៅ​ក្នុង​មជ្ឍ​មណ្ឌល​កម្សាន្ត​ចំរុះ​នានា​ ដូចជា​ ទីកន្លែង​កម្សាន្ត​លេងល្បែង​តាម​ online​ ត្រូវ​បាន​គេ​ជួល​ក្នុង​តម្លៃ​ចាប់ពី​ ៣០​-៣៥​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ បើ​ទោះជាយ៉ាងណា​ អ្នកនាង​បាន​សង្កត់ធ្ងន់​ថា​ នៅ​ថ្ងៃខាងមុខ​ ក្រោយពេល​ការ​អភិវឌ្ឍ​បាន​បញ្ចប់​លេចចេញ​ជារូបរាង​ពិតប្រាកដ​ តម្លៃ​ទាំងអស់​នេះ​នឹង​បន្ត​ឡើង​មួយ​កម្រិត​ទៀត​។

អភិបាលខេត្ត​កណ្តាល​លោក​ម៉ៅ​ ភិរុណ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ អាជ្ញាធរ​ខេ​តនឹង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ឋ័ន្ឋ​ នៅ​តំបន់​ជ្រៃធំ​មាន​លក្ខណៈ​ពិសេស​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​មកកាន់​តំបន់​នេះ​ ព្រោះ​ការ​អភិវឌ្ឍ​ទាមទារ​ឲ្យ​មានការ​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ច្បាស់លាស់​ ទើប​អ្នក​វិនិយោគ​មានការ​ចាប់អារម្មណ៍​ ក្នុង​ការសម្រេច​ចិត្ត​ចូល​ទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here