ដោយ វុត្ថា
ភ្នំពេញៈ បណ្តាក្រុមធំៗរបស់សហរដ្ឋអាមេរិក តាមរយៈក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន US-ASEAN នឹងបង្កើនការវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនទាំងនេះបានបង្ហាញវត្តមាននៅកម្ពុជារួចហើយ។

ដោយ វុត្ថា
ភ្នំពេញៈ បណ្តាក្រុមធំៗរបស់សហរដ្ឋអាមេរិក តាមរយៈក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន US-ASEAN នឹងបង្កើនការវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនទាំងនេះបានបង្ហាញវត្តមាននៅកម្ពុជារួចហើយ។

ក្រុមហ៊ុនធំៗទាំងនោះមានដូចជា ក្រុមហ៊ុន General Electric (GE) ក្រុមហ៊ុន Chevron ក្រុមហ៊ុន Cisco ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Facebook ក្រុមហ៊ុន Ford ក្រុមហ៊ុន Visa ក្រុមហ៊ុន Oracle ក្រុមហ៊ុន RMA Group បានប្តេជ្ញាជំរុញការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។
លោក Alexander Feldman ជាប្រធាននៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឺកនាំគណៈប្រតិភូមកពីក្រុមហ៊ុនអាមេរិកទាំងនេះ នៅក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែកក្កដានេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា(ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងដើម្បីជំរុញការ វិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា។
លោកបន្តថា “ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាអង្គការតស៊ូមតិមួយសម្រាប់សាជីវកម្មអាមេរិក ដែលធ្វើប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)”។ លោកបន្តថា “ក្រុមប្រឹក្សានេះដើរតួជាសំឡេងមួយនៃវិស័យ ឯកជនរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍”។
លោក Alexander Feldman បន្ថែមថា សមាជិកគណៈប្រតិភូ បានធ្វើបទបង្ហាញពីការចូលរួម និងផែនការសកម្មភាពរបស់ខ្លួន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុវត្ថិភាពចរាចរណ៍ និងបច្ចេកវិទ្យាព័ត៌មាន ដែលមានការពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានបង្ហាញពីការស្ម័គ្រចិត្តក្នុងការចូលរួមសកម្មភាព ទំនួលខុសត្រូវសង្គម ដែលអាចកើតចេញពីការធ្វើវិនិយោគ (CSR) ផងដែរ។
លោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានជម្រាបជូនគណៈប្រតិភូ អំពីគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការសិក្សាគម្រោង Monorail ផ្លូវរថភ្លើងក្រោមដី និងគម្រោង AGT ជាដើម និងគម្រោងកំពុងបន្ត ក្នុងកិច្ចការងារពង្រឹងសុវត្ថិភាពចរាចរណ៍ ការសិក្សាដើម្បីរៀបចំបទដ្ឋានសម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់យានយន្ត បទដ្ឋានបច្ចេកទេសសម្រាប់យានយន្ត ត្រូវប្រើប្រាស់នៅកម្ពុជា ការជំរុញការប្រើប្រាស់យានយន្តប្រើថាមពលអគ្គិសនី និងការគាំពារបរិស្ថាន ក្រោមកិច្ចសហការជាពី UNDP។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពី ការរៀបចំនីតិវិធីនិងប្រព័ន្ធចុះបញ្ជីលក់លេខពិសេសផ្ទាល់ខ្លួន ដែលមាន៨ខ្ទង់ និងការដេញថ្លៃជាសាធារណៈ ដោយប្រើប្រាស់បច្ចេកវិទ្យា នាយុគសម័យបដិវត្តឧស្សាហកម្មជំនាន់4.0 ជាមួយការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ជាមួយគ្រឹះស្ថានជាដៃគូផងដែរ ក្នុងគោលបំណង បង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា លុបបំបាត់ចំណាយក្រៅផ្លូវការ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះ បណ្តាក្រុមហ៊ុនសហគ្រាស របស់សហរដ្ឋអាមេរិកទាំងនេះបង្កើត និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ សេនាធិការក្រសួង ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត៕