ក្រុមហ៊ុន​អា​មេ​រិក​ធំៗ​ចំនួន១០​ នឹង​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ បណ្តា​ក្រុម​ធំៗ​របស់​សហរដ្ឋអាមេរិក​ តាមរយៈ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ US​-ASEAN​ នឹង​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​ទាំងនេះ​បាន​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​រួចហើយ​។

ក្រុម​ហ៊ុន​ធំៗ​ទាំងនោះ​មាន​ដូចជា​ ក្រុមហ៊ុន​ General​ Electric​ (GE​) ក្រុមហ៊ុន​ Chevron​ ក្រុមហ៊ុន​ Cisco​ ក្រុមហ៊ុន​ Coca​-Cola​ ក្រុមហ៊ុន​ ConocoPhillips​ ក្រុមហ៊ុន​ Facebook​ ក្រុមហ៊ុន​ Ford​ ក្រុមហ៊ុន​ Visa​ ក្រុមហ៊ុន​ Oracle​ ក្រុមហ៊ុន​ RMA​ Group​ បាន​ប្តេជ្ញា​ជំរុញ​ការ​វិនិយោគ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ​Alexander​ Feldman​ ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ ដឺ​កនាំ​គណៈប្រតិភូ​មក​ពី​ក្រុមហ៊ុន​អាមេរិក​ទាំងនេះ​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅ​ថ្ងៃទី៨​ ខែកក្កដា​នេះ​ បានឱ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​ នេះ​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា​(ដៃគូ​អាស៊ាន​) និង​សហរដ្ឋអាមេរិក​ និង​ដើម្បី​ជំរុញ​ការ​ វិនិយោគ​អាមេរិក​បន្ថែម​ទៀត​មក​កម្ពុជា​។

លោក​បន្ត​ថា​ “ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ គឺជា​អង្គការ​តស៊ូ​មតិ​មួយ​សម្រាប់​សាជីវកម្ម​អាមេរិក​ ដែល​ធ្វើ​ប្រតិបត្តិ​ការ​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន​)”។ លោក​បន្ត​ថា​ “ក្រុមប្រឹក្សា​នេះ​ដើរតួ​ជា​សំឡេង​មួយ​នៃ​វិស័យ​ ឯកជន​របស់​សហរដ្ឋអាមេរិក​ ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទៅវិញទៅមក​ រវាង​សហរដ្ឋអាមេរិក​ និង​អាស៊ី​អាគ្នេយ៍​”។

លោក​ Alexander​ Feldman​ បន្ថែម​ថា​ សមាជិក​គណៈប្រតិភូ​ បាន​ធ្វើ​បទ​បង្ហាញ​ពី​ការចូលរួម​ និង​ផែនការ​សកម្មភាព​របស់​ខ្លួន​ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ សុវត្ថិភាព​ចរាចរណ៍​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​មានការ​ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ ព្រមទាំង​បាន​បង្ហាញ​ពី​ការ​ស្ម័គ្រចិត្ត​ក្នុង​ការចូលរួម​សកម្មភាព​ ទំនួល​ខុសត្រូវ​សង្គម​ ដែល​អាច​កើត​ចេញពី​ការ​ធ្វើវិនិយោគ​ (CSR​) ផង​ដែរ​។

លោក​ ស៊ុន​ ចាន់​ថុល​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​ អំពី​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត​ ការសិក្សា​គម្រោង​ Monorail​ ផ្លូវ​រថភ្លើង​ក្រោម​ដី​ និង​គម្រោង​ AGT​ ជាដើម​ និង​គម្រោង​កំពុង​បន្ត​ ក្នុង​កិច្ចការ​ងារ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ ការសិក្សា​ដើម្បី​រៀបចំ​បទដ្ឋាន​សម្រាប់​កំណត់​អាយុកាល​នៃ​ការប្រើ​ប្រាស់​យានយន្ត​ បទដ្ឋាន​បច្ចេកទេស​សម្រាប់​យានយន្ត​ ត្រូវ​ប្រើប្រាស់​នៅ​កម្ពុជា​ ការជំរុញ​ការប្រើ​ប្រាស់​យានយន្ត​ប្រើ​ថាមពល​អគ្គិសនី​ និង​ការ​គាំពារ​បរិស្ថាន​ ក្រោម​កិច្ចសហការ​ជា​ពី​ UNDP​។

លោក​រដ្ឋមន្រ្តី​បាន​គូសបញ្ជាក់​អំពី​ ការរៀបចំ​នីតិវិធី​និង​ប្រព័ន្ធ​ចុះបញ្ជី​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ដែល​មាន៨ខ្ទង់​ និង​ការ​ដេញថ្លៃ​ជា​សាធារណៈ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ នា​យុគសម័យ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​4.0​ ជាមួយ​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ ជាមួយ​គ្រឹះស្ថាន​ជា​ដៃគូ​ផង​ដែរ​ ក្នុង​គោលបំណង​ បង្ខិត​សេវា​ឲ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ​ កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ កាត់បន្ថយ​ពេលវេលា​ លុបបំបាត់​ចំណាយ​ក្រៅផ្លូវការ​។

ជាមួយគ្នា​នេះ​ លោក​ទេស​រដ្ឋមន្រ្តី​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ បណ្តា​ក្រុមហ៊ុន​សហគ្រាស​ របស់​សហរដ្ឋអាមេរិក​ទាំងនេះ​បង្កើត​ និង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​ សេនាធិការ​ក្រសួង​ ដើម្បី​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​មួយ​កម្រិត​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here