ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យ ការវិនិយោគហាក់មិនបានប្រកាន់ទៅលើវ័យរបស់អ្នកវិនិយោគនោះទេ ប៉ុន្តែអ្វីដែលត្រូវគិតពិចារណានោះត្រង់ថា តើគួរវិនិយោគបែបណានិងផ្តោតទៅលើផ្នែកណា ដើម្បីឱ្យសមស្របទៅនឹងលទ្ធភាព និងស្របទៅនឹងមនុស្សវ័យកណ្តាល (មុនពេលរៀបការ ឬបន្ទាប់ពីរៀបការរួច)។
អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា និងមានបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងវិស័យមួយនេះ លោកបណ្ឌិត គឹម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បានចូលរួមផ្តល់ជាទស្សនៈផ្ទាល់ខ្លួនមួយចំនួនពាក់ព័ន្ធទៅនឹងឱកាសនៃការចូលខ្លួនវិនិយោគ ជាពិសេសផ្តោតសំខាន់ទៅលើមនុស្សវ័យកណ្តាល ដែលត្រៀមខ្លួនរៀបការ និងក្រោយពេលរៀបការរួច។
-->
លោកបណ្ឌិតគឹម ហ៊ាង បានលើកឡើងថា “ អ្នកដែលត្រៀមខ្លួន ឬទើបតែរៀបការរួច គួរតែទិញមុនដំបូងគឺលំនៅដ្ឋានដើម្បីរស់នៅ”។ លោកបានបន្តទៀតថា “ក្រោយពេលមានលំនៅដ្ឋានរស់នៅសមរម្យ ហើយសល់ធនធានសមរម្យ ប្រសិនជាមានបំណងចង់វិនិយោគអចលនទ្រព្យបន្ថែមជាលើកទី២ គួរតែទិញលំនៅដ្ឋានសម្រាប់វិនិយោគ ដោយការយកមកជួល”។
លោកបញ្ជាក់ថា “ធម្មតាលំនៅដ្ឋានដែលត្រូវបានជួល គឺអាចទទួលបានចំណូលត្រឡប់មកវិញជាប្រចាំខែ ហើយអ្នកដែលមានផ្ទះជួល មិនព្រួយពីរឿងគ្មានអ្នកជួលនោះទេ”។
;លោកបានបញ្ជាក់ទៀតថា “រយៈពេល៥-៦ឆ្នាំបន្ទាប់ ប្រសិនបើអាចសល់ធនធាន ហើយចង់វិនិយោគជាលើកទី៣ ខ្ញុំសូមណែនាំថា គួរតែទិញដីទុកដែលវាជារឿងល្អបំផុត”។ លោកបញ្ជាក់ថា “ថ្វីត្បិតដីហាក់មិនសូវមានគេជួល ប៉ុន្តែជាទូទៅការកើនឡើងនៃតម្លៃដីប្រចាំឆ្នាំ យ៉ាងហោចណាស់ក្នុងរង្វង់ចាប់១៥-២០ ឬអាចឡើងលើសពីនេះរហូតដល់១០០ភាគរយ ដែលវាអាស្រ័យទៅតាមតំបន់និងប្រភេទដី”។
លោកគីម ហ៊ាងបានបន្តទៀតថា “មិនថាជាការវិនិយោគទី៣ ឬទី៤ជាយោបល់លោកគឺនៅតែណែនាំឱ្យទិញដីទុកដដែល។ ប្រសិនបើបុគ្គលនោះ មានសមត្ថភាពអាចរកចំណូលបានសមរម្យ ហើយចង់វិនិយោគបន្ថែមទៀត ពេលនេះគាត់គួរតែទិញខុនដូនៅកណ្តាលក្រុងវិញម្ដង ដែលវាបានបង្ហាញ និងបញ្ជាក់ពីជីវិត និងការរស់នៅរបស់គាត់ក្នុងភាពស៊ីវិល័យ។
លោកបន្តថា “នៅពេលគាត់មានផ្ទះស្នាក់នៅសមរម្យ គាត់មានផ្ទះជួល គាត់មានដី ២-៣កន្លែង ហើយមានខុនដូនៅកណ្តាលក្រុងទៀត ទាំងអស់នេះវាគឺជាទ្រព្យអសកម្ម ប៉ុន្តែវានឹងក្លាយជាលុយយ៉ាងច្រើននៅពេលដែលគាត់ចង់បាន”។
លោកបណ្ឌិតគឹម ហ៊ាងបានគូសបញ្ជាក់ថា ប្រសិនបើអ្នកមានលទ្ធភាព គួរតែទិញផ្ទះទុកឱ្យបានច្រើន ទិញដីទុកឱ្យបានច្រើន រួមជាមួយនឹងការទិញខុនដូសម្រាប់ស្នាក់នៅ ឬសម្រាប់ជួល ដែលវាសុទ្ធតែជាទ្រព្យរបស់ ជួយបង្កើតលុយឱ្យអ្នកយ៉ាងលឿនរហូតដល់អ្នកនឹងស្មានមិនដល់៕
[…] ប្រភព៖ Property Area […]