លោកបណ្ឌិតគីម ហ៊ាង ប្រាប់​វិធីសាស្ត្រ​វិនិយោគ អចលនទ្រព្យ សម្រាប់មនុស្ស មុនឬក្រោយពេលរៀបការ

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ការ​វិនិយោគ​ហាក់​មិនបាន​ប្រកាន់​ទៅលើ​វ័យ​របស់​អ្នក​វិនិយោគ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​គិតពិចារណា​នោះ​ត្រង់ថា​ តើ​គួរ​វិនិយោគ​បែប​ណា​និង​ផ្តោត​ទៅលើ​ផ្នែក​ណា​ ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​លទ្ធភាព​ និង​ស្រប​ទៅ​នឹង​មនុស្ស​វ័យ​កណ្តាល​ (មុន​ពេល​រៀបការ​ ឬបន្ទាប់ពី​រៀបការ​រួច​)។

អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ នៅក្នុង​វិស័យ​មួយ​នេះ​ លោក​បណ្ឌិត​ គឹម​ ហ៊ា​ង ប្រធាន ​Keller​ Williams​ Cambodia​ និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បាន​ចូលរួម​ផ្តល់​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​មួយចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ឱកាស​នៃ​ការ​ចូលខ្លួន​វិនិយោគ​ ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​មនុស្ស​វ័យ​កណ្តាល​ ដែល​ត្រៀមខ្លួន​រៀបការ​ និង​ក្រោយពេល​រៀបការ​រួច​។

លោក​បណ្ឌិ​តគឹម​ ហ៊ា​ង បាន​លើកឡើង​ថា​ “ អ្នក​ដែល​ត្រៀមខ្លួន​ ឬទើបតែ​រៀបការ​រួច​ គួរតែ​ទិញ​មុនដំបូង​គឺ​លំនៅ​ដ្ឋាន​ដើម្បី​រស់នៅ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ក្រោយពេល​មាន​លំនៅ​ដ្ឋាន​រស់នៅ​សមរម្យ​ ហើយ​សល់​ធនធាន​សមរម្យ​ ប្រសិនជា​មានបំណង​ចង់​វិនិយោគ​អចលនទ្រព្យ​បន្ថែម​ជា​លើក​ទី២​ គួរតែ​ទិញ​លំនៅ​ដ្ឋាន​សម្រាប់​វិនិយោគ​ ដោយ​ការ​យក​មក​ជួល​”។

លោក​បញ្ជាក់​ថា​ “ធម្មតា​លំនៅ​ដ្ឋាន​ដែល​ត្រូវ​បាន​ជួល​ គឺ​អាច​ទទួល​បាន​ចំណូល​ត្រឡប់មកវិញ​ជាប្រចាំ​ខែ​ ហើយ​អ្នក​ដែល​មានផ្ទះ​ជួល​ មិន​ព្រួយ​ពី​រឿង​គ្មាន​អ្នកជួល​នោះ​ទេ​”។

​;លោក​បាន​បញ្ជាក់​ទៀត​ថា​ “រយៈពេល៥​-៦ឆ្នាំ​បន្ទាប់​ ប្រសិនបើ​អាច​សល់​ធនធាន​ ហើយ​ចង់​វិនិយោគ​ជា​លើក​ទី៣​ ខ្ញុំ​សូម​ណែនាំ​ថា​ គួរតែ​ទិញ​ដី​ទុក​ដែល​វា​ជា​រឿង​ល្អ​បំផុត​”។ លោក​បញ្ជាក់​ថា​ “ថ្វីត្បិត​ដី​ហាក់​មិនសូវ​មាន​គេ​ជួល​ ប៉ុន្តែ​ជាទូទៅ​ការ​កើនឡើង​នៃ​តម្លៃ​ដី​ប្រចាំឆ្នាំ​ យ៉ាងហោចណាស់​ក្នុងរង្វង់​ចាប់១៥​-២០​ ឬអាច​ឡើង​លើស​ពីនេះ​រហូតដល់១០០ភាគរយ​ ដែល​វា​អាស្រ័យ​ទៅតាម​តំបន់​និង​ប្រភេទ​ដី​”។

លោ​កគីម​ ហ៊ា​ងបាន​បន្ត​ទៀត​ថា​ “មិនថា​ជា​ការ​វិនិយោគ​ទី៣​ ឬទី៤ជា​យោបល់​លោក​គឺ​នៅតែ​ណែនាំ​ឱ្យ​ទិញ​ដី​ទុក​ដដែល​។ ប្រសិនបើ​បុគ្គល​នោះ​ មាន​សមត្ថភាព​អាច​រកចំណូល​បាន​សមរម្យ​ ហើយ​ចង់​វិនិយោគ​បន្ថែម​ទៀត​ ពេលនេះ​គាត់​គួរតែ​ទិញ​ខុន​ដូ​នៅ​កណ្តាល​ក្រុង​វិញ​ម្ដង​ ដែល​វា​បាន​បង្ហាញ​ និង​បញ្ជាក់​ពី​ជីវិត​ និង​ការរស់នៅ​របស់​គាត់​ក្នុង​ភាព​ស៊ីវិល័យ​។

លោក​បន្ត​ថា​ “នៅពេល​គាត់​មានផ្ទះ​ស្នាក់នៅ​សមរម្យ​ គាត់​មានផ្ទះ​ជួល​ គាត់​មាន​ដី​ ២-៣កន្លែង​ ហើយ​មាន​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ទៀត​ ទាំងអស់​នេះ​វា​គឺជា​ទ្រព្យ​អសកម្ម​ ប៉ុន្តែ​វា​នឹង​ក្លាយជា​លុយ​យ៉ាងច្រើន​នៅពេល​ដែល​គាត់​ចង់បាន​”។

លោក​បណ្ឌិ​តគឹម​ ហ៊ា​ងបាន​គូសបញ្ជាក់​ថា​ ប្រសិនបើ​អ្នកមាន​លទ្ធភាព​ គួរតែ​ទិញ​ផ្ទះ​ទុក​ឱ្យ​បាន​ច្រើន​ ទិញ​ដី​ទុក​ឱ្យ​បាន​ច្រើន​ រួម​ជាមួយនឹង​ការទិញ​ខុន​ដូ​សម្រាប់​ស្នាក់នៅ​ ឬសម្រាប់​ជួល​ ដែល​វា​សុទ្ធតែ​ជា​ទ្រព្យរបស់​ ជួយ​បង្កើត​លុយ​ឱ្យ​អ្នក​យ៉ាង​លឿន​រហូតដល់​អ្នក​នឹង​ស្មាន​មិនដល់​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here