រដ្ឋាភិបាល​កំពុង​ពន្លឿន​ការសិក្សា​គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស​ និង​ក្រោម​ដី​

1

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​នឹង​កំពុង​ពន្លឿន​ការសិក្សា​គម្រោង​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​ និង​ក្រោម​ដី​នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំខែ​មេសា​ និង​ខែឧសភា​ ឆ្នាំ២០១៩​ កាលពី​ថ្ងៃទី​ ៨ ខែកក្កដា​ ម្សិលមិញ​នេះ​បាន​លើកឡើង​អំពី​ការសិក្សា​គម្រោង​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​រថភ្លើង​ស្វ័យប្រវត្តិ​ (AGT​) ការសិក្សា​គម្រោង​ Monorail​ និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពិនិត្យ​ និង​ពិចារណា​ជ្រើសរើស​គម្រោង​ណាមួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​សព្វថ្ងៃ​នេះ​ ។

ជាមួយគ្នា​នេះ​ផង​ដែរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ បណ្ដុះបណ្ដាល​ ពង្រឹង​ការអនុវត្ត​ច្បាប់​ យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​ ការអប់រំ​តាម​សាលារៀន​ ការ​បំពាក់​ផ្លាក​សញ្ញា​ ភ្លើង​សញ្ញា​ គំនូស​សញ្ញា​ចរាចរណ៍​ និង​ចំណាំងផ្លាត​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​ជំរុញ​ដល់​អាជ្ញា​ពាក់ព័ន្ធ​ធ្វើការ​ត្រួតពិនិត្យ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ និង​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យ​ប្រើប្រាស់​ជាប់​បាន​យូរ​ និង​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន​ដូចជា​៖ ការ​ផ្តល់​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​តាម​គោលដៅ​កំពង់ផែ​ និង​ការ​បើក​បង្រៀន​បើកបរ​យានយន្ត​ដឹកទំនិញ​ដោយ​ឥតគិតថ្លៃ​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ​ (AGT​) ចំនួន​ ៤ ខ្សែ​រត់​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​អង្គការ​ JICA​ ក៏​សិក្សា​ផង​ដែរ​។ ខ្សែ​រត់​ភ្លើង​ទាំងនេះ​មាន​ប្រវែង​ប្រហែល​ ១៨​ គីឡូម៉ែត្រ​ ដែល​រត់​លើ​ផ្លូវ​មួយចំនួន​ដូចជា​ មហា​វិ​ថី​ហ្សាល​ឌឺ​ហ្គោល​ មហាវិថី​ព្រះ​មុនី​រ៉េ​ត ផ្លូវ​លេខ២១៧​ ផ្លូវ​វេ​ងស្រេង​ឆ្ពោះ​ទៅ​ព្រលា​នយន្តហោះ​ និង​មួយ​ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ៤​ និង​កប់​ស្រូវ​។ជាមួយគ្នា​នេះ​ ក្រសួង​ក៏បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ (CRCC​) ធ្វើការ​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) និង​រថភ្លើង​ក្រោម​ដី​ (Subway​) នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here