ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននឹងកំពុងពន្លឿនការសិក្សាគម្រោងផ្លូវរថភ្លើងរត់លើអាកាស និងក្រោមដីនៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។

-->
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឱ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០១៩ កាលពីថ្ងៃទី ៨ ខែកក្កដា ម្សិលមិញនេះបានលើកឡើងអំពីការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលសព្វថ្ងៃនេះ ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាពាក់ព័ន្ធធ្វើការត្រួតពិនិត្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីសម្រួលដល់វិស័យឯកជនដូចជា៖ ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅតាមគោលដៅកំពង់ផែ និងការបើកបង្រៀនបើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ។
ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសដោយស្វ័យប្រវត្តិ (AGT) ចំនួន ៤ ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដែលអង្គការ JICA ក៏សិក្សាផងដែរ។ ខ្សែរត់ភ្លើងទាំងនេះមានប្រវែងប្រហែល ១៨ គីឡូម៉ែត្រ ដែលរត់លើផ្លូវមួយចំនួនដូចជា មហាវិថីហ្សាលឌឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ ផ្លូវវេងស្រេងឆ្ពោះទៅព្រលានយន្តហោះ និងមួយខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងកប់ស្រូវ។ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់ឱ្យក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ធ្វើការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញផងដែរ៕
[…] ប្រភព៖ Property Area […]