ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ អាមេរិក​កើន​ដល់​ជិត​ ២ពាន់​លាន​ដុល្លារ​ក្នុងរយៈ​ពេល ៤ខែ​នៃ​ឆ្នាំនេះ​

1

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-អាមេរិក​ នៅតែ​មាន​លក្ខណៈ​វិជ្ជមាន​ មិន​មាន​សញ្ញាណ​ថមថយ​ឡើយ​ ខណៈ​ភាគី​ទាំងពីរ​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ធុរកិច្ច​ និង​វិនិយោគ​ រាប់​ចាប់តាំងពី​ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​ រហូតដល់​សេវាកម្ម​បច្ចេកវិទ្យា​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​បង្ហាញថា​ គិត​ត្រឹម​ខែមេសា​ ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​ទាំងពីរ​ សម្រេច​បាន​ទឹកប្រាក់ ១​,៦៥៦លាន​ដុល្លារ​ កើនឡើង ២៣​,៧១​%ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ២០១៨​។

នៅក្នុង​កិច្ចពិភាក្សា​រវាង​ លោក​ Alexander​ Feldman​ រួម​ជាមួយ​តំណាង​សា​ជីវ​កម្ម​ធំៗ​របស់​អាមេរិក​ មាន​ដូចជា​ ConocoPhillips​, Ford​, General​ Electric​ (GE​), Chevron​, Coca​-Cola​, Facebook​, Amazon​ Web​ Service​, Oracle​, Google​, Master​ Card​ និង​ Visa​ Card​ ជាមួយ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ កាលពី​រសៀល​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៩​ ​; សុទ្ធតែ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​កម្ពុជា​ និង​មានបំណង​បណ្តាក់​ទុន​បន្ថែម​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។

យ៉ាងណាក៏ដោយ​ ការអនុវត្ត​ស្តង់ដារ​រថយន្ត​អាស៊ាន​ នីតិវិធី​នាំចូល​សម្ភារ​បរិ​ក្ខា​ពេទ្យ​ និង​គ្រឿងម៉ាស៊ីន​សម្រាប់​បម្រើ​វិស័យ​អាកាសចរណ៍​ ការទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ផលិតផល​កូ​កា​-កូឡា​ឆ្លងដែន​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ គឺជា​របៀបវារៈ​ដែល​បាន​លើកឡើង​ដោយ​ភាគី​អាមេរិក​។

លោក​រដ្ឋមន្ត្រី​ប៉ាន​ សូរ​ស័ក្តិ​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ US​-ABC​ និង​តំណាង​សាជីវកម្ម​ទាំងអស់​ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​កំណែទម្រង់​នានា​ ដើម្បី​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ និង​ការពារ​អត្ថ​ប្រយោជន៍​ជូន​វិស័យ​ឯកជន​ ដែល​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ ពី​ប្តេជ្ញា​ចិត្ត​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការ​បន្ត​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​ ព្រមទាំង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​បរទេស​។ បន្ថែម​លើស​នោះ​លោក​រដ្ឋមន្ត្រី​ ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​US​-ABC​ ពី​ភាព​ដឹកនាំ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ នៅក្នុង​ការចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ និង​ដៃគូ​ រួមមាន​ អាស៊ាន​ +១, អាស៊ាន​ +៣ និង​អាស៊ាន​ +៦ ព្រមទាំង​កិច្ចប្រឹងប្រែង​លុបបំបាត់​របាំង​ពន្ធគយ​ និង​គោលនយោបាយ​គាំពារ​និយម​ ជាដើម​។

កាលពី​ឆ្នាំ២០១៨កន្លងទៅ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-អាមេរិក​ សម្រេច​បាន​ ៤,២៦៤លាន​ដុល្លារ​ គឺ​បាន​កើនឡើង​ប្រមាណ២៣​%ធៀប​នឹង​ឆ្នាំ២០១៧​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here