ដោយ វុត្ថា
ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែមានលក្ខណៈវិជ្ជមាន មិនមានសញ្ញាណថមថយឡើយ ខណៈភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគ រាប់ចាប់តាំងពីទំនិញប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់សេវាកម្មបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ១,៦៥៦លានដុល្លារ កើនឡើង ២៣,៧១%ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨។
-->
នៅក្នុងកិច្ចពិភាក្សារវាង លោក Alexander Feldman រួមជាមួយតំណាងសាជីវកម្មធំៗរបស់អាមេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card ជាមួយ លោក ប៉ាន សូរស័ក្តិ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ; សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារកម្ពុជា និងមានបំណងបណ្តាក់ទុនបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយ ការអនុវត្តស្តង់ដាររថយន្តអាស៊ាន នីតិវិធីនាំចូលសម្ភារបរិក្ខាពេទ្យ និងគ្រឿងម៉ាស៊ីនសម្រាប់បម្រើវិស័យអាកាសចរណ៍ ការទប់ស្កាត់សកម្មភាពរត់ពន្ធផលិតផលកូកា-កូឡាឆ្លងដែន ពាណិជ្ជកម្មអេឡិចត្រូនិក និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គឺជារបៀបវារៈដែលបានលើកឡើងដោយភាគីអាមេរិក។
លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូ US-ABC និងតំណាងសាជីវកម្មទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងការពារអត្ថប្រយោជន៍ជូនវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ ពីប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីបរទេស។ បន្ថែមលើសនោះលោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូUS-ABC ពីភាពដឹកនាំរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និងអាស៊ាន +៦ ព្រមទាំងកិច្ចប្រឹងប្រែងលុបបំបាត់របាំងពន្ធគយ និងគោលនយោបាយគាំពារនិយម ជាដើម។
កាលពីឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបាន ៤,២៦៤លានដុល្លារ គឺបានកើនឡើងប្រមាណ២៣%ធៀបនឹងឆ្នាំ២០១៧៕
[…] ប្រភព៖ Property Area […]