ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា សហការជាមួយអ្នកជំនាញបារាំងបាននិងកំពុងរៀបចំផែនការមេធំៗចំនួន៥ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនា និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប ខណៈវិស័យឯកជនបានស្វាគមន៍នូវផែនការដ៏ធំនេះ។
ក្រសួងសទេសចរណ៍ និងអ្នកជំនាញបារំាងបាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប គឺផ្ដោតសំខាន់លើការងារទាំងក្នុងខេត្ត ក្នុងប្រទេស និងក្រៅប្រទេស រួមមាន ទី១ ការសិក្សាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើសពីអ្វីមានស្រាប់នៅតំបន់អង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងស្នាក់នៅខេត្តសៀមរាបយូរ និងចំណាយច្រើន។
-->
ទី២ រដ្ឋាភិបាលបានដាក់ផែនការការសិក្សាលើការអភិវឌ្ឍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿន ការពង្រីកផ្លូវថ្នល់ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីដែលធំជាងមុន ដើម្បីតភ្ជាប់ខេត្តសៀមរាបជាមួយរាជធានីភ្នំពេញ សៀមរាបជាមួយតំបន់ឆ្នេរសមុទ្រ សៀមរាបជាមួយតំបន់ភាគឦសាន សៀមរាបជាមួយតំបន់ព្រំដែន ក៏ដូចជាសៀមរាបជាមួយអន្តរជាតិផងដែរ។
ទី៣ ការសិក្សាអំពីការរៀបចំ និងគ្រប់គ្រងបរិស្ថានស្អាត និងបៃតងនៅខេត្តសៀមរាប និងតំបន់អង្គរ ដើម្បីផ្ដល់ជូននូវភាពស្រស់ស្រាយបរិសុទ្ធ ចំពោះភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប ធ្វើយ៉ាងណាជំរុញឱ្យមានការផ្សព្វផ្សាយនូវចំណុចល្អៗពីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា។ ក្រៅពីនោះ មានការសិក្សាលើការគ្រប់គ្រងសំរាម កាក់សំណល់ ការតុបតែងលម្អសោភ័ណភាពនៅក្នុងខេត្ត និងតំបន់ទស្សនា ការសិក្សាលើការបង្កើតសួនច្បារជាដើម។
ទី៤ ការសិក្សាលើការតុបតែងលម្អផ្លូវធ្វើដំណើរឱ្យមានសោភ័ណភាព និងទី៥ ការសិក្សាលើយន្តការនៃការគ្រប់គ្រងតំបន់ទេសចរណ៍ ដ៏ល្បីល្បាញនេះ ឱ្យបានល្អប្រសើរឡើង ពីព្រោះបើគ្មានការគ្រប់គ្រងទេ ការសិក្សារៀបចំនឹងខាតទទេៗ។
ក្រៅពីនេះ នៅមានការសិក្សាលើកត្តាខាងក្រៅប្រទេសផងដែរ ដូចជា ការសិក្សាលើទីផ្សារទេសចរណ៍ និន្នាការរបស់ភ្ញៀវទេសចរ កំណើនទីផ្សារ តម្រូវការទីផ្សារ ការសិក្សាអំពីការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ កក្កដានេះថា នេះគឺជាចំណុចចាប់ផ្តើមល្អមួយរបស់រដ្ឋាភិបាល ក្នុងការដាក់ផែនមេអភិវឌ្ឍន៍ខេត្តសៀមរាបនេះ ដោយសារខេត្តមួយនេះជាខេត្តទេសចរណ៍ និងជាតំបន់ដែលមានភាពទាក់ទាញទេសចរណ៍របស់កម្ពុជា។
លោកស្រីបន្តថា “ផែនការនេះនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ អោយស្នាក់នៅបានយូរ ព្រោះខេត្តមានទីកន្លែងលេងកម្សាន្ត និងផលិតផលថ្មីៗជាច្រើន ដើម្បីបំរើដល់ភ្ញៀវទេសចរណ៍ និងមានសោភ័ណភាព និងហេដ្ឋារចនសម្ព័ន្ធល្អ”។
លោកស្រីក៏បានស្នើដល់រដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ពីការអនុវត្តផែនការមេរក្នុងការអភិវឌ្ឍន៍ គួរតែមានវិស័យឯកជន ដែលជាអ្នកប្រតិបត្តិករផ្ទាល់ជួយចូលរួមមតិយោបល់ និងអភិវឌ្ឍនដើម្បីឱ្យមានតម្លាភាព និងសុក្រឹតភាព។

ជាមួយគ្នានេះលោក ធួន ស៊ីណា ប្រធានសមគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានឱ្យដឹងដែរថា ការរៀបចំផែនការមេរបស់រដ្ឋាភិបាលនាពេលនេះ គឺជារៀបចំទាន់ពេលវេលាមួយ និងជាការចាំបាច់ដើម្បីអភិរក្ស និងពង្រីកសក្តានុពលផលិតផលទេសចរណ៍ និងកែឆ្នៃបន្ថែមទៀត ដើម្បីទាក់ភ្ញៀវទេសចរណ៍ឱ្យមកកំសាន្ត និងស្នាក់នៅបានយូរ។
;លោកក៏បានស្នើឱ្យការអនុវត្តផែនការមេនេះ ឱ្យបានលឿន និងតឹងតែងបំផុតតាមដែលអាចធ្វើទៅបាន ព្រោះនេះជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញផលិតផលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក៕