អាមេរិក​ប្រើ​ “សង្គ្រាម​ចិត្តសាស្ត្រ​” ដើម្បី​បំបែក​ប្រទេស​ចិន​ និង​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ កំពុង​ប្រើ​សង្គ្រាម​ចិត្ត​សាស្រ្ត​ដើម្បី​បំបែក​ការ​ដោះស្រាយ​របស់​ចិន​ ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ ហើយ​អាមេរិក​បង្ខំ​ចិន​ ឲ្យ​ចរ​ចារ​ក្នុង​ជំហរ​មិន​មានផល​ប្រយោជន៍​ ដោយសារ​ការភ័យខ្លាច​។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​របស់​សារព័ត៌មាន​ Global​ Times​។

ការ​ពិពណ៌នា​នេះ​ បាន​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក​ Trump​ បាន​ធ្វើការ​អធិប្បាយ​លើ​ការ​ធ្លាក់ចុះ​នៃ​ត្រីមាស​ទី២​ នៃ​សេដ្ឋកិច្ច​ចិន​។

យោង​តាម​ទិន្នន័យ​ចេញផ្សាយ​ ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ មក​នៅ​
ត្រឹម​ ៦​,២ភាគរយ​នៅ​ត្រីមាស​ទី២ឆ្នាំនេះ​ ដែល​ជា​អត្រា​ទាប​បំផុត​គិត​ពីឆ្នាំ ១៩៩២​។

បន្ទាប់ពី​ការ​ចេញផ្សាយ​របាយការណ៍​ លោក​ប្រធានាធិបតី​អាមេរិក​ Trump​ បាន​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ឆាប់រហ័ស​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ Twitter​ ថា​ សហរដ្ឋអាមេរិក​បាន​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ធ្វើឲ្យខូច​ខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ចិន​។

លោក​ប្រធានាធិបតី​អាមេរិក​ Trump​ សរសេរ​ថា​ “ពន្ធ​អាមេរិក​កំពុង​មានផល​ប៉ះពាល់​យ៉ាង​ធំធេង​ ចំពោះ​ក្រុមហ៊ុន​ដែល​ចង់​ចាកចេញ​ពី​ប្រទេស​ចិន​ សម្រាប់​ប្រទេស​ដែល​មិន​ជាប់ពន្ធ​គយ​”។ លោក​បាន​បន្ថែម​ថា​ “ក្រុមហ៊ុន​រាប់ពាន់​កំពុង​ចាក​ចេញ​ពី​ប្រទេស​ចិន​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ប្រទេស​ចិន​ ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ ហើយ​សង្ឃឹមថា​វា​មិនបាន​ធ្វើឲ្យខូច​កិច្ច​ព្រមព្រៀង​ដើមឡើយ​”។

កាសែត​ Global​ Times​ បាន​ឆ្លើយតបទៅនឹង​ការ​បង្ហោះ​ ក្នុង​អត្ថា​ធិប្បាយ​ខាងលើ​ ដោយ​សរសេរ​ថា​ “តើ​វា​មិន​ចម្លែក​ទេ​ដែល​ក្រុង​វ៉ាស៊ីនតោន​ មានទំនុក​ចិត្ត​បែបនេះ​ក្នុង​ការ​សើចចំអក​ដល់​ចិន​ នៅពេល​ដែល​កំណើន​សេដ្ឋកិច្ច​ទីពីរ​របស់​ប្រទេស​ចិន​ មាន​ទំហំ​ទ្វេដង​នៃ​ទំហំ​នៃ​សហរដ្ឋអាមេរិក​?”។

ជាក់ស្ដែង​ យោងទៅតាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ កំណើន​សេដ្ឋកិច្ច​នៃ​ត្រីមាស​ទី២របស់​អាមេរិក​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្លាក់ចុះ​ទាប​ជាង​ការ​រំពឹង​ទុក​ ហើយនឹង​មាន​កំណើន​តិច​ជាង២ភាគរយ​។ ទិន្នន័យ​ផ្លូវការ​ក្នុង​ត្រីមាស​ទី២របស់​អាមេរិក​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ចេញផ្សាយ​នៅ​សប្តាហ៍​ខាងមុខនេះ​។

ក្រសួង​ការបរទេស​ចិន​បាន​គាំទ្រ​ដល់​សារលិខិត​នៃ​ការ​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃនេះ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ Geng​ Shuang​ បាន​ឲ្យដឹង​ថា​ “ចំពោះ​អ្វី​ដែលគេ​ហៅថា​ ការ​អះអាង​របស់​អាមេរិក​ថា​ ចិន​មានបំណង​ចង់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ វា​ជា​ការយល់​ច្រឡំ​ទាំងស្រុង​”។

លោក​បន្ថែម​ថា​ “ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​គឺ​មិនមែន​ជា​មធ្យោបាយ​ដែល​ភាគី​ចិន​ ចង់​ដោះស្រាយ​ឲ្យបាន​ឆាប់​នោះ​ទេ​។ ប្រជាជន​អាមេរិក​ក៏​ទាមទារ​ឲ្យ​បញ្ចប់​ជម្លោះ​នេះ​ ហើយ​ប្រឆាំង​នឹង​ការ​បង់ពន្ធ​បន្ថែម​ទៅលើ​ការនាំចូល​របស់​ចិន​”។

ទស្សន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ លោក​ Trump​ មិន​អាច​តំណាង​ឲ្យ​ស្ថានភាព​ពិត​បច្ចុប្បន្ន​នៅក្នុង​សេដ្ឋកិច្ច​ចិន​នោះ​ទេ​។

របាយការណ៍​វិភាគ​យ៉ាង​ស៊ីជម្រៅ​ស្តី​ពី​ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ តាមរយៈ​ក្រុមហ៊ុន​ប្រឹក្សា​ McKinsey​ ដែល​ទទួល ស្គាល់​​លើ​ពិភពលោក​ បាន​រក​ឃើញថា​កំណើន​របស់​ចិន​បាន​ពឹងផ្អែក​តិចតួច​ទៅលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ប៉ុន្តែ​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​។ នោះ​គឺ​ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​ផ្តោត​សំខាន់​ លើ​ការ​ផ្គត់ផ្គង់​ទំនិញ​សម្រាប់​តម្រូវការ​របស់​ចិន​។

ជាក់ស្តែង​ ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​ កំពុងតែ​លក់ដាច់​ច្រើន​នៅ​ទីផ្សារ​ក្នុង​ស្រុក​ជាជាង​នៅ​លើ​ពិភពលោក​។

របាយការណ៍​នេះ​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​ផលិតកម្ម​របស់​ចិន​ បាន​នាំចេញ​ទំនិញ​របស់​ខ្លួន​ត្រឹមតែ៩ភាគរយ​នៃ​ទំនិញ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៧​។

របាយការណ៍​ស្រាវជ្រាវ​ស៊ីជម្រៅ​នេះ​បាន​សន្និដ្ឋាន​ថា​ ការប្រើ​ប្រាស់​ក្នុង​ស្រុក​មាន​ប្រមាណ៦០ភាគរយ​ នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ចន្លោះ​ពី​ខែ​ មករា​ ឆ្នាំ​ ២០១៥​ ដល់​ខែ​ ធ្នូ​ ឆ្នាំ​2018​ ហើយ​ការពឹងផ្អែក​លើ​ទីផ្សារ​ក្នុង​ស្រុក​ នឹង​ទំនងជា​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here