ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងប្រើសង្គ្រាមចិត្តសាស្រ្តដើម្បីបំបែកការដោះស្រាយរបស់ចិន ក្នុងជម្លោះពាណិជ្ជកម្មអាមេរិក និងចិន ហើយអាមេរិកបង្ខំចិន ឲ្យចរចារក្នុងជំហរមិនមានផលប្រយោជន៍ ដោយសារការភ័យខ្លាច។ នេះបើយោងតាមការផ្សាយរបស់របស់សារព័ត៌មាន Global Times។
ការពិពណ៌នានេះ បានចេញផ្សាយនៅថ្ងៃនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Trump បានធ្វើការអធិប្បាយលើការធ្លាក់ចុះនៃត្រីមាសទី២ នៃសេដ្ឋកិច្ចចិន។
យោងតាមទិន្នន័យចេញផ្សាយ ដោយការិយាល័យស្ថិតិជាតិរបស់ចិនបានឲ្យដឹងថា សេដ្ឋកិច្ចចិនបានធ្លាក់ចុះ មកនៅ
ត្រឹម ៦,២ភាគរយនៅត្រីមាសទី២ឆ្នាំនេះ ដែលជាអត្រាទាបបំផុតគិតពីឆ្នាំ ១៩៩២។
បន្ទាប់ពីការចេញផ្សាយរបាយការណ៍ លោកប្រធានាធិបតីអាមេរិក Trump បានធ្វើអត្ថាធិប្បាយយ៉ាងឆាប់រហ័ស លើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា សហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមពាណិជ្ជកម្ម និងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចចិន។
លោកប្រធានាធិបតីអាមេរិក Trump សរសេរថា “ពន្ធអាមេរិកកំពុងមានផលប៉ះពាល់យ៉ាងធំធេង ចំពោះក្រុមហ៊ុនដែលចង់ចាកចេញពីប្រទេសចិន សម្រាប់ប្រទេសដែលមិនជាប់ពន្ធគយ”។ លោកបានបន្ថែមថា “ក្រុមហ៊ុនរាប់ពាន់កំពុងចាកចេញពីប្រទេសចិន។ នេះហើយជាមូលហេតុដែលប្រទេសចិន ចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ហើយសង្ឃឹមថាវាមិនបានធ្វើឲ្យខូចកិច្ចព្រមព្រៀងដើមឡើយ”។
កាសែត Global Times បានឆ្លើយតបទៅនឹងការបង្ហោះ ក្នុងអត្ថាធិប្បាយខាងលើ ដោយសរសេរថា “តើវាមិនចម្លែកទេដែលក្រុងវ៉ាស៊ីនតោន មានទំនុកចិត្តបែបនេះក្នុងការសើចចំអកដល់ចិន នៅពេលដែលកំណើនសេដ្ឋកិច្ចទីពីររបស់ប្រទេសចិន មានទំហំទ្វេដងនៃទំហំនៃសហរដ្ឋអាមេរិក?”។
ជាក់ស្ដែង យោងទៅតាមក្រុមអ្នកវិភាគបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៃត្រីមាសទី២របស់អាមេរិកត្រូវបានរំពឹងថា នឹងធ្លាក់ចុះទាបជាងការរំពឹងទុក ហើយនឹងមានកំណើនតិចជាង២ភាគរយ។ ទិន្នន័យផ្លូវការក្នុងត្រីមាសទី២របស់អាមេរិក ត្រូវបានគេរំពឹងថានឹងត្រូវចេញផ្សាយនៅសប្តាហ៍ខាងមុខនេះ។
ក្រសួងការបរទេសចិនបានគាំទ្រដល់សារលិខិតនៃការបោះពុម្ពផ្សាយនៅថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានឲ្យដឹងថា “ចំពោះអ្វីដែលគេហៅថា ការអះអាងរបស់អាមេរិកថា ចិនមានបំណងចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច វាជាការយល់ច្រឡំទាំងស្រុង”។
លោកបន្ថែមថា “ការឈានដល់កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺមិនមែនជាមធ្យោបាយដែលភាគីចិន ចង់ដោះស្រាយឲ្យបានឆាប់នោះទេ។ ប្រជាជនអាមេរិកក៏ទាមទារឲ្យបញ្ចប់ជម្លោះនេះ ហើយប្រឆាំងនឹងការបង់ពន្ធបន្ថែមទៅលើការនាំចូលរបស់ចិន”។
ទស្សនរបស់លោកប្រធានាធិបតីអាមេរិក លោក Trump មិនអាចតំណាងឲ្យស្ថានភាពពិតបច្ចុប្បន្ននៅក្នុងសេដ្ឋកិច្ចចិននោះទេ។

របាយការណ៍វិភាគយ៉ាងស៊ីជម្រៅស្តីពី សេដ្ឋកិច្ចរបស់ប្រទេសចិន តាមរយៈក្រុមហ៊ុនប្រឹក្សា McKinsey ដែលទទួល ស្គាល់លើពិភពលោក បានរកឃើញថាកំណើនរបស់ចិនបានពឹងផ្អែកតិចតួចទៅលើការធ្វើពាណិជ្ជកម្ម ប៉ុន្តែពឹងផ្អែកកាន់តែខ្លាំងលើការប្រើប្រាស់ក្នុងស្រុក។ នោះគឺក្រុមហ៊ុនផលិតកម្មរបស់ចិនផ្តោតសំខាន់ លើការផ្គត់ផ្គង់ទំនិញសម្រាប់តម្រូវការរបស់ចិន។
ជាក់ស្តែង ក្រុមហ៊ុនផលិតកម្មរបស់ចិន កំពុងតែលក់ដាច់ច្រើននៅទីផ្សារក្នុងស្រុកជាជាងនៅលើពិភពលោក។
របាយការណ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតកម្មរបស់ចិន បាននាំចេញទំនិញរបស់ខ្លួនត្រឹមតែ៩ភាគរយនៃទំនិញរបស់ខ្លួននៅឆ្នាំ ២០១៧។
របាយការណ៍ស្រាវជ្រាវស៊ីជម្រៅនេះបានសន្និដ្ឋានថា ការប្រើប្រាស់ក្នុងស្រុកមានប្រមាណ៦០ភាគរយ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនចន្លោះពីខែ មករា ឆ្នាំ ២០១៥ ដល់ខែ ធ្នូ ឆ្នាំ2018 ហើយការពឹងផ្អែកលើទីផ្សារក្នុងស្រុក នឹងទំនងជាកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ៕






