ដោយ វុត្ថា
ភ្នំពេញ៖ ក្រោយចុះត្រួតពិនិត្យ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ ២១ ដែលបានសាងសងរួចហើយ មានភាពមិនប្រក្រតី ខុសបច្ចេកទេស និងគ្មានគុណភាព ហើយបានជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្ដោតលើគុណភាពជាចម្បង មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

-->
នៅក្នុងជំនួបពិភាក្សាការងារស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃគម្រោងសាងសង់ផ្លូវជាតិលេខ២១ ជាមួយគណៈប្រតិភូនៃវិទ្យាស្ថាន KICT ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ក្រសួង និងភាគីពាក់ព័ន្ធផងដែរ នៅថ្ងៃទី ១៧ ម្សិលមិញនេះ បានគូសបញ្ជាក់ពីភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងគុណភាពផ្លូវជាតិលេខ២១ បន្ទាប់ពីបានសាងសង់រួចរាល់ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសរបស់ក្រសួងត្រូវតែធ្វើការដោយផ្ដោតលើគុណភាពជាចម្បង មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីពាក់ព័ន្ធលើកឡើងពីបញ្ហាកង្វល់របស់ខ្លួន និងផ្តល់ធាតុចូលទាក់ទងនឹងភាពមិនប្រក្រតីទាំងនោះ ដើម្បីធ្វើផែនការសកម្មភាពក្នុងការជួសជុល កែតម្រូវផ្លូវនេះឱ្យមានគុណភាពទទួលយកបាន និងរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង។
លោករដ្ឋមន្ត្រីបន្តថា ក្រសួងនឹងបង្កើតក្រុមការងារមួយដើម្បីតាមដានការអនុវត្តការជួសជុលផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ ដែលសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។
កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ លោក ទេសរដ្ឋមន្ត្រីបានអញ្ជើញជិះកង់ចុះពិនិត្យមើលគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ហើយបានពិនិត្យឃើញផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ មានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យ KICT ពិនិត្យលទ្ធភាពជួយផ្តល់ជញ្ជីងថ្លឹងរថយន្តចល័តដើម្បីថ្លឹងរថយន្តដឹកទំនិញលើសកម្រិតកំណត់ ពិសេសថ្លឹងរថយន្តដែលធ្វើដំណើរក្នុងទិសដៅចរាចរណ៍ចេញពីប្រទេសវៀតណាមចូលមកកាន់ទឹកដីកម្ពុជា ដោយសារផ្លូវនេះមានលក្ខណៈតូចចង្អៀត មិនអាចសាងសង់ស្ថានីយថ្លឹងរថយន្តនៅម្ខាងផ្លូវជាប់ទន្លេបាសាក់បាន៕