ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​៖ ផ្លូវជាតិ​លេខ២១​ មាន​ភាព​មិន​ប្រក្រតី​ និង​គ្មាន​គុណភាព​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រោយ​ចុះ​ត្រួតពិនិត្យ​ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ ផ្លូវជាតិ​លេខ​ ២១​ ដែល​បាន​សាង​សង​រួចហើយ​ មាន​ភាព​មិន​ប្រក្រតី​ ខុស​បច្ចេកទេស​ និង​គ្មាន​គុណភាព​ ហើយ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្ដោត​លើ​គុណភាព​ជាចម្បង​ មុននឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ស្តី​ពី​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ២១​ ជាមួយ​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ KICT​ ដោយមាន​ការចូលរួម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​ នៅ​ថ្ងៃទី​ ១៧​ ម្សិលមិញ​នេះ​ បាន​គូសបញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​មួយចំនួន​ទាក់ទង​នឹង​គុណភាព​ផ្លូវជាតិ​លេខ២១​ បន្ទាប់ពី​បាន​សាងសង់​រួចរាល់​ និង​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ និង​មន្ត្រី​បច្ចេកទេស​របស់ក្រ​សួង​ត្រូវតែ​ធ្វើការ​ដោយ​ផ្ដោត​លើ​គុណភាព​ជាចម្បង​ មុននឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​លើកឡើង​ពី​បញ្ហា​កង្វល់​របស់​ខ្លួន​ និង​ផ្តល់​ធាតុ​ចូល​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ទាំងនោះ​ ដើម្បី​ធ្វើ​ផែនការ​សកម្មភាព​ក្នុង​ការ​ជួសជុល​ កែតម្រូវ​ផ្លូវ​នេះ​ឱ្យ​មានគុណ​ភាព​ទទួលយក​បាន​ និង​រឹងមាំ​ ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ក្រសួង​នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​តាមដាន​ការអនុវត្ត​ការ​ជួសជុល​ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​ជាតិ​លេខ២១​ ដែល​សាងសង់​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស​ ដោយ​ត្រង់​ចំណុច​ដែល​បាន​ជួសជុល​រួច​មានស្នាម​បែក​ ប្រេះ​ និង​សំបុក​មាន់​ជាច្រើន​កន្លែង​ និង​បាន​កំពុង​ទទួលរង​ការ​ខូច​ខា​តបណ្តើរ​ៗ។

កាលពី​ថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ២០១៩​ លោក​ ទេស​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជិះកង់​ចុះ​ពិនិត្យមើល​គុណភាព​ស្ថានភាព​សាងសង់​ផ្លូវជាតិ​លេខ២១​ ចាប់ពី​ពហុ​កីឡដ្ឋាន​ស្រុក​កោះធំ​ រហូតដល់​ភូមិ​ជ្រៃធំ​ ឃុំ​សំពៅពូន​ (ព្រំប្រទល់​ប្រទេស​វៀតណាម​) ស្ថិត​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ ហើយ​បាន​ពិនិត្យ​ឃើញ​ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​ជាតិ​លេខ២១​ មានស្នាម​បែក​ ប្រេះ​ និង​សំបុក​មាន់​ជាច្រើន​កន្លែង​។

ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ទេស​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ KICT​ ពិនិត្យ​លទ្ធភាព​ជួយ​ផ្តល់​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ដើម្បី​ថ្លឹង​រថយន្ត​ដឹកទំនិញ​លើសកម្រិត​កំណត់​ ពិសេស​ថ្លឹង​រថយន្ត​ដែល​ធ្វើដំណើរ​ក្នុង​ទិសដៅ​ចរាចរណ៍​ចេញពី​ប្រទេស​វៀតណាម​ចូល​មកកាន់​ទឹកដី​កម្ពុជា​ ដោយសារ​ផ្លូវ​នេះ​មាន​លក្ខណៈ​តូច​ចង្អៀត​ មិន​អាច​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ម្ខាង​ផ្លូវ​ជាប់​ទន្លេបាសាក់​បាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here