រដ្ឋមន្ត្រីពាណិជ្ជកម្មសឹង្ហបុរី ៖ កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា

0

ដោយ​ ​៖​ ​ម៉ៃ​ ​វីរៈ​

​សឹង្ហ​បុរី​ ​៖​ ​លោក​ ​ឆាន​ ​ឈុន​ស៊ឺង​ ​រដ្ឋ​មន្ដ្​រី​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​សិង្ហបុរី​បាន​ថ្លែង​ថា​ ​កម្ពុជា​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សឹង្ហ​បុរី​ ​ដែល​ប្រទេស​នេះ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​

ក្នុង​ពិធី​រៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​លោក​ ​ប៉ាន​ ​សូរ​ស័ក្ដិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ ​ដែល​បាន​ទស្សនកិច្ច​នៅ​សឹង្ហ​បុរី​នៅដើម​សប្តាហ៍​នេះ​ ​លោក​ ​ឆាន​ ​ឈុន​ស៊ឺង​ ​បាន​មានប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​ ​ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការនាំចេញ​ទំនិញ​មក​សិង្ហបុរី​ ​ប៉ុន្តែ​ការនាំចេញ​ដោយ​កម្ពុជា​មក​សិង្ហបុរី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។​

​ទោះជា​យ៉ាងនោះ​ក្ដី​ ​លោក​នៅតែ​មាន​សង្ឃឹម​ខ្ពស់​ ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​សិង្ហបុរី​ ​ដោយ​ការនាំចូល​ទំនិញ​ដូចជា​ ​បន្លែ​ ​ផ្លែឈើ​ ​ត្រី​សាច់​ ​ម្ហូប​សមុទ្រ​ ​សុទ្ធតែ​ជា​ទំនិញ​ដែល​សិង្ហបុរី​មាន​តម្រូវការ​ខ្ពស់​។​ ​ក្រៅពី​នេះ​កម្ពុជា​ក៏​មាន​សក្ដានុពល​ខ្ពស់​ ​ក្នុង​ការនាំចូល​មក​សិង្ហបុរី​នូវ​បរិក្ខារ​សំណង់​ ​ដូចជា​ ​ស៊ី​ម៉ង់​ត៍​ ​ខ្សាច់​ ​និង​ទៅ​អនាគត​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​និង​ថាមពល​ផង​ដែរ​។​

​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​លោក​ ​ឆាន​ ​ឈុន​ស៊ឹង​ ​ដោយ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ​គឺ​ស្របតាម​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន​ ​ក្នុង​ការជំរុញ​ឲ្យ​រឹតតែ​ច្រើនឡើង​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាស៊ាន​។​

​លោក​រដ្ឋ​មន្រ្ដី​កម្ពុជា​ក៏បាន​ណែនាំ​បន្ថែម​ដូចជា​ ​ម្រេច​កំពត​ ​ស្ករត្នោត​កំពង់ស្ពឺ​ ​និង​ក្រូចថ្លុង​កោះ​ទ្រុង​ ​ដែល​សុទ្ធតែ​ជា​ផលិតផល​កំណត់​ភូមិសាស្ត្រ​ ​ជាពិសេស​ម្រេច​កំពត​ដែល​ជា​ប្រភេទ​ម្រេច​ល្អ​លើសគេ​ ​និង​មានតម្លៃ​ខ្ពស់​។​ ​ក្រៅពី​នេះ​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ក៏បាន​ណែនាំ​អំពី​ផលិតផល​ស្វាយ​ ​និង​អង្ករ​បន្ថែម​ទៀត​ ​ព្រមទាំង​អញ្ជើញ​ក្រុមហ៊ុន​សិង្ហបុរី​ ​ឱ្យមក​ស្វែងយល់​បន្ថែម​ ​និង​រឹតតែ​ស៊ីជម្រៅ​ ​ពី​ផលិតផល​សក្ដានុពល​របស់​កម្ពុជា​។​

​ឆ្លើយតប​នឹង​ការ​អញ្ជើញ​នេះ​ ​ក្រុមហ៊ុន​ ​NTUC​ ​Fairprice​ ​ដែល​ជា​ប្រតិបត្តិ​ករ​ផ្សារ​ទំនើប​ ​(​Supermarket​)​ ​ជាច្រើន​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្ពស់​លើ​ផលិតផល​ស្វាយ​ ​ម្រេច​កំពត​ ​និង​អង្ករ​។​ ​លោក​តំណាង​ក្រុមហ៊ុន​ ​បាន​ជម្រាប​ជូន​ថា​លោក​នឹង​បញ្ជូន​សហការី​មក​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បី​សិក្សា​លម្អិត​ក្នុង​ការ​នាំ​ផលិតផល​ទាំងនោះ​មក​សិង្ហបុរី​។​

​ក្រុមហ៊ុន​ ​Enterprise​ ​Singapore​ ​ក៏​មាន​ចំណាប់​អារម្មណ៍​ខ្ពស់​ ​ព្រមទាំង​សង្ឃឹម​ចូលរួម​ក្នុង​ការ​ប្រឹក្សា​លើ​ការងារ​ ​ដូចជា​ ​នគរូបនីយកម្ម​ ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជាដើម​ ​។​ល​។​

LEAVE A REPLY

Please enter your comment!
Please enter your name here