ដោយ ៖ ម៉ៃ វីរៈ
សឹង្ហបុរី ៖ លោក ឆាន ឈុនស៊ឺង រដ្ឋមន្ដ្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានថ្លែងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសសឹង្ហបុរី ដែលប្រទេសនេះកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ក្នុងពិធីរៀបចំអាហារថ្ងៃត្រង់ជូនលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារមួយចំនួន ដែលបានទស្សនកិច្ចនៅសឹង្ហបុរីនៅដើមសប្តាហ៍នេះ លោក ឆាន ឈុនស៊ឺង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី ប៉ុន្តែការនាំចេញដោយកម្ពុជាមកសិង្ហបុរីក្នុងពេលបច្ចុប្បន្ននៅមានចំនួនតិចតួចនៅឡើយ។
ទោះជាយ៉ាងនោះក្ដី លោកនៅតែមានសង្ឃឹមខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដោយការនាំចូលទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ម្ហូបសមុទ្រ សុទ្ធតែជាទំនិញដែលសិង្ហបុរីមានតម្រូវការខ្ពស់។ ក្រៅពីនេះកម្ពុជាក៏មានសក្ដានុពលខ្ពស់ ក្នុងការនាំចូលមកសិង្ហបុរីនូវបរិក្ខារសំណង់ ដូចជា ស៊ីម៉ង់ត៍ ខ្សាច់ និងទៅអនាគតអាចផ្គត់ផ្គង់ទឹកស្អាត និងថាមពលផងដែរ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយល់ស្របចំពោះការលើកឡើងរបស់លោក ឆាន ឈុនស៊ឹង ដោយការពង្រឹងកិច្ចសហប្រតិបត្តិការនេះ គឺស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ាន ក្នុងការជំរុញឲ្យរឹតតែច្រើនឡើងនូវការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន។
លោករដ្ឋមន្រ្ដីកម្ពុជាក៏បានណែនាំបន្ថែមដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រុង ដែលសុទ្ធតែជាផលិតផលកំណត់ភូមិសាស្ត្រ ជាពិសេសម្រេចកំពតដែលជាប្រភេទម្រេចល្អលើសគេ និងមានតម្លៃខ្ពស់។ ក្រៅពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានណែនាំអំពីផលិតផលស្វាយ និងអង្ករបន្ថែមទៀត ព្រមទាំងអញ្ជើញក្រុមហ៊ុនសិង្ហបុរី ឱ្យមកស្វែងយល់បន្ថែម និងរឹតតែស៊ីជម្រៅ ពីផលិតផលសក្ដានុពលរបស់កម្ពុជា។
ឆ្លើយតបនឹងការអញ្ជើញនេះ ក្រុមហ៊ុន NTUC Fairprice ដែលជាប្រតិបត្តិករផ្សារទំនើប (Supermarket) ជាច្រើននៅក្នុងប្រទេសសិង្ហបុរី បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើផលិតផលស្វាយ ម្រេចកំពត និងអង្ករ។ លោកតំណាងក្រុមហ៊ុន បានជម្រាបជូនថាលោកនឹងបញ្ជូនសហការីមកកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីសិក្សាលម្អិតក្នុងការនាំផលិតផលទាំងនោះមកសិង្ហបុរី។
ក្រុមហ៊ុន Enterprise Singapore ក៏មានចំណាប់អារម្មណ៍ខ្ពស់ ព្រមទាំងសង្ឃឹមចូលរួមក្នុងការប្រឹក្សាលើការងារ ដូចជា នគរូបនីយកម្ម ហេដ្ឋរចនាសម្ព័ន្ធជាដើម ។ល។






