គម្រោង​អភិវឌ្ឍ​ផ្សារ​បណ្ដែត​ទឹក​លើកដំបូង​នៅ​ខេត្តសៀមរាប​រង់ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​

0
រូបតំណាង

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ គម្រោង​អភិវឌ្ឍ​សាងសង់​ផ្សា​រប​ណ្តែ​ទឹក​លើកដំបូង​ នៅ​ស្រុក​បន្ទាយ​ស្រី​ ខេត្តសៀមរាប​កំពុង​ស្ថិត​ក្នុង​ដំណើរការ​រៀបចំ​និ​តិ​វិធី​ និង​ការងារ​បច្ចេកទេស​ ដោយ​រង់ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​ ដើម្បី​ក្រុមហ៊ុន​អាច​ដំណើរការ​សាងសង់​ផ្សារ​នេះ​។

រូបតំណាង

គំរោង​នេះ​ស្ថិត​ក្រោម​ការ​សហការ​វិនិយោគ​រួមគ្នា​ រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន១​ និង​ក្រុមហ៊ុន​ថៃ​ចំនួន៣​ ដែល​លើកឡើង​តាំងពី​ដើមឆ្នាំ២០១៩នោះ​ ពេលនេះ​នៅ​មិនទាន់​មាន​សកម្មភាព​នៅ​ឡើ​ត ដោយហេតុ​ផល​ថា​ រដ្ឋាភិបាល​មិនទាន់​សម្រេច​អនុញ្ញាត​ច្បាប់​ឱ្យ​សាងសង់​។

ផ្សារ​បណ្តែត​ទឹកដែល​គ្រោង​នឹង​អភិវឌ្ឍ​នៅ​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ គឺជា​គម្រោង១ក្នុងចំណោម​គម្រោង​ចំនួន៣​ នៃ​ការ​បណ្តាក់​ទុន​វិនិយោគ​សរុប​ជាង២០០លាន​ដុល្លារ​។ ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ​ចំនួន៣​ ដែល​ចូលរួម​នៅក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា​ រួមមាន​ ក្រុមហ៊ុន​ Sin​ Corp​ ក្រុមហ៊ុន​ Chang​ Siem​ Corporation​ និង​ក្រុមហ៊ុន​ TPI​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ី​ម៉​ត៍​ខន​គ្រីត​ធំជាង​គេ​នៅ​ប្រទេស​ថៃ​។

លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ ដែល​ជា​សហ​ភាគហ៊ុន​និក​នៅក្នុង​គម្រោង​ទាំង៣ខាងលើ​នេះ​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ គម្រោង​ទាំង៣ខាងលើ​នេះ​ រួមមាន​ ការ​អភិវឌ្ឍ​ផ្សារ​បណ្តែត​ទឹក​ ​គម្រោង​វិស័យ​លំនៅ​ដ្ឋាន​ និង​គម្រោង​អភិវឌ្ឍ​សួន​សិប្បនិម្មិត​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​បន្ទាយស្រី​។

លោក​បន្ត​ទៀត​ថា​ “គម្រោង​អភិវឌ្ឍ​ផ្សារ​បណ្តែត​ទឹក​ ដែល​មានផ្ទៃ​ទំហំ៥០ហិ​កតា​ ក្រុមហ៊ុន​បាន​រៀបចំ​ និង​ត្រៀម​បច្ចេកទេស​​ក្នុង​ការសាងសង់​រួចអស់ហើយ​ ហើយក៏​បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​រួចរាល់​ហើយ​ដែរ​ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​ នៅ​មិនទាន់​បាន​ចេញ​សកម្មភាព​នៅឡើយ​”។ លោក​បន្ត​ថា​ “ក្រុមហ៊ុន​នៅ​មិនទាន់​ទទួល​បានការ​លិខិតអនុញ្ញាត​តប​តាម​ការ​ស្នើសុំ​នោះ​ទេ​ ហើយ​ខាង​ក្រុមហ៊ុន​រង់ចាំ​តែ​ការ​អនុញ្ញាត្ត​នឹង​ចាប់ផ្តើម​ចេញ​សកម្មភាព​ភ្លាម​”។

​;លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​បង្ហើប​ប្រាប់​ទៀត​ថា​ “ដៃគូ​សហការ​ជនជាតិ​ថៃ​ គាត់​សួ​ខ្ញុំ​ថា​ រត់ការ​ច្បាប់​អនុញ្ញាត​សាងសង់​នៅ​ប្រទេសខ្មែរ​ ដូចជា​ គម្រោង​ផ្សារ​ទឹក​ សួនសត្វ​ និង​រី​សត​របស់​គាត់​ តើ​ត្រូវការ​ពេល​ប៉ុន្មាន​ថ្ងៃ​ ទើបបាន​ច្បាប់​អនុញ្ញាត​សាងសង់​ ? ខ្ញុំ​ប្រាប់​គាត់​ថា​ មិន​អាច​កំណត់​ថ្ងៃ​បានទេ​ ច្បាប់​អនុញ្ញាត​ទៅតាម​ទំហំ​ទឹកប្រាក់​នៃ​គម្រោង​ ប្រភេទ​គម្រោង​ សុំ​នៅ​ស្ថាប័ន​ ក្រសួង​ពាណិជ្ជកម្ម​ (លក្ខន្តិកៈ​ក្រុមហ៊ុន​ និង​ប័ណ្ណប៉ាតង់​) ស្ថាប័ន​ CDC​ (ច្បាប់​វិនិយោគ​) ក្រសួងបរិស្ថាន​ ធ្វើ​របាយការណ៍​ផល​ប៉ះពាល់​ EIA​ និង​ក្រសួង​រៀបចំ​ដែនដី​ (ច្បាប់​សាងសង់​)យ៉ាង​លឿន៥ខែ​ និង​យូរ​បំផុត១ឆ្នាំ​កន្លះ​ រហូតដល់២ឆ្នាំ​កន្លះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​ប្រទេស​ថៃ​ការ​ទទួល​បានច្បាប់​អនុញ្ញាត​គឺ​ចំណាយពេល​តិច​បើ​លឿន៣សប្តាហ៏​ ប៉ុន្តែ​បើ​យូរ​មាន​រយៈពេល​តែ១ខែ​កន្លះ​តែប៉ុណ្ណោះ​ គេ​មិន​ឱ្យ​ស្ទះ​ទេ​បើ​គម្រោង​នោះ​ បម្រើ​ដល់​ផលប្រយោជន៍​សាធារណៈ​ ហើយ​អាច​សុំច្បាប់​បណ្តើរ​ អាច​សាងសង់​បណ្តើរ​ក៏បាន​”។

ជាមួយនឹង​ការ​ទន្ទឹងរង់ចាំ​ការអនុញ្ញាត​ច្បាប់​សាងសង់​នេះ​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ ក៏បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ គួរ​ពិចារណា​កែសម្រួល​ ប្រព​ន្ឋ័​ច្បាប់​អនុញ្ញាត​នេះ​ផង​។ ​;ការ​ចាយ​ពេល​យូរ​ និង​មាន​គន្លុ​កគន្លាក់​ច្រើន​ គួរតែ​សិក្សា​ពី​ប្រទេសជិតខាង​។ប្រទេស​យើង​មិនទាន់​រលូន​ល្អ​ទេ​ អ្នក​វិនិយោគ​រង់ចាំ​យូរ​ អាច​ធ្វើ​ឱ្យ​គេ​ធុញទ្រាន់​ ឬអាច​ធ្វើ​ឱ្យ​ពួកគេ​ផ្លាស់​ប្តូរ​គំនិត​បាន​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ និ​តិ​វិធី​នៃ​ការសម្រប​សម្រួល​ និង​សម្រេច​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​កាលពី​ពេល​កន្លងមក​ គឺ​មាន​ភាពយឺត​យ៉ាវ​ជា​ខ្លាំង​ ដែល​ជាហេតុ​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ទៅដល់​ដំណើរការ​ និង​គម្រោង​អភិវឌ្ឍ​នានា​។ លោក​បាន​បន្ត​ទៀត​ថា​ ជា​ការពិត​ នៅពេល​មានការ​ពន្លឿន​ ក្នុង​ការរៀបចំ​ឯក​សារ​ផ្សេង​ៗ ពិតជា​បាន​ចូលរួម​ជួយ​ដល់​រាជរដ្ឋាភិបាល​ ក្នុង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ ហើយក៏​ជា​ការ​ជួយ​ជំរុញ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​ ជាពិសេស​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​។

​លោក​បាន​សង្កត់ធ្ងន់​ថា​ “ការ​ពន្លឿន​នីតិវិធី​នេះ​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​នៅក្នុង​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួកគេ​”។ លោក​បន្ថែម​ថា​ “នៅពេល​នីតិវិធី​យឺតយ៉ាវ​ អាច​ធ្វើ​ឱ្យ​ម្ចាស់​គម្រោង​មួយចំនួន​បង្ខំចិត្ត​សាងសង់​ និង​លក់​ដោយ​មិន​សុំច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here