រូបតំណាង
ដោយៈ រ៉ាណេត
សៀមរាបៈ គម្រោងអភិវឌ្ឍសាងសង់ផ្សារបណ្តែទឹកលើកដំបូង នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបកំពុងស្ថិតក្នុងដំណើរការរៀបចំនិតិវិធី និងការងារបច្ចេកទេស ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាល ដើម្បីក្រុមហ៊ុនអាចដំណើរការសាងសង់ផ្សារនេះ។
រូបតំណាង
គំរោងនេះស្ថិតក្រោមការសហការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនក្នុងស្រុកចំនួន១ និងក្រុមហ៊ុនថៃចំនួន៣ ដែលលើកឡើងតាំងពីដើមឆ្នាំ២០១៩នោះ ពេលនេះនៅមិនទាន់មានសកម្មភាពនៅឡើត ដោយហេតុផលថា រដ្ឋាភិបាលមិនទាន់សម្រេចអនុញ្ញាតច្បាប់ឱ្យសាងសង់។
-->
ផ្សារបណ្តែតទឹកដែលគ្រោងនឹងអភិវឌ្ឍនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺជាគម្រោង១ក្នុងចំណោមគម្រោងចំនួន៣ នៃការបណ្តាក់ទុនវិនិយោគសរុបជាង២០០លានដុល្លារ។ ក្រុមហ៊ុនមកពីប្រទេសថៃចំនួន៣ ដែលចូលរួមនៅក្នុងការបណ្តាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុននៅកម្ពុជា រួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីតធំជាងគេនៅប្រទេសថៃ។
លោកសាស្ត្រាចារ្យ ទួស សាភឿន ដែលជាសហភាគហ៊ុននិកនៅក្នុងគម្រោងទាំង៣ខាងលើនេះ បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះថា គម្រោងទាំង៣ខាងលើនេះ រួមមាន ការអភិវឌ្ឍផ្សារបណ្តែតទឹក គម្រោងវិស័យលំនៅដ្ឋាន និងគម្រោងអភិវឌ្ឍសួនសិប្បនិម្មិត ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី។
លោកបន្តទៀតថា “គម្រោងអភិវឌ្ឍផ្សារបណ្តែតទឹក ដែលមានផ្ទៃទំហំ៥០ហិកតា ក្រុមហ៊ុនបានរៀបចំ និងត្រៀមបច្ចេកទេសក្នុងការសាងសង់រួចអស់ហើយ ហើយក៏បានដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាលរួចរាល់ហើយដែរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់បានចេញសកម្មភាពនៅឡើយ”។ លោកបន្តថា “ក្រុមហ៊ុននៅមិនទាន់ទទួលបានការលិខិតអនុញ្ញាតតបតាមការស្នើសុំនោះទេ ហើយខាងក្រុមហ៊ុនរង់ចាំតែការអនុញ្ញាត្តនឹងចាប់ផ្តើមចេញសកម្មភាពភ្លាម”។
;លោកសាស្រ្តាចារ្យទួស សាភឿនបានបង្ហើបប្រាប់ទៀតថា “ដៃគូសហការជនជាតិថៃ គាត់សួខ្ញុំថា រត់ការច្បាប់អនុញ្ញាតសាងសង់នៅប្រទេសខ្មែរ ដូចជា គម្រោងផ្សារទឹក សួនសត្វ និងរីសតរបស់គាត់ តើត្រូវការពេលប៉ុន្មានថ្ងៃ ទើបបានច្បាប់អនុញ្ញាតសាងសង់ ? ខ្ញុំប្រាប់គាត់ថា មិនអាចកំណត់ថ្ងៃបានទេ ច្បាប់អនុញ្ញាតទៅតាមទំហំទឹកប្រាក់នៃគម្រោង ប្រភេទគម្រោង សុំនៅស្ថាប័ន ក្រសួងពាណិជ្ជកម្ម (លក្ខន្តិកៈក្រុមហ៊ុន និងប័ណ្ណប៉ាតង់) ស្ថាប័ន CDC (ច្បាប់វិនិយោគ) ក្រសួងបរិស្ថាន ធ្វើរបាយការណ៍ផលប៉ះពាល់ EIA និងក្រសួងរៀបចំដែនដី (ច្បាប់សាងសង់)យ៉ាងលឿន៥ខែ និងយូរបំផុត១ឆ្នាំកន្លះ រហូតដល់២ឆ្នាំកន្លះ”។
លោកបានបន្តទៀតថា “នៅប្រទេសថៃការទទួលបានច្បាប់អនុញ្ញាតគឺចំណាយពេលតិចបើលឿន៣សប្តាហ៏ ប៉ុន្តែបើយូរមានរយៈពេលតែ១ខែកន្លះតែប៉ុណ្ណោះ គេមិនឱ្យស្ទះទេបើគម្រោងនោះ បម្រើដល់ផលប្រយោជន៍សាធារណៈ ហើយអាចសុំច្បាប់បណ្តើរ អាចសាងសង់បណ្តើរក៏បាន”។
ជាមួយនឹងការទន្ទឹងរង់ចាំការអនុញ្ញាតច្បាប់សាងសង់នេះ លោកសាស្ត្រាចារ្យ ទួស សាភឿន ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល គួរពិចារណាកែសម្រួល ប្រពន្ឋ័ច្បាប់អនុញ្ញាតនេះផង។ ;ការចាយពេលយូរ និងមានគន្លុកគន្លាក់ច្រើន គួរតែសិក្សាពីប្រទេសជិតខាង។ប្រទេសយើងមិនទាន់រលូនល្អទេ អ្នកវិនិយោគរង់ចាំយូរ អាចធ្វើឱ្យគេធុញទ្រាន់ ឬអាចធ្វើឱ្យពួកគេផ្លាស់ប្តូរគំនិតបាន។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី ក៏បានលើកឡើងផងដែរថា និតិវិធីនៃការសម្របសម្រួល និងសម្រេចរបស់ស្ថាប័នពាក់ព័ន្ធក្នុងវិស័យនេះកាលពីពេលកន្លងមក គឺមានភាពយឺតយ៉ាវជាខ្លាំង ដែលជាហេតុបង្កឱ្យមានការប៉ះពាល់ទៅដល់ដំណើរការ និងគម្រោងអភិវឌ្ឍនានា។ លោកបានបន្តទៀតថា ជាការពិត នៅពេលមានការពន្លឿន ក្នុងការរៀបចំឯកសារផ្សេងៗ ពិតជាបានចូលរួមជួយដល់រាជរដ្ឋាភិបាល ក្នុងទាក់ទាញការវិនិយោគកាន់តែច្រើន ហើយក៏ជាការជួយជំរុញឱ្យវិស័យសេដ្ឋកិច្ច ជាពិសេសវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានភាពរីកចម្រើន។
លោកបានសង្កត់ធ្ងន់ថា “ការពន្លឿននីតិវិធីនេះ មានសារសំខាន់ណាស់ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យពួកគេមានពេលវេលាគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេ”។ លោកបន្ថែមថា “នៅពេលនីតិវិធីយឺតយ៉ាវ អាចធ្វើឱ្យម្ចាស់គម្រោងមួយចំនួនបង្ខំចិត្តសាងសង់ និងលក់ដោយមិនសុំច្បាប់ឱ្យបានត្រឹមត្រូវ”៕