ប្រែសម្រួលដល់ ប៊ី
ភ្នំពេញៈ ការអភិវឌ្ឍក្នុងតំបន់អាស៊ីនឹងរក្សាបាននូវភាពរ៉ឹងមាំ ហើយកំណើនសេដ្ឋកិច្ចមានភាពស្ថិតស្ថេរនេះនៅឆ្នាំ ២០១៩ និងឆ្នាំ២០២០ ខណៈតម្រូវការក្នុងស្រុកមានការគាំទ្រ ក្នុងការទប់ស្កាត់បរិយាកាសនៃភាពតានតឹងពាណិជ្ជកម្មសកល។ នេះបើយោងតាមរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃនេះ។

-->
នៅក្នុងរបាយការណ៍ស្តីពី ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ធនាគារអភវិឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាស៊ីនឹងកើនឡើង ៥,៧ភាគរយក្នុងឆ្នាំ ២០១៩ និង ៥,៦ភាគរយនៅឆ្នាំ២០២០ ដែលមិនមានការប្រែប្រួលពីការព្យាករណ៍កាលពីខែ មេសា។ អត្រាកំណើនទាំងនេះមានការធ្លាក់ចុះតិចតួចធៀបនឹងឆ្នាំមុន ដែលតំបន់នេះសម្រេចបានការរីកចម្រើនសេដ្ឋកិច្ច ៥,៩ភាគរយនៅអាស៊ីក្នុងឆ្នាំ២០១៨។
ដោយមិនរាប់បញ្ចូលសេដ្ឋកិច្ច នៃបណ្តាប្រទេសឧស្សាហកម្មដូចជាក្រុងហុងកុង សាធារណរដ្ឋកូរ៉េ សិង្ហបុរី និងតៃប៉ិ កំណើនសេដ្ឋកិច្ចក្នុងតំបន់ ត្រូវបានកែតម្រូវឡើងវិញដែលមានចាប់ពី ៦,២ភាគរយ ដល់ ៦,១ភាគរយក្នុងឆ្នាំ២០១៩ និងរក្សាបានកម្រិតដដែលនៅឆ្នាំ ២០២០។
ភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅតែជាហានិភ័យអវិជ្ជមានធំបំផុតចំពោះទស្សនវិស័យនេះ បើទោះបីជាមានការឈប់ផ្អាកសង្រ្គាមពាណិជ្ជកម្ម នៅចុងខែ មិថុនា ដែលអាចអនុញ្ញាតឱ្យមានការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា “ទោះបីជាជម្លោះពាណិជ្ជកម្មនៅតែបន្តក៏ដោយ ក៏តំបន់នេះបានរក្សាកំនើនបានរឹងមាំ ប៉ុន្តែមានកម្រិតមធ្យម”។ ទោះជាយ៉ាងណារហូតលោកថ្លែងថា ភាពប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់នេះ អាស្រ័យលើប្រទេសសេដ្ឋកិច្ចធំជាងគេពីរ នៅលើពិភពលោកឈានដល់កិច្ចព្រមព្រៀង”។
ទស្សនវិស័យកំណើនសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ីបូព៌ាក្នុងឆ្នាំ២០១៩ ត្រូវបានកែតម្រូវមកនៅត្រឹម៥,៦ភាគរយ ដោយសារតែសកម្មភាពយឺតជាងការរំពឹងទុកនៅក្នុងសាធារណរដ្ឋកូរ៉េ។
ទស្សនវិស័យកំណើនសេដ្ឋកិច្ចនៃអនុតំបន់ មានកំនើន៥,៥ភាគរយសម្រាប់ឆ្នាំ ២០២០ដែលមិនផ្លាស់ប្តូរទេចាប់ពីខែ មេសា។ ការរីកចម្រើនសម្រាប់ប្រទេសចិនដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់ គឺមិនមានការផ្លាស់ប្តូរឡើយ ដោយការព្យាករណ៍ថាសេដ្ឋកិច្ចចិននឹងសម្រេចបានកំនើន៦,៣ភាគរយនៅឆ្នាំ ២០១៩ និង៦,១ ភាគរយនៅឆ្នាំ ២០២០ ដោយសារតែគោលនយោបាយគាំទ្រដល់ កំណើនតម្រូវការក្នុងស្រុក និងខាងក្រៅ។
សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចនៅតំបន់អាស៊ីខាងត្បូង ក៏បង្ហាញពីភាពរឹងមាំ ជាមួយនឹងកំណើន៦,៦ភាគរយនៅឆ្នាំ២០១៩ និង៦,៧ភាគរយនៅឆ្នាំ២០២០ ថ្វីបើមានការធ្លាក់ចុះទាបជាងការព្យាករណ៍នៅក្នុងខែមេសាក៏ដោយ។ ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ត្រូវបានកាត់បន្ថយមកត្រឹម៧,០ភាគរយក្នុងឆ្នាំ២០១៩ និង៧,២ ភាគរយនៅឆ្នាំ ២០២០ ព្រោះនៅឆ្នាំ២០១៨បានធ្លាក់ចុះ។
ទស្សនវិស័យសម្រាប់អាស៊ីអាគ្នេយ៍ ត្រូវបានធ្លាក់ចុះបន្តិចបន្តួចដល់ ៤,៨ ភាគរយក្នុងឆ្នាំ២០១៩ និង៤,៩ ភាគរយនៅឆ្នាំ២០២០ ដោយសារតែភាពជាប់គាំងផ្នែកពាណិជ្ជកម្ម និងការធ្លាក់ចុះនៅក្នុងវដ្តអេឡិចត្រូនិច។ នៅអាស៊ីកណ្តាល ទស្សនវិស័យកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ ត្រូវបានកែឡើងវិញ ដែលតំបន់នេះមានកំនើនដល់៤,៣ ភាគរយ ដោយសារទស្សនវិស័យប្រសើរឡើងសម្រាប់ប្រទេសកាហ្សាក់ស្ថាន។ ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់អាស៊ីកណ្តាល គឺ៤,២ភាគរយ សម្រាប់ឆ្នាំ២០២០ ដែលមិនផ្លាស់ប្តូរទេចាប់ពីខែ មេសា។
ជាមួយគ្នានេះ ទស្សនវិស័យកំណើនសេដ្ឋកិច្ចនៅតំបន់ប៉ាស៊ីហ្វិក មានក្នុងរង្វង់៣,៥ ភាគរយក្នុងឆ្នាំ២០១៩ និង៣,២ភាគរយក្នុងឆ្នាំ២០២០។ ទិន្នន័យកំនើននេះមិនផ្លាស់ប្តូរទេ ខណៈដែលតំបន់នេះនៅតែបន្តរើបឡើងវិញ ពីផលប៉ះពាល់នៃព្យុះ Cyclone Gita និងការរញ្ជួយដីនៅប៉ាពួញូហ្គីណេ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់នេះ។
សេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មសំខាន់ៗ មានការប្រែប្រួលបន្តិចបន្តួចចំពោះការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក បានកែតម្រូវឡើងវិញរហូតដល់២,៦ភាគរយសម្រាប់ឆ្នាំ២០១៩ ហើយតំបន់អឺរ៉ុបបានកែតម្រូវវិញមកត្រឹម ១,៣ភាគរយ។ ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ក៏មិនមានការផ្លាស់ប្តូរទេត្រឹម ០,៨ ភាគរយក្នុងឆ្នាំ២០១៩ និង ០,៦ ភាគរយនៅឆ្នាំ២០២០។

ការព្យាករណ៍កំណើនអតិផរណានៅអាស៊ី ត្រូវបានគេកែតម្រូវឡើងវិញពី ២,៥ ភាគរយ ទៅ២,៦ភាគរយសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលឆ្លុះបញ្ចាំងពីតម្លៃប្រេងខ្ពស់ និងកត្តាក្នុងស្រុកជាច្រើន ដូចជា ការបន្តផ្ទុះឡើងនៃជំងឺគ្រុនជ្រូកអាហ្រ្វិកនៅក្នុងបណ្តាប្រទេសនៅអាស៊ីជាច្រើន ដែលត្រូវបានគេរំពឹងថានឹងបង្កើនតម្លៃសាច់ជ្រូកនៅចិន។
ធនាគារអភិវឌ្ឍន៍អាស៊ីបានប្តេជ្ញា ក្នុងការសំរេចបាននូវតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងមាននិរន្តភាព ខណៈដែលកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ភាពក្រីក្រ៕