ចំណេះដឹង​! តើ​មុខទំនិញ​នាំចូល​អ្វីខ្លះ​ដែល​ត្រូវលើ​កលែង​ពន្ធ​ និង​អាករ​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ អនុលោម​ទៅតាម​បញ្ញត្តិ​មាត្រា២៦នៃ​ច្បាប់​ស្តី​ពី​ “គយ​” ការលើកលែង​ពន្ធ​និង​អាករ​ ត្រូវ​បាន​ផ្តល់​ជូនចំពោះ​ទំនិញ​និង​អ្នកនាំ​ចូល​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងក្រោម​៖

ក. ​ទំនិញ​សម្រាប់​បេសកកម្ម​ការទូត​ ឬបេសកកម្ម​កុងស៊ុល​បរទេស​ អង្គការ​អន្តរជាតិ​ និង​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​ របស់​រដ្ឋាភិបាល​ផ្សេងទៀត​ ដើម្បី​ប្រើប្រាស់​ក្នុង​ការិយកិច្ច​នៃ​មុខងារ​ជា​ផ្លូវការ​ ដោយមាន​ការ​បញ្ជាក់​ពី​ប្រធាន​ បេសកកម្ម​ និង​ពី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​ អន្តរជាតិ​។

ខ. ​ទំនិញ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ របស់​បុគ្គលិក​ផ្លូវការ​នៃ​បេសកកម្ម​ និង​អង្គការ​ដូច​បាន​រៀបរាប់​នៅក្នុង​ វាក្យខណ្ឌ​ ក នៃ​ប្រការ​នេះ​។ ការអនុវត្ត​នូវ​វាក្យខណ្ឌ​នេះ​ និង​វាក្យខណ្ឌ​ ក នៃ​ប្រការ​នេះ​ត្រូវ​ផ្អែកលើ​ គោលការណ៍​ច្បាប់អន្តរជាតិ​ ​និង​គោលការណ៍​បដិការ​ រវាង​ រដ្ឋាភិបាល​ពាក់​ព័ន្ឋ។

គ. ទំនិញ​មាន​ដើមកំណើត​កម្ពុជា​ ឬទំនិញ​នាំចូល​ដែល​បាន​បង់​ពន្ឋ​ និង​អាករ​រួច​ ដែល​ចេញពី​ដែន​គយ​ ហើយ​ត្រូវ​នាំចូល​ត្រឡប់​ ពី​បរទេស​មកវិញ​ដោយ​ពុំ​មានការ​បង្កើន​តម្លៃ​។

ឃ. ​ទំនិញ​ដែល​ត្រូវលើ​កលែង​ពន្ឋ​ និង​អាករ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់ផ្សេង​ទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ង. ​ទំនិញ​ជាអំណោយ​សម្រាប់​មនុស្សធម៌​ ទំនិញ​សម្រាប់​ការស្រាវជ្រាវ​ និង​គោលបំណង​វិទ្យាសាស្ត្រ​ ទំនិញ​គំរូ​ និង​ទំនិញ​តាំងពិព័រណ៍​ដែល​គ្មាន​តម្លៃ​ពាណិជ្ជកម្ម​ មឈូស​ដែល​មាន​សាកសព​មនុស្ស​។

ច. ទំនិញ​នាំចូល​ដែល​មានតម្លៃ​ និង​បរិមាណ​ច្បាស់លាស់​មួយចំនួន​តាម​ការកំណត់​របស់​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ដែល​នាំចូល​ដោយ​អ្នកដំណើរ​ អ្នកបម្រើ​ការ​តាមមធ្យោបាយ​ ដឹកជញ្ជូន​ និង​ជន​ទាំងឡាយ​ដែល​ឆ្លងកាត់​ព្រំដែន​។

ឆ. ​ទំនិញ​ដែល​ចូលក្នុង​ដែន​គយ​សម្រាប់​ឆ្លងកាត់​ ឬផ្ទេរ​មធ្យោបាយ​ដឹកជញ្ជូន​។

ជ. ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​លើកលែងតែ​យានយន្ត​ ដែល​នាំចូល​ដោយ​ បុគ្គល​ដែល​ផ្លាស់​ប្តូរ​លំនៅ​ ស្ថាន​មក​កម្ពុជា​ក្នុង​បរិមាណ​ដែល​កំណត់​ដោយ​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​។

ឈ. បរិក្ខារ​ឧស្សាហកម្ម​ និង​សម្ភារ​ផ្សេងទៀត​ ដែល​ជា​តម្រូវការ​សម្រាប់​ប្រតិបត្តិ​ការ​ និង​ការ​ថែរក្សា​បរិក្ខារ​ទាំងនេះ​ ដែល​ប្រើប្រាស់​នៅក្នុង​សមុទ្រ​សម្រាប់​ការរុករក​ និង​ទាញ​យក​ផលិតផល​តេល​សិលា​ និង​សារធាតុ​ខនិជ​និង​សរីរាង្គ​ផ្សេង​ ទៀត​តាម​ការសម្រេច​របស់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ញ. ​ទំនិញ​ផ្សេងទៀត​តាម​ការសម្រេច​ របស់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

បុគ្គល​ដែល​នាំចូល​ទំនិញ​ក្រោម​បញ្ញត្តិ​នៃ​កថា​ ខណ្ឌ​ខាងលើ​ត្រូវ​ផ្តល់​នូវ​ឯកសារ​ជា​ភស្តុតាង​ដល់​ រដ្ឋបាល​គយ​ថា​ ទំនិញ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ទទួល​បានការ​លើកលែង​ពន្ធ​ និង​អាករ​។

អង្គការ​នានា​ និង​បុគ្គល​ ដែល​មានបំណង​ស្នើសុំ​ការលើកលែង​ពន្ធ​ និង​អាករ​លើ​ទំនិញ​នាំចូល​ក្រោម​ បញ្ញត្តិ​កថាខណ្ឌ​ ក និង​ កថាខណ្ឌ​ ខ ខាងលើ​ត្រូវ​មានការ​អនុញ្ញាត​ជាមុន​ពី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ស្របតាម​នីតិវិធី​ជាធរមាន​។

បុគ្គល​ដែល​មានបំណង​នាំចូល​ទំនិញ​ ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​វិនិយោគ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ អនុវត្ត​តាម​នីតិវិធី​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជាធរមាន​។

ការលើកលែង​ជា​ភាគ​នូវ​ពន្ធ​ និង​អាករ​នាំចូល​ ត្រូវ​បាន​ផ្តល់​ចំពោះមុខ​ទំនិញ​ និង​អ្នកនាំ​ចូល​មួយចំនួន​ស្រប​ តាម​បញ្ញត្តិ​មាត្រា​ ២៧​ នៃ​ច្បាប់​ស្តី​ពី​គយ​។ ទំនិញ​ដែល​ត្រូវ​បាន​លើកលែង​ជា​ភាគ​នូវ​ពន្ធ​ និង​អាករ​នាំចូល​ មាន​ដូច​ខាងក្រោម​ ៖

• ទំនិញ​ និង​សម្ភារៈ​ដែល​ត្រូវ​បាន​លើកលែង​ជា​ភាគ​នូវ​ពន្ធ​ និង​អាករ​នាំចូល​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ ណាមួយ​ជាធរមាន​។

• ពូជ​ដំណាំ​ និង​ពូជសត្វ​សម្រាប់​កសិកម្ម​។

• ទំនិញ​ដែល​នឹង​ត្រូវ​ទទួលការ​ជួសជុល​ ការកែច្នៃ​ឬពិសោធន៍​។

• ទំនិញ​ដែល​បាន​នាំចូល​វិញ​តាម​សភាព​ដើម​។

• ទំនិញ​ដែល​នាំចូល​ដោយ​រដ្ឋាភិបាល​ ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ និង​ទំនិញ​នាំចូល​សម្រាប់​របប​ប្រវេ​សកា​លិក​។

• ទំនិញ​ផ្សេងទៀត​តាម​ការសម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​។

• បុគ្គល​ដែល​នាំចូល​ទំនិញ​ក្រោម​បញ្ញត្តិ​នៃ​ប្រការ​នេះ​ ត្រូវ​ផ្តល់​នូវ​ឯកសារ​ជា​ភស្តុតាង​ដល់​រដ្ឋបាល​គយ​ថា​ ទំនិញ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ទទួល​បានការ​លើកលែង​ជា​ភាគ​នូវ​ពន្ធ​ និង​អាករ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here