ដោយ វុត្ថា
ភ្នំពេញៈ អនុលោមទៅតាមបញ្ញត្តិមាត្រា២៦នៃច្បាប់ស្តីពី “គយ” ការលើកលែងពន្ធនិងអាករ ត្រូវបានផ្តល់ជូនចំពោះទំនិញនិងអ្នកនាំចូល ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
ក. ទំនិញសម្រាប់បេសកកម្មការទូត ឬបេសកកម្មកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ ដោយមានការបញ្ជាក់ពីប្រធាន បេសកកម្ម និងពីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។
ខ. ទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន របស់បុគ្គលិកផ្លូវការនៃបេសកកម្ម និងអង្គការដូចបានរៀបរាប់នៅក្នុង វាក្យខណ្ឌ ក នៃប្រការនេះ។ ការអនុវត្តនូវវាក្យខណ្ឌនេះ និងវាក្យខណ្ឌ ក នៃប្រការនេះត្រូវផ្អែកលើ គោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍បដិការ រវាង រដ្ឋាភិបាលពាក់ព័ន្ឋ។
គ. ទំនិញមានដើមកំណើតកម្ពុជា ឬទំនិញនាំចូលដែលបានបង់ពន្ឋ និងអាកររួច ដែលចេញពីដែនគយ ហើយត្រូវនាំចូលត្រឡប់ ពីបរទេសមកវិញដោយពុំមានការបង្កើនតម្លៃ។
ឃ. ទំនិញដែលត្រូវលើកលែងពន្ឋ និងអាករក្រោមបញ្ញត្តិនៃច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។
ង. ទំនិញជាអំណោយសម្រាប់មនុស្សធម៌ ទំនិញសម្រាប់ការស្រាវជ្រាវ និងគោលបំណងវិទ្យាសាស្ត្រ ទំនិញគំរូ និងទំនិញតាំងពិព័រណ៍ដែលគ្មានតម្លៃពាណិជ្ជកម្ម មឈូសដែលមានសាកសពមនុស្ស។
ច. ទំនិញនាំចូលដែលមានតម្លៃ និងបរិមាណច្បាស់លាស់មួយចំនួនតាមការកំណត់របស់អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលនាំចូលដោយអ្នកដំណើរ អ្នកបម្រើការតាមមធ្យោបាយ ដឹកជញ្ជូន និងជនទាំងឡាយដែលឆ្លងកាត់ព្រំដែន។
ឆ. ទំនិញដែលចូលក្នុងដែនគយសម្រាប់ឆ្លងកាត់ ឬផ្ទេរមធ្យោបាយដឹកជញ្ជូន។
ជ. សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារប្រើប្រាស់ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិផ្សេងទៀតលើកលែងតែយានយន្ត ដែលនាំចូលដោយ បុគ្គលដែលផ្លាស់ប្តូរលំនៅ ស្ថានមកកម្ពុជាក្នុងបរិមាណដែលកំណត់ដោយអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឈ. បរិក្ខារឧស្សាហកម្ម និងសម្ភារផ្សេងទៀត ដែលជាតម្រូវការសម្រាប់ប្រតិបត្តិការ និងការថែរក្សាបរិក្ខារទាំងនេះ ដែលប្រើប្រាស់នៅក្នុងសមុទ្រសម្រាប់ការរុករក និងទាញយកផលិតផលតេលសិលា និងសារធាតុខនិជនិងសរីរាង្គផ្សេង ទៀតតាមការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ញ. ទំនិញផ្សេងទៀតតាមការសម្រេច របស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បុគ្គលដែលនាំចូលទំនិញក្រោមបញ្ញត្តិនៃកថា ខណ្ឌខាងលើត្រូវផ្តល់នូវឯកសារជាភស្តុតាងដល់ រដ្ឋបាលគយថា ទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ទទួលបានការលើកលែងពន្ធ និងអាករ។
អង្គការនានា និងបុគ្គល ដែលមានបំណងស្នើសុំការលើកលែងពន្ធ និងអាករលើទំនិញនាំចូលក្រោម បញ្ញត្តិកថាខណ្ឌ ក និង កថាខណ្ឌ ខ ខាងលើត្រូវមានការអនុញ្ញាតជាមុនពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្របតាមនីតិវិធីជាធរមាន។
បុគ្គលដែលមានបំណងនាំចូលទំនិញ ក្រោមបញ្ញត្តិនៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាត្រូវ អនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ការលើកលែងជាភាគនូវពន្ធ និងអាករនាំចូល ត្រូវបានផ្តល់ចំពោះមុខទំនិញ និងអ្នកនាំចូលមួយចំនួនស្រប តាមបញ្ញត្តិមាត្រា ២៧ នៃច្បាប់ស្តីពីគយ។ ទំនិញដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូល មានដូចខាងក្រោម ៖
• ទំនិញ និងសម្ភារៈដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូលក្រោមបញ្ញត្តិនៃច្បាប់ ណាមួយជាធរមាន។
• ពូជដំណាំ និងពូជសត្វសម្រាប់កសិកម្ម។
• ទំនិញដែលនឹងត្រូវទទួលការជួសជុល ការកែច្នៃឬពិសោធន៍។
• ទំនិញដែលបាននាំចូលវិញតាមសភាពដើម។
• ទំនិញដែលនាំចូលដោយរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សាធារណៈ និងទំនិញនាំចូលសម្រាប់របបប្រវេសកាលិក។
• ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
• បុគ្គលដែលនាំចូលទំនិញក្រោមបញ្ញត្តិនៃប្រការនេះ ត្រូវផ្តល់នូវឯកសារជាភស្តុតាងដល់រដ្ឋបាលគយថា ទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ទទួលបានការលើកលែងជាភាគនូវពន្ធ និងអាករ៕