មហាយក្ស​ចិន​ដាក់ចេញ​យុទ្ធសាស្ត្រ​សង្គ្រាម​ត្រជាក់​ដើម្បី​បំបែក​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​យុទ្ធ​សាស្រ្ត​ សង្រ្គាម​ត្រជាក់​រយៈពេល​យូរ​ដើម្បី​បំបែក​សេដ្ឋកិច្ច​អាមេរិក​ឲ្យ​ដាច់​ឆ្ងាយ​ និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ខ្លួន​ក្លាយជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​។

ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នៅតែ​បន្ត​ភាព​តានតឹង​តាន​ ក្រុង​ប៉េកាំង​នៅតែ​ដំណើរការ​យុទ្ធវិធី​សង្រ្គាម​ត្រជាក់​ ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​សេដ្ឋកិច្ច​អាមេរិក​។

ចិន​កំពុងតែ​ព្យាយាម​រៀបចំ​សេដ្ឋកិច្ច​សកល​ឡើងវិញ​ តាមរយៈ​ការ​ទាញ​យក​នូវ​ការ​វិនិយោគទុន​បរទេស​ដ៏​ច្រើន​នៅ​សហរដ្ឋអាមេរិក​ ដោយ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​នឹង​ញែក​សេដ្ឋកិច្ច​អាមេរិក​ និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ដែល​មាន​គូប្រជែង​របស់​អាមេរិក​ខ្លាំង​ដូចជា​ រុស្ស៊ី​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាដើម​។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ចិន​ ចូល​នៅក្នុង​អាមេរិក​បាន​ធ្លាក់ចុះ​ជិត៩០​ ភាគរយ​ ចាប់តាំងពី​ការ​ចាប់ផ្តើម​អា​ណតិ្ត​ នៅក្នុង​ការ​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ ច​Rhodium​ Group ​បាន​ឲ្យដឹង​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចិន​ នៅ​អាមេរិក​មាន​ទឹកប្រាក់​ចំនួន ៤៦​,៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦​ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​ លោក​ Trump​ បាន​ឡើង​កាន់​តំណែង​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៨​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ចិន​ នៅ​អាមេរិក​បាន​ធ្លាក់ចុះ​ត្រឹមតែ៥​,៤ពាន់​លាន​ដុល្លារ​ពោល​គឺ​ធ្លាក់ចុះ​ជិត៩០ភាគរយ​។

លោក​ Eswar​ Prasad​ អតីតប្រធាន​នៃ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ នៃ​ប្រទេស​ចិន​ បាន​ឆ្លើយតប​ទៅកាន់​កាសែត​ញូ​វយ៉​កថែម​ស៍​ថា​ “ការពិត​ដែល​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ គឺជា​សញ្ញា​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក​ និង​ប្រទេស​ចិន​ដែល​កាន់តែ​យ៉ាប់យ៉ឺន​”។

លោក​បន្ត​ថា​ “អាមេរិក​មិន​ជឿ​ទុកចិត្ត​លើ​ជនជាតិ​ចិន​ទេ​ ហើយ​ប្រទេស​ចិន​មិន​ទុកចិត្ត​អាមេរិក​ទេ​”។

ការ​វិនិយោគ​បរទេស​របស់​ចិន​ នៅក្នុង​អចលនទ្រព្យ​អាមេរិក​ ក៏​មាន​ភាពស្មើគ្នា​នឹង​ការ​វិនិយោគ​បរទេស​ផ្ទាល់​នៅក្នុង​វិស័យ​ដទៃទៀត​ដែរ​។

របាយការណ៍​វិភាគ​អចលនទ្រព្យ​ ដែល​ធ្វើឡើង​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ បាន​រក​ឃើញថា​ វិនិយោគិន​ចិន​បាន​ទិញ​អចលនទ្រព្យ​ចំនួន៣៧កន្លែង​ ដែល​មានតម្លៃ២​,៣ ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​បាន​លក់​អចលនទ្រព្យ​ចេញ​ក្នុង​តម្លៃ​ជិត
៣​,១ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​។

របាយការណ៍​អចលនទ្រព្យ​របស់​អាមេរិក​ដោយ​ Cushman​ &​ Wakefield​ បានឱ្យ​ដឹង​ថា​ “វា​មាន​ភាព​ច្របូកច្របល់​នៅក្នុង​ទីផ្សារ​អាមេរិក​ ក្នុង​ការបោះបង់​ចោលការ​វិនិយោគ​របស់​វិនិយោគិន​ចិន​”។

ឥទ្ធិពល​នៃ​ការ​វិនិយោគ​របស់​ចិន​ អាច​ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុ​ទីផ្សារ​ឬសេដ្ឋ​កិច្ច​នៅ​អាមេរិក​។ ទោះបីជា​មានការ​បង្រួបបង្រួម​នៃ​វិស័យ​អចលនទ្រព្យ​ដោយ​វិនិយោគិន​ក៏ដោយ​ ក៏​ចិន​នៅតែ​ជា​អ្នកទិញ​បរទេស​ធំ​បំផុត​ ដែល​បាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទ្រព្យ​នៅ​អាមេរិក​។

ស្រប​ពេល​ជាមួយគ្នា​នោះ​ ទីក្រុង​ប៉េកាំង​ និង​មូស្គូ​កំពុង​ធ្វើ​យុទ្ធ​សាស្រ្ត​ ដើម្បី​ញែក​សេដ្ឋកិច្ច​អាមេរិក​ ដោយ​ការស្វែងរក​មធ្យោបាយ​ ដើម្បី​បង្កើន​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទី២​ និង​ទី៣របស់​ពិភពលោក​នេះ​។

យោង​តាម​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី​ លោក​ Maxim​ Oreshkin​ បាន​ឲ្យដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ទ្វេដង​ដល់២០០ពាន់​លាន​ដុល្លារ​ បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​កាលពីដើម​ខែ​នេះ​។

លោក​ Oreshkin​ បាន​ប្រាប់​សារព័ត៌មានស៊ីនហួរ​ ថា​ “ប្រទេស​ទាំងពីរ​មិន​ត្រឹមតែ​ត្រូវ​អនុវត្ត​គម្រោ​ងធំៗ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​នូវ​ទំនិញ​ប្រើប្រាស់​ចុងក្រោយ​ និង​ការ​វិនិយោគ​ផង​ដែរ​។ បរិមាណ​ទាំងនេះ​នឹង​កើនឡើង​យ៉ាង​ខ្លាំង​”។

ប្រទេស​ចិន​ និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​រួចហើយ​ ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​សណ្ដែកសៀង​ ដែល​ជា​ទំនិញ​នាំចេញ​កសិផល​សំខាន់​មួយ​សម្រាប់​អាមេរិក​ និង​ចំណុចរសើប​សម្រាប់​ប្រធានាធិបតី​អាមេរិក​ Trump​ ខណៈ​ លោក​ព្យាយាម​ធានា​ការបោះឆ្នោត​ពី​កសិករ​អាមេរិក​ ក្នុង​ការ​គាំទ្រ​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​។

អាមេរិក​គឺជា​អ្នកផ្គត់ផ្គង់​សណ្ដែកសៀង​ធំ​បំផុត​របស់​ចិន​។ ប៉ុន្តែ​ចិន​បាន​បញ្ឈប់​ការនាំចូល​សណ្តែកសៀង​ពី​អាមេរិក​ បន្ទាប់ពី​មានការ​បង្កើន​ពន្ធ​រហូតដល់២៥ភាគរយ​លើ​ទំនិញ​របស់​អាមេរិក​។

របាយការណ៍​មួយ​ចេញផ្សាយ​ ដោយ​នាយកដ្ឋាន​កសិកម្ម​អាមេរិក​ នៅក្នុង​ឆ្នាំនេះ​ បាន​បង្ហាញថា​ “ការ​លក់​ និង​ការនាំចេញ​សណ្តែកសៀង​របស់​អាមេរិក​ ទៅ​ប្រទេស​ចិន​មានកម្រិត​ទាប​ខ្លាំង​ដេល​វា​កំពុងតែ​កើតមាន​”។

លើស​ពីនេះ​ទៀត​ ប្រទេស​ចិន​បាន​ឧបត្ថម្ភ​ដល់​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​មួយ​ដែល​រួមមាន​រដ្ឋ​សមាជិក​អាស៊ាន​ និង​ប្រទេស​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​សំ​ខាន់​ៗដូចជា​ប្រទេស​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​ និង​ឥណ្ឌា​។ តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​មួយ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មិនរាប់​បញ្ចូល​អាមេរិក​ និង​ព្យាយាម​ញែក​ប្រទេស​មហាអំណាច​ពិភពលោក​នេះ​ ចេញពី​តំបន់​មួយ​នេះ​ ដែល​មាន​ប្រជាជន៣​,៥ពាន់​លាន​នាក់​ណនិង​ ៣០​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​លើ​ពិភពលោក​។

ប្រសិនបើ​រដ្ឋ​ជាស​មា​ជិ​កបាន​ចុះ​កិច្ច​ព្រមព្រៀង​ ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ត្រូវ​បាន​ហៅថា​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) វា​នឹង​ស្រដៀងនឹង​សហភាព​អឺរ៉ុប​ (EU​)។

តំណាង​ពាណិជ្ជកម្ម​មក​ពីរ​ដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ទាំង១០​ និង​ដៃគូ​របស់​ខ្លួន​ដែល​មាន​ប្រទេស​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ ញូ​ហ្សេ​ឡែន​ និង​ឥណ្ឌា​ បាន​បើក​កិច្ចប្រជុំ​ជាច្រើន​ ដើម្បី​ស្វែងរក​ព័ត៌មាន​លំអិត​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​បែប​សហភាព​អឺរ៉ុប​ និង​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​តំបន់​។

ការ​សង្កត់ធ្ងន់​លើ​កិច្ច​ព្រមព្រៀង​នេះ​ បាន​កើតមានឡើង​ នៅពេល​ដែល​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើ​ឱ្យ​អស្ថិរភាព​សេដ្ឋកិច្ច​អាស៊ី​ និង​ពិភពលោក​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក​ Simon​ Birmingham​ បាន​ហៅ​កិច្ច​ព្រមព្រៀង​ RCEP​ ថា​ ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ក្នុងចំណោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សំ​ខាន់​ៗបំផុត​នៅក្នុង​ពិភពលោក​។

លោក​ Simon​ បាន​បន្ថែម​ថា​ អូស្ត្រាលី​មិន​អាច​ដោះស្រាយ​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​បានទេ​ ហើយ​អូស្ត្រាលី​ត្រូវតែ​ស្វែងរក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ប្រកបដោយ​គុណសម្បត្តិ​ បើ​ទោះបីជា​ពួកគេ​មិនរាប់​បញ្ចូល​ដៃគូ​ប្រពៃណី​ដូចជា​ សហរដ្ឋអាមេរិក​។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ថា​ ការ​ចំណាយ​ការខាតបង់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​អាច​ឈាន​ដល់១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ និង​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដែល​មិនធ្លាប់​មាន​ ចាប់តាំងពី​ឆ្នាំ២០០៨​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ​ Prayuth​ Chan​-ocha​ នៅ​សន្និសីទកំពូល​អាស៊ាន​លើក​ទី​ ៣៤ស្តី​ពី​ RCEP​ បាន​និយាយ​ថា​ “នៅពេល​ដែល​បូក​បញ្ចូល​គ្នា​រវាង​អាស៊ាន​ និង​បណ្តា​ប្រទេស​អាស៊ី​ នឹង​បង្កើត​ប្លុក​តំបន់​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​”។

លោក​បាន​បន្ថែម​ថា​ “ប្រសិនបើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ យើង​នឹង​មានអំណាច​ចរចា​ និង​មាន​មូលដ្ឋាន​សម្រាប់​ចរចា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here