ដោយគង់ សូរិយា
ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំអន្តរមន្ទីរពាក់ព័ន្ឋជាមួយអ្នកអភិវឌ្ឍន៍គំរោងបុរីអង្គរលែនដ៏ម៉ាក្ស ដែលមានទុនវិនិយោគច្រើនលានដុល្លារ ដើម្បីប្រែក្លាយស្រុកបន្ទាយស្រីជាផលិតផលទេសចរណ៍ថ្មី និងកាន់តែសម្បូរបែប។

-->
បុរីអង្គរលែនដ៏ម៉ាក្ស ជាគំរោងអភិវឌ្ឍន៍ថ្មីមួយដែលមានការសាងសង់លំនៅដ្ឋានបែបលំហែរកាយ រចនាបថខ្មែរ ពិសេសគំរោងនេះក៏បង្កើតសួនសប្បនិម្មិត និងបង្កើតផ្សារបណ្តែតទឹកជាលើកដំបូងនៅខេត្តសៀមរាប ក៏ដូចជាលើកដំបូងនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ខណៈខេត្តសៀមរាបកំពុងពង្រីកការធ្វើពិពិធកម្មផលិតផលទេសចរណ៍ឲ្យកាន់តែសម្បូរបែបថែមទៀត ក្រៅពីរមណីយដ្ឋានប្រវត្តសាស្រ្តអង្គរ។
ផ្សារបណ្តែតទឹកដែលគ្រោងនឹងអភិវឌ្ឍនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺជាគម្រោង១ក្នុងចំណោមគម្រោងចំនួន៣ នៃការបណ្តាក់ទុនវិនិយោគសរុបជាង២០០លានដុល្លារ។
ក្រុមហ៊ុនមកពីប្រទេសថៃចំនួន៣ ដែលចូលរួមនៅក្នុងការបណ្តាក់ទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុននៅកម្ពុជា រួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីត ធំជាងគេនៅប្រទេសថៃ។
លោកសាស្រ្តាចារ្យ ទួស សាភឿន ម្ចាស់ភាគហ៊ុននៃបុរីអង្គរលែនដ៏ម៉ាក្សបានមានប្រសាសន៍ឲ្យដឹងថា កាលពីចុងសប្តាហ៍មុន រដ្ឋបាលខេត្តសៀមរាប ក្រោមការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ឋបានបើកកិច្ចប្រជុំពិសេសមួយ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍បុរីអង្គរលែនដ៏ម៉ាក្ស ដើម្បីពិនិត្យលើទិដ្ឋភាពច្បាប់ គំរោងប្លង់មេ ច្បាប់អាជីវកម្មផ្សេងៗទាក់ទងគំរោងអភិវឌ្ឍន៍នេះ។

លោកបន្តថា “ជាលទ្ឋផលកិច្ចប្រជុំបានសម្រេចគាំទ្រ និងជ្រោមជ្រែងលើការអភិវឌ្ឍគំរោងនេះឲ្យមានភាពល្អប្រសើរ ពិសេសធ្វើយ៉ាងណាឲ្យការសាងសង់បានឆាប់រហ័ស និងប្រព្រឹត្តិទៅដោយរលូន”។ ជាមួយនឹងការបញ្ជាក់ពីសកម្មភាពដំណើរការរបស់គម្រោង លោកសាស្ត្រាចារ្យក៏បានប្រាប់ឱ្យដឹងផងដែរថា នៅក្នុងគម្រោងអភិវឌ្ឍបុរីអង្គរលែនដ៍ម៉ាក្ស “ក្រុមហ៊ុនរៀបចំឱ្យតំបន់នេះ ឱ្យក្លាយជាតំបន់ពិសិដ្ឋ មានលក្ខណៈពិសេសជាងគេ” និងជាបុរី គំរូ ដោយគោរពទៅតាម ផ្លូវច្បាប់ បរិស្ថាន និងវប្បធម៌ ជុំវិញ។
បើនិយាយពីប្លង់លំនៅដ្ឋានវិញ ត្រូវបាន ក្រុមស្ថាបត្យករល្បីៗ បានរចនាឡើងតាមរចនាបទខ្មែរទំនើប ច្រើនម៉ួដ ពេញនិយម ប្លង់បាតគឺរចនាជារបៀបសណ្ឋាគារប៊ូទិកលំដាប់ផ្កាយ៤ ហើយទីតាំងក៏ល្អជាងគេ មើលឃើញភ្នំទាំង៣ គឺភ្នំបូក ភ្នំដី និងភ្នំគូលែន ដែលជាភ្នំរបស់ អាទិទេព។ សរុបគឺលំនៅដ្ឋានទាំងអស់ស្ថិតក្នុងគម្រោងនេះ មានលក្ខណៈពិសេសជាងគេ ព្រោះយកតាមរចនាបទផ្ទះខ្មែរ សំរង់តាមក្បួនតម្រាបុរាណ បង្កប់នូវ សេរីមង្គល ដល់ម្ចាស់ផ្ទះ។
លក្ខណៈពិសេស របស់គម្រោងប្លង់នេះមួយទៀត គឺរចនាទៅតាមទិសខ្យល់ធម្មជាតិ ទ្វារ បង្អួចត្រូវបានរៀបចំ បែទៅរកប្រភពខ្យល់ទាំងអស់ និងមានរន្ឋខ្យល់ចេញចូលនៅផ្នែកដំបូល ដើម្បីទាញយកកំដៅក្តៅចេញ កុំអោយចំហាយក្តៅជះចូលមកខាងក្នុងផ្ទះ។ ផ្នែកខាងក្នុងផ្ទះគឺរស់នៅដោយមិនចាំបាច់ប្រើមាស៊ីនត្រជាក់ គឺយើងអាចរស់នៅប្រកបដោយផាសុខភាព ទោះក្នុងខែក្តៅកម្រិតណាក៏ដោយ។
គម្រោងលំនៅដ្ឋាននេះមានចំនួន៦ម៉ូដ សម្រាប់ជាជម្រើស ដោយរាប់ចាប់ពីតម្លៃទាបបំផុត៤៨,៨៨៨ដុល្លារ និងខ្ពស់បំផុតជាង១៤ម៉ឺនដុល្លារ ហើយបច្ចប្បន្នតម្លៃទាំងអស់នេះគឺលក់ក្នុងប្រម៉ូសិនពិសេស ដោយបំពាក់នូវសម្ភារះទាន់សម័យ។
គ្រាន់តែក្រុមហ៊ុនសាងសង់ផ្ទះ៦០ ខ្នងក្នុងលក្ខណៈសាកល្បងបានកក់បិទឡូតិអស់៣៥ខ្នងរួចទៅហើយ នេះមិនទាន់ប្រកាស់លក់ផ្លូវការនៅឡើយទេ ដោយរងចាំច្បាប់អនុញាតិ ហើយផ្ទះប្រភេទនេះមាន៦០០ខ្នង។ទាក់ទងនឹងគំរោងសាងសង់ផ្សារបណ្តែតទឹក ដែលជាផលិតផលទេសចរណ៍ថ្មីមួយសំរាប់ ជួយលើកវិស័យទេសចរណ៏ខេត្តសៀមរាប លោកសាស្ត្រាចារ្យទួស សាភឿនបានមានប្រសាសន៍ឲ្យដឹងថា គម្រោងអភិវឌ្ឍផ្សារបណ្តែតទឹកដែលមានផ្ទៃទំហំ៥០ហិកតា ខាងក្រុមហ៊ុន បានរៀបចំ និងត្រៀមបច្ចេកទេសក្នុងការសាងសង់រួចអស់ហើយ ហើយក៏បានដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាលរួចរាល់ហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់បានចេញសកម្មភាពនៅឡើយ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធីធ្លាប់បានមានប្រសាសន៍ថា នីតិវិធីនៃការសម្របសម្រួល និងសម្រេចរបស់ស្ថាប័នពាក់ព័ន្ធក្នុងវិស័យនេះកាលពីពេលកន្លងមក គឺមានភាពយឺតយ៉ាវជាខ្លាំង ដែលជាហេតុបង្កឱ្យមានការប៉ះពាល់ រាំងស្ទះទៅដល់ដំណើរការ គម្រោងអភិវឌ្ឍនានា”។
លោកបានបន្តទៀតថា “ជាការពិត នៅពេលមានការពន្លឿន ក្នុងការរៀបចំឯកសារផ្សេងៗ ពិតជាបានចូលរួមជួយដល់រាជរដ្ឋាភិបាល ក្នុងទាក់ទាញការវិនិយោគកាន់តែច្រើន ហើយក៏ជាការជួយជំរុញឱ្យវិស័យសេដ្ឋកិច្ច ជាពិសេសវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានភាពរីកចម្រើន។
លោកបានសង្កត់ធ្ងន់ថា “ការពន្លឿននីតិវិធីនេះមានសារសំខាន់ណាស់ ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យពួកគេមានពេលវេលាគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេអោយបានលឿន។ នៅពេលនីតិវិធីយឺតយ៉ាវ អាចធ្វើឱ្យម្ចាស់គម្រោងមួយចំនួនបង្ខំចិត្តសាងសង់ និងលក់ដោយមិនសុំច្បាប់ឱ្យបានត្រឹមត្រូវ” រឺបង្វែរការវិនិយោគនៅកម្ពុជា ទៅវិនិយោគនៅប្រទេសផ្សេងៗជំនួសវិញ៕




