ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន ZQ International CO.,LTD ដែលជាក្រុមហ៊ុនយក្សរបស់ចិន បានបន្តជ្រើសរើសខេត្តសៀមរាប អភិវឌ្ឍន៍លើវិស័យទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ ស្របតាមគោលនយោបាយផ្លូវមួយខ្សែរក្រវ៉ាត់មួយ (Strategy of one Belf one Rode )របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
នៅក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធីខ្សែក្រវ៉ាត់១ ផ្លូវ១ (Strategy of one Belf one Rode )របស់ក្រុមហ៊ុន ZQ International CO.,LTD កាលពីថ្ងៃទី២១ ខែកក្កដា ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះលោក Wang Wei Shi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ZQ និងសហគ្រិនជនជាតិចិន ដែលបានជ្រើសរើសយកខេត្តសៀមរាប សម្រាប់វិនិយោគលើវិស័យទេសចរណ៍ កសិកម្ម និងអចលនទ្រព្យនេះ។
-->
លោកបន្តថា “តាមរយៈនៃការមកវិនិយោគរបស់ក្រុមហ៊ុន ZQ នេះ អាជ្ញាធរខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសខេត្តសៀមរាប លើវិស័យផ្សេងៗទៀត ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាខេត្តសៀមរាប និងបានរួមចំណែកដល់ការផ្សព្វផ្សាយអំពីវប្បធម៌ អារិយ្យធម៌ខ្មែរ ទៅកាន់ភ្ញៀវទេសចរនៅទូទាំងពិភពលោក ឱ្យចូលមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង”។ លលោកបន្តថា “សកម្មភាពទាំងនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតផលទេសចរណ៍ ដែលមិនអាចខ្វះបាន”។

លោកពៅ ពិសដ្ឋបានបន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ដែលមានការកើនឡើង ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធរខេត្តបានជម្រុញនូវការអភិវឌ្ឍខេត្ត តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ការពង្រីក បណ្តាញ ទឹកស្អាត អគ្គិសនី ការបំពាក់ ភ្លើងបំភ្លឺផ្លូវសាធារណៈ និង ការរៀបចំសួនច្បារសាធារណៈ ប្រកបដោយកិច្ចការពារបរិស្ថានល្អ ជាបន្តបន្ទាប់ ដើម្បីបម្រើដល់តំរូវការចាំបាច់អប្បរមាក្នុងលក្ខខ័ណ្ឌរស់នៅរបស់ប្រជាជន និងភ្ញៀវទេសចរ៕