ដោយ វុត្ថា
ភ្នំពេញៈ ផ្លូវជាតិលេខ៥៨ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តឧត្តរមានជ័យតម្លៃ ១២២លានដយល្លារអាមេរិក បានបញ្ចប់ការសាងសង់់ និងត្រូវរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនជំរុញឲ្យក្រុមហ៊ុនស្ថាបនាផ្លូវនេះ ពិនិត្យលើបច្ចេកទេសសាងសង់ឡើងវិញ។
កំណាត់ផ្លូវជាតិលេខ៥៨បានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋ ប្រជាមានិតចិន មានប្រវែង១៧៤ និង ១៦០ គីឡូម៉ែត (បន្ទាយមានជ័យ-ឧត្តរមានជ័យ)។
ផ្លូវនេះមានប្រវែងសរុបចំនួន១៧៤,១៦០គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងនោះផ្លូវមេប្រវែង១៦៥,១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៨,៩៨០គីឡូម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ១២២លានដុល្លារអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)គិតចាប់ពីផ្លូវជាតិលេខ៥ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ត្រង់គ.ម ១០១+៥០០(ផ្លុង) ខេត្តឧត្តរមានជ័យ។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធកែសម្រួលបំពេញបន្ថែមនូវលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវនូវផ្លូវជាតិលេខ៥៨ ដើម្បីធ្វើឱ្យផ្លូវនេះ មានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។
លោកបានពិនិត្យឃើញមានបញ្ហាបច្ចេកទេសមួយ ចំនួនទាក់ទងនឹងការសាងសង់ ហើយបានណែនាំឲ្យក្រុមហ៊ុន ត្រូវជួសជុលបានលឿនៅចំណុចតិចតួចដែលមានការខូចខាត។
លោករដ្ឋមន្ត្រីបន្តថា កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្ម ថែមទៀតរបស់ប្រទេសជាតិ។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ១០០%នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ៕