តើ​អ្វី​នៅ​ពីក្រោយ​ការពង្រីក​វត្តមាន​ Mart​ តូច​ៗទៅកាន់​គ្រប់​ច្រកល្ហក​នៅ​ក្រុងភ្នំពេញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ខណៈ​ពេល​ដែល​វត្តមាន​ផ្សារ​ទំនើប​ធំៗ​លំដាប់​អន្តរជាតិ​បាន​ និង​កំពុង​ចាប់​យក​ចំណែក​អតិថិជន​កាន់តែ​ខ្លាំង​ វត្តមាន​ហាង​ទំនើប​បែប ​Mini​ Mart ​បាន​និង​កំ​ពុង​ពង្រីក​ឥទ្ឋ​ពិល​របស់​ខ្លួន​ផង​ដែរ​ ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ​។

វត្តមាន​នៃ​ Mini​ Mart​ ឬហាងទំនិញ​បែប​ទំនើប​ខ្នាត​តូច​ៗ (convenience​ store​) បាន​ និង​កំពុង​កើតមាន​ព្រោងព្រាត​ស្ទើរគ្រប់​តំបន់​ជាពិសេស​ នៅ​ទីប្រជុំ​នៃ​រាជធានី​ភ្នំពេញ​តែម្ដង​ ហើយ​ក្រុមហ៊ុន​ជីព​ ម៉ុង​ និង​ក្រុមហ៊ុន​ Prince​ Real​ Estate​ ក៏៏​បាន​និង​កំពុង​ពង្រីក​សាខា​របស់​ខ្លួន​ផង​ដែរ​។ខណៈ​វត្តមាន​ផ្សារ​ទំនើប​ខ្នាត​តូច​ ដែល​ត្រូវ​បាន​នាំចូល ​Franchise ​ពី​បរទេស​ ដូចជា​ Super​ Duper​, circle K, Kiwi​ Mart​ បា​នព​ង្រី​កឥទ្ឋិ​ពល​របស់​ខ្លួន​កាន់តែ​ខ្លាំង​ ហើយ​ហាងទំនិញ​ខ្នាត​តូច​របស់​ថៃ​ 7_​ Eleven ​បាន​និង​កំពុង​ត្រៀមខ្លួន​ចូល​មក​កម្ពុជា​ ដោយ​គ្រោង​ពង្រីក​ចំនួន៦០០ហាង​នៅ​ទីនេះ​ផង​ដែរ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ លោកស្រី​អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ វត្តមាន​នៃ​ហាងទំនិញ​បែប​ទំនើប​ ឬផ្សារ​ទំនើប​ខ្នាត​តូច​ ដែល​កំពុងតែ​កើតមាន​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បង្កើត​បន្ថែម​ទៀត​ ខណៈ​ដែល​តម្រូវការ​ទីផ្សារ​ប្រភេទ​នេះ​នៅតែ​មាន​។

លោកស្រី​បន្ត​ទៀត​ថា​ “ការបង្កើត​ហាង​លក់ទំនិញ​ទាំងនេះ​ ក៏​ព្រោះតែ​តម្រូវ​តាម​ទីផ្សារ​ ដែល​ភាគច្រើន​អាច​មាន​ទំហំ​ចាប់ពី៥០​ ទៅ១០០​ ម៉ែត្រការ៉េ​ ឬអាច​ធំជាង​នេះ​ក៏​មាន​”។ លោកស្រី​បន្ត​ទៀត​ថា​ “ហាងទំនិញ​បែប​ទំនើប​ប្រភេទ​នេះ​ ងាយស្រួល​បង្កើត​ និង​អភិវឌ្ឍន៍​ ហើយក៏​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​ផង​ដែរ​”។

លោកស្រី​សុធី​តា​បាន​បន្ត​ទៀត​ថា​ រាល់​ទំនិញ​គ្រប់​ប្រភេទ​ដែល​មាន​ដាក់​លក់​នៅក្នុង​ហាងទំនិញ​ទាំងនេះ​ បើ​ប្រៀបធៀប​ជាមួយនឹង​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​ ហាក់​មានតម្លៃ​ថ្លៃ​បន្តិច​ ប៉ុន្តែ​វា​នៅតែ​ពេញនិយម​សម្រាប់​អ្នកទិញ​ ងាយស្រួល​ទិញ​ ចំណាយពេល​តិច​ជាង​ការ​ចូល​ផ្សារ​ទំនើប​។

អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ហុង​ ​វណ្ណៈ​បាន​មានប្រសាសន៍​ទៀត​ថា​ “នៅ​ពេល​មាន​ហាងទំនិញ​ ឬផ្សារ​ទំនើប​ខ្នាត​តូច​បែប​ទំនើប​ទាំងនេះ​ វា​បាន​ស្ដែង​បញ្ជាក់​អំពី​ការ​កើនឡើង​នូវ​លទ្ធភាព​ និង​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​។ លោក​បន្ត​ថា​ កំណើន​នៃ​ចំនួន​ហាងទំនិញ​បែប​ទំនើប​ទាំងនេះ​ នៅ​មិនទាន់​ច្រើនលើស​តម្រូវការ​នោះ​ទេ​ បើ​ប្រៀប​ទៅ​នឹង​ប្រទេសជិតខាង​ ដូចជា​ វៀតណាម​ និង​ប្រទេស​ថៃ​ជាដើម​ គឺ​មាន​ស្អេកស្កះ​។

លោក​បន្ត​ទៀត​ថា​ “ចាប់ពី​ពេលនេះ​ទៅ​ថ្ងៃខាងមុខ​ អ្នកប្រើ​ប្រាស់​ផលិតផល​ នឹង​ងាក​ទៅ​ចាប់អារម្មណ៍​រាល់​ទំនិញ​ ដែល​ដាក់​លក់​នៅក្នុង​ហាង​ទំនើប​ទាំងនេះ​ ដោយសារតែ​ធានា​បាន​នូវ​គុណភាព​ និង​សុវត្ថិភាព​ត្រឹមត្រូវ​ជាង​ការទិញ​ទំនិញ​ តាម​ផ្ទះ​លក្ខណៈ​បែប​ប្រពៃណី​”។ លោក​បន្ត​ទៀត​ថា​ “បន្ថែម​ពីនេះ​ វត្តមាន​របស់​ហាងទំនិញ​ទំ​និ​បទាំង​អស់នេះ​ ក៏បាន​ចូលរួម​នៅក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​ និង​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​តាមរយៈ​ការ​បង់ពន្ធ​ប្រចាំឆ្នាំ​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here