ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណៈពេលដែលវត្តមានផ្សារទំនើបធំៗលំដាប់អន្តរជាតិបាន និងកំពុងចាប់យកចំណែកអតិថិជនកាន់តែខ្លាំង វត្តមានហាងទំនើបបែប Mini Mart បាននិងកំពុងពង្រីកឥទ្ឋពិលរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ។
វត្តមាននៃ Mini Mart ឬហាងទំនិញបែបទំនើបខ្នាតតូចៗ (convenience store) បាន និងកំពុងកើតមានព្រោងព្រាតស្ទើរគ្រប់តំបន់ជាពិសេស នៅទីប្រជុំនៃរាជធានីភ្នំពេញតែម្ដង ហើយក្រុមហ៊ុនជីព ម៉ុង និងក្រុមហ៊ុន Prince Real Estate ក៏៏បាននិងកំពុងពង្រីកសាខារបស់ខ្លួនផងដែរ។ខណៈវត្តមានផ្សារទំនើបខ្នាតតូច ដែលត្រូវបាននាំចូល Franchise ពីបរទេស ដូចជា Super Duper, circle K, Kiwi Mart បានពង្រីកឥទ្ឋិពលរបស់ខ្លួនកាន់តែខ្លាំង ហើយហាងទំនិញខ្នាតតូចរបស់ថៃ 7_ Eleven បាននិងកំពុងត្រៀមខ្លួនចូលមកកម្ពុជា ដោយគ្រោងពង្រីកចំនួន៦០០ហាងនៅទីនេះផងដែរ។
-->
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE លោកស្រីអាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា វត្តមាននៃហាងទំនិញបែបទំនើប ឬផ្សារទំនើបខ្នាតតូច ដែលកំពុងតែកើតមាននាពេលបច្ចុប្បន្ននេះនៅមិនទាន់គ្រប់គ្រាន់នឹងតម្រូវការនោះទេ ដែលវាទាមទារឱ្យមានបង្កើតបន្ថែមទៀត ខណៈដែលតម្រូវការទីផ្សារប្រភេទនេះនៅតែមាន។
លោកស្រីបន្តទៀតថា “ការបង្កើតហាងលក់ទំនិញទាំងនេះ ក៏ព្រោះតែតម្រូវតាមទីផ្សារ ដែលភាគច្រើនអាចមានទំហំចាប់ពី៥០ ទៅ១០០ ម៉ែត្រការ៉េ ឬអាចធំជាងនេះក៏មាន”។ លោកស្រីបន្តទៀតថា “ហាងទំនិញបែបទំនើបប្រភេទនេះ ងាយស្រួលបង្កើត និងអភិវឌ្ឍន៍ ហើយក៏បង្កភាពងាយស្រួលដល់អតិថិជនផងដែរ”។
លោកស្រីសុធីតាបានបន្តទៀតថា រាល់ទំនិញគ្រប់ប្រភេទដែលមានដាក់លក់នៅក្នុងហាងទំនិញទាំងនេះ បើប្រៀបធៀបជាមួយនឹងផ្សារទំនើបខ្នាតអន្តរជាតិ ហាក់មានតម្លៃថ្លៃបន្តិច ប៉ុន្តែវានៅតែពេញនិយមសម្រាប់អ្នកទិញ ងាយស្រួលទិញ ចំណាយពេលតិចជាងការចូលផ្សារទំនើប។
អ្នកជំនាញផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ទៀតថា “នៅពេលមានហាងទំនិញ ឬផ្សារទំនើបខ្នាតតូចបែបទំនើបទាំងនេះ វាបានស្ដែងបញ្ជាក់អំពីការកើនឡើងនូវលទ្ធភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែល្អប្រសើរ។ លោកបន្តថា កំណើននៃចំនួនហាងទំនិញបែបទំនើបទាំងនេះ នៅមិនទាន់ច្រើនលើសតម្រូវការនោះទេ បើប្រៀបទៅនឹងប្រទេសជិតខាង ដូចជា វៀតណាម និងប្រទេសថៃជាដើម គឺមានស្អេកស្កះ។
លោកបន្តទៀតថា “ចាប់ពីពេលនេះទៅថ្ងៃខាងមុខ អ្នកប្រើប្រាស់ផលិតផល នឹងងាកទៅចាប់អារម្មណ៍រាល់ទំនិញ ដែលដាក់លក់នៅក្នុងហាងទំនើបទាំងនេះ ដោយសារតែធានាបាននូវគុណភាព និងសុវត្ថិភាពត្រឹមត្រូវជាងការទិញទំនិញ តាមផ្ទះលក្ខណៈបែបប្រពៃណី”។ លោកបន្តទៀតថា “បន្ថែមពីនេះ វត្តមានរបស់ហាងទំនិញទំនិបទាំងអស់នេះ ក៏បានចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិ និងបង្កើនចំណូលដល់សេដ្ឋកិច្ចតាមរយៈការបង់ពន្ធប្រចាំឆ្នាំផងដែរ”៕