ដោយ Donald Lee
ប៉េកាំងៈ គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់រវាងប្រទេសចិន និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលរួមមានកម្ពុជាផងនោះបានបញ្ចប់ដំណាក់កាលដំបូងនៃកំណាត់ផ្លូវដែករវាងប្រទេសចិន ថៃ។ នេះបើយោងតាមក្រុមហ៊ុនសាជីវកម្មរថភ្លើងចិន (CRDC)។
ដំណាក់កាលដំបូងនឹងភ្ជាប់ទីក្រុងបាងកក ទៅកាន់តំបន់ឥសានភាគខាងជើងថៃនៅតំបន់ Nakhon Ratchasima ។ នៅពេលបញ្ចប់ផ្លូវដែលស្ថិតនៅចំណុចកណ្តាលនៃទីក្រុងបាងកក ផ្លូវដែកដ៏សំខាន់នេះនឹងតភ្ជាប់ក្រុងបាងកកទៅគុនមីង ប្រទេសចិនតាមរយៈទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
-->
បណ្តាញផ្លូវរថភ្លើងល្បឿនលឿនទំនើបនេះ មានប្រវែងជាង៣,០០០គីឡូម៉ែត្រ និងចំណាយអស់ទឹកប្រាក់ជាង៦ពាន់លានដុល្លារ។
ក្រុមហ៊ុន CRDC នឹងបញ្ចូលរចនាបថបែបប្រពៃណីថៃ និងរចនាប័ទ្មស្ថាបត្យកម្ម។
ផ្លូវរថភ្លើងល្បឿនលឿននេះ ស្ថិតក្នុងគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆតារបស់ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់នេះ ដែលគ្រោងនឹងតភ្ជាប់ផ្លូវរថភ្លើងនេះ ចេញពីទីក្រុងបាងកកទៅប្រទេសចិន ឡាវ កម្ពុជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។
ស្ថានីយ៍រថភ្លើងកណ្តាលនៅទីក្រុងបាងកក សម្រាប់រថភ្លើងល្បឿនលឿននឹងមានទំហំធំជាងគេក្នុងចំណោម សមាជិកអាស៊ានទាំងអស់ បន្ទាប់ពីសាងសង់បញ្ចប់។
ការសាងសង់គម្រោងនេះកំពុងដំណើរការ ហើយរដ្ឋាភិបាលថៃនឹងអំពាវនាវឱ្យមានការដេញថ្លៃ ខណៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពុងស្ថិតក្នុងដំណាក់កាលរលូន ។ នេះបើយោងតាមលោក Pailin Chuchottaworn អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ។
លោក Pailin Chuchottaworn បាននិយាយថា “ប្រជាជនថៃនឹងអាចប្រើប្រាស់រថភ្លើងល្បឿនលឿនពីស្ថានីយ៍រថភ្លើងនៅបាងកក ទៅកាន់ទីក្រុងប៉េកាំង និងសឹង្ហបូរីនាពេលអនាគត”៕