រដ្ឋាភិបាល​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​គេចវេះ​ពី​ការ​បង់ពន្ធ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ ដែល​គេចវេះ​ពន្ធ​ និង​ការប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទប្បញ្ញត្តិ​ស្តី​ពី​ការ​បង់ពន្ធ​។

យោង​តាម​សេ​ក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​គេចវេះ​ពន្ធ​ កាលពី​ថ្ងៃទី​ ២៣​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ កន្លងមក​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​កត់សម្គាល់​ឃើញថា​ មាន​បុគ្គល​មួយចំនួន​ បាន​អូសទាញ​បោក​ បញ្ឆោត​បុគ្គល​ផ្សេងទៀត​ដែល​មានការ​យល់ដឹង​ទាប​ ឱ្យ​ឈរឈ្មោះ​ជា​ម្ចាស់ភាគហ៊ុន​ និង​ជា​អភិបាល​ បង្កើត​ក្រុមហ៊ុន​នៅ​ក្រសួង​ពាណិជ្ជកម្ម​ និង​ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ចេញ​វិក្កយបត្រ​ក្លែងក្លាយ​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយផ្សេងទៀត​ ក្នុង​គោលបំណង​ក្លែងបន្លំ​ដាក់បញ្ចូល​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​សម្រាប់​កាត់កង​អាករ​លើ​ធាតុ​ចេញ​ និង​បញ្ចូល​ជា​បន្ទុក​ចំណាយ​ដើម្បី​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​។

អគ្គ​នាយដ្ឋាន​ពន្ធដារ​បញ្ជាក់​ថា​ អំពើ​ទាំងអស់​នេះ​ ជាសកម្ម​ភាព​ប្រព្រឹត្តិ​បទល្មើស​គេចវេះ​ ដូច​មាន​ចែង​នៅក្នុង​មាត្រា​ ១២៧​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ ដែល​ត្រូវ​រង​ការ​ផ្តន្ទា​ទោស​តាម​មាត្រា​ ១៣៥​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​បាន​ចែងថា​ “ ដោយ​មិន​គិតដល់​ទោសទណ្ឌ​ផ្សេងទៀត​ អភិបាល​ បណ្ណាធិការ​ កម្មសិទ្ធិករ​របស់​សហគ្រាស​ណាមួយ​ ឬបុគ្គល​ទទួល​ខុសត្រូវ​ឱ្យ​សហគ្រាស​ណាមួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​គេចវេះ​ពន្ធ​ដូ​មាន​ចែង​ក្នុង​មាត្រា​ ១២៧​ នៃ​ច្បាប់​នេះ​ត្រូវ​រង​ការ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ ១០​ ០០០​ ០០០​ រៀល​ ( ដប់លាន​រៀល​) ដល់​ ២០​ ០០០​ ០០០​ រៀល​ (ម្ភៃ​លាន​រៀល​) ឬ ជាប់ពន្ធ​ធនាគារ​ពី​ ១ ឆ្នាំ​ ដល់​ ៥ ឆ្នាំ​ ឬទោស​ទាំងពីរ​នេះ​” ។

និង​បទល្មើស​ផ្នែក​ព្រហ្មទណ្ឌ​ លើ​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១២៨​ និង​ ១២៩​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ ដែល​ត្រូវ​រង​ការ​ផ្តន្ទា​ទោស​តាម​មាត្រា​ ១៣៦​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​បាន​ចែងថា​ ៖ “ដោយ​មិន​គិតដល់​ទោសទណ្ឌ​ផ្សេងទៀត​ បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្តិ​អំពើ​រាំងស្ទះ​ ដល់​ការអនុវត្ត​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ១២៨​ នៃ​ច្បាប់​នេះ​ ត្រូវ​រង​ការ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​ ៥ ០០០​ ០០០​ រៀល​ (ប្រាំ​លាន​រៀល​) ដល់​ ១០​ ០០០​ ០០០​ រៀល​ (ដប់លាន​រៀល​) ឬ ជាប់ពន្ធ​នា​គារ​ពី​ ១ ខែ​ ដល់​ ១ ឆ្នាំ​ ឬ ទោស​ទាំងពីរ​នេះ​” ។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​ចាប់​វិធាន​ការ​ចំា​បាច់​នានា​តាមច្បាប់​ជាធរមាន​ ដើម្បី​ស្វែងរក​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​មក​ផ្តន្ទា​ទោស​តាមច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here