ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណា ដែលគេចវេះពន្ធ និងការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីការបង់ពន្ធ។
យោងតាមសេក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីវិធានការទប់ស្កាត់ការគេចវេះពន្ធ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួន បានអូសទាញបោក បញ្ឆោតបុគ្គលផ្សេងទៀតដែលមានការយល់ដឹងទាប ឱ្យឈរឈ្មោះជាម្ចាស់ភាគហ៊ុន និងជាអភិបាល បង្កើតក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម និងចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារដើម្បីទទួលបានវិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម ដើម្បីយកទៅប្រើប្រាស់ចេញវិក្កយបត្រក្លែងក្លាយទៅឱ្យក្រុមហ៊ុនមួយផ្សេងទៀត ក្នុងគោលបំណងក្លែងបន្លំដាក់បញ្ចូលជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងអាករលើធាតុចេញ និងបញ្ចូលជាបន្ទុកចំណាយដើម្បីកាត់បន្ថយពន្ធលើប្រាក់ចំណូល។
-->
អគ្គនាយដ្ឋានពន្ធដារបញ្ជាក់ថា អំពើទាំងអស់នេះ ជាសកម្មភាពប្រព្រឹត្តិបទល្មើសគេចវេះ ដូចមានចែងនៅក្នុងមាត្រា ១២៧ នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវរងការផ្តន្ទាទោសតាមមាត្រា ១៣៥ នៃច្បាប់ស្តីពីសារពើពន្ធដែលបានចែងថា “ ដោយមិនគិតដល់ទោសទណ្ឌផ្សេងទៀត អភិបាល បណ្ណាធិការ កម្មសិទ្ធិកររបស់សហគ្រាសណាមួយ ឬបុគ្គលទទួលខុសត្រូវឱ្យសហគ្រាសណាមួយដែលបានប្រព្រឹត្តអំពើគេចវេះពន្ធដូមានចែងក្នុងមាត្រា ១២៧ នៃច្បាប់នេះត្រូវរងការផ្តន្ទាទោសពិន័យជាប្រាក់ពី ១០ ០០០ ០០០ រៀល ( ដប់លានរៀល) ដល់ ២០ ០០០ ០០០ រៀល (ម្ភៃលានរៀល) ឬ ជាប់ពន្ធធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ ឬទោសទាំងពីរនេះ” ។
និងបទល្មើសផ្នែកព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៨ និង ១២៩ នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវរងការផ្តន្ទាទោសតាមមាត្រា ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធដែលបានចែងថា ៖ “ដោយមិនគិតដល់ទោសទណ្ឌផ្សេងទៀត បុគ្គលណាដែលបានប្រព្រឹត្តិអំពើរាំងស្ទះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៨ នៃច្បាប់នេះ ត្រូវរងការផ្តន្ទាទោសពិន័យជាប្រាក់ពី ៥ ០០០ ០០០ រៀល (ប្រាំលានរៀល) ដល់ ១០ ០០០ ០០០ រៀល (ដប់លានរៀល) ឬ ជាប់ពន្ធនាគារពី ១ ខែ ដល់ ១ ឆ្នាំ ឬ ទោសទាំងពីរនេះ” ។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់វិធានការចំាបាច់នានាតាមច្បាប់ជាធរមាន ដើម្បីស្វែងរកបុគ្គលដែលបានប្រព្រឹត្តិបទល្មើសមកផ្តន្ទាទោសតាមច្បាប់៕

