ដោយ វុត្ថា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់់ពិភពលោកចំនួន៥ បាននិងកំពុងសាងសង់នៅសង្កាត់ពាណិជ្ជកម្មរសរវើកជាងគេ កណ្តាលក្រុងភ្នំពេញ ដែលជាបណ្តុំនូវមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងស្កេកស្កះ ហើយវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកទាំង៥ថ្មីនេះ នឹងធ្វើឲ្យទីក្រុងភ្នំពេញផ្លាស់ប្តូរមុខមាត់ទៅកាន់កម្រិតថ្មីមួយទៀត។
គេហទំព័រ Propertyarea.asia ដែលជាគេហទំព័ត៌អចលនទ្រព្យឈានមុខគេនៅកម្ពុជា នឹងលើកយកគម្រោងអគារចំនួន៥ ដែលនឹងរះឡើងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-->
១) អគារពាណិជ្ជកម្មចម្រុះ The Peak
The Peak ជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣នៅតំបន់ដ៏ទាក់ទាញនៃក្រុងភ្នំពេញ ដែលមានកម្ពស់៥៥ជាន់ស្មើនឹង២១៨ម៉ែត្រ ។ គំរោងនេះកំពុងសាងសង់់នៅក្បែរស្ពាននាគកោះពេជ្រ ជាមួយនឹងទុនវិនិយោគ៥៨០លានដុលា្លរ បានចាប់បុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ។

មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់៥៥ជាន់ដ៏ប្រណីត និងសណ្ឋានគារ The Shangri-La Hotel ប្រកបដោយកិត្យានុភាព ក្នុងពិភពលោកជាយូរណាស់មកហើយ។ ឥឡូវបានចាប់ផ្ដើមសាងសង់ក្នុងទឹកកម្ពុជា។ គម្រោងនេះមានខុនដូសរុបចំនួនប្រមាណ១០១៤ Unite។ គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន World Bridge Land Group និងក្រុមហ៊ុនOxley Holding ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។
២) អគារ Morgan Tower
អាគារ Morgan Tower បោះទុនវិនិយោគប្រមាណជា១៦០លានដុល្លារអាមេរិកក្នុងការសាងសង់អគារ ដែលមានឈ្មោះថា Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ២១០ម៉ែត្រ ដែលស្មើទៅនឹង៤៦ជាន់។

អគារ Morgan Tower បាននឹងកំពុងសាងសង់ឡើង ដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចសន្សំសំចៃថាមពលអគ្គសនី ដែលស្ថិតនៅក្នុងទីក្រុងកោះពេជ្រ វិនិយោគដោយ ក្រុមហ៊ុន Morgan Group ។ គំរោងនេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
៣) គំរោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម CITY KEY
គំរោងនេះមានឈ្មោះ CITY KEY មានចំនួន៥២ជាន់ និងកំពស់២០៨ម៉ែត្រជាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ បាននិងកំពុងសាងសង់ ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។

គំរោងដ៏ធំនេះ ស្ថិតនៅក្រោយអាគារ Bali Scenary និងអាគារThe Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
៤) អគារ Thai Boon Roong Commercial Centre Twin Towers
អគារនេះ មានកម្ពស់៥៦១ ម៉ែត្រស្ថិតនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការសាងសង់។ នៅពេលសាងសង់បញ្ចប់អគារនេះ នឹងក្លាយជាអគារប្រើប្រាស់រួម មានទាំងការិយាល័យធ្វើការ ផ្សារទំនើប អាផាតម៉ិន ខុនដូលំដាប់អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។

អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong របស់ប្រទេសកម្ពុជា ជាប់ជាអគារខ្ពស់នៅក្នុងតំបន់អាស៊ានក៏ដូចជាខ្ពស់ជាងគេក្នុងនាមអាគារភ្លោះនៅលើពិភពលោក។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ស្ថិតក្នុងចំណោមអគារខ្ពស់កប់ពពកចំនួន៦ផ្សេងទៀត មកពីប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ាន ហើយអគារទាំងនេះ នឹងក្លាយជាអគារខ្ពស់កប់ពពកនៅក្នុងតំបន់អាស៊ាន។
៥) គម្រោងសាងសង់អគារ Naga 3
ក្រុមហ៊ុន NagaCorp Ltd នៅភ្នំពេញ គ្រោងសាងសងសាខាថ្មី Naga 3 បាននិងកំពុងសាងសង់ក្រោមទុនវិនិយោគ
៣,៥២ពាន់លានដុល្លារ និងរចនាដោយក្រុមហ៊ុនជំនាញខាងរចនាកាស៊ីណូ Steelman Partners LLP ។
ក្រុមហ៊ុន NagaCorp ដែលមានឈ្មោះក្នុងទីក្រុងហុងកុង មានអាជ្ញាប័ណ្ណផ្តាច់មុខក្នុងការប្រតិបត្តិការកាស៊ីណូនៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការណាហ្គា១ ដែលបានបើកដំណើរការកាលពីខែធ្នូឆ្នាំ២០០៦។ ណាហ្គា១ បច្ចុប្បន្ននេះ ត្រូវបានសាងសង់ភ្ជាប់ទៅណាហ្គា២ ដែលជាការពង្រីកដែលបានបើកនៅខែ វិច្ឆិកា ឆ្នាំ ២០១៤។

គម្រោងណាហ្គា៣ នឹងសាងសង់អាគារចំនួនប្រាំ នៅលើផ្ទៃដីចំនួន១៦,៨៣៧ ម៉ែត្រការ៉េ។ នៅពេលសាងសង់រួចរាល់គម្រោងណាហ្គា៣ ត្រូវបានរំពឹងថានឹងមានសណ្ឋាគារកម្ពស់៦៦ជាន់ចំនួនពីរអាគារ សណ្ឋាគារកម្ពស់៤៥ជាន់ចំនួនពីរអាគារ នឹងខុនដូមួយដែលមានកំពស់៤៨ជាន់៕