ប៉ូល​សេដ្ឋកិច្ច​ទាំង៣កំពុង​ជំរុញ​អំណាច​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​មុខ​យ៉ាងសកម្ម​

0

ដោយ៖​ រ៉ា​ណេត​

ភ្នំពេញ​៖ បច្ចុប្បន្ន​នេះ​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ទាំង៣​ ដែល​សំដៅ​ដល់​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​បណ្តា​ខេត្ត​
ភូមិ​ភា​គ​ឥសាន្ត បាន​និង​កំពុង​ចាប់​កម្រើក​ព្រមគ្នា​ និង​បាន​និង​កំពុង​រុញច្រាន​សេដ្ឋកិច្ច​កម្ពុជា​ ឱ្យ​មាន​ភាព​រីកចម្រើន​ក្នុង​ល្បឿន​មួយ​ ដែល​អាច​ឲ្យ​កម្ពុជា​អាច​មាន​ឯករាជ​ភាព​សេដ្ឋកិច្ច​ដោយខ្លួនឯង​។

ជាមួយនឹង​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​ ប៉ូស​សេដ្ឋ​កិ​ច្ច​តូច​ៗ​ដទៃ​ទៀត​បាន​និង​កំពុង​រះ​ឡើង​ផង​ដែរ​ ដូចជា​ក្រុង​ប៉ោយប៉ែត​ ក្រុង​បាវិត​ តំបន់​ជ្រៃធំ​ ពិសេស​ខេត្តសៀមរាប​បាន​និង​កំពុង​ចាប់ផ្តើម​ធ្វើ​ពិពិធ​កម្ម​ចរន្ត​សេដ្ឋកិច្ច​របស់​ខ្លួន​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៤​ ខែ​កក្កដា​ ឆ្នាំ២០១៩កន្លងមក​ថា​ នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង៣ខាងលើ​នេះ​ កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន​ លើស​ពី​ការ​រំពឹង​ទុក​។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ភាពល្អ​ប្រសើរ​ទាំងអស់​នេះ​ ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាប់​វិនិយោគ​ ដែល​ជា​ការ​បើកឱកាស​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ជាតិ​ – អន្តរជាតិ​នានា​ចូល​មក​វិនិយោគ​នៅក្នុង​តំបន់​ទាំងនេះ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ច្បាប់​វិនិយោគ​របស់​កម្ពុជា​បាន​លើកទឹកចិត្ត​ និង​បើកឱកាស​ឱ្យ​ក្រុមហ៊ុន​បរទេស​ចូល​មក​វិនិយោគ ១០០ភាគរយ​ ដែល​ចំណុច​នេះ​ក៏​ជា​គន្លឹះ​សំខាន់​ ក្នុង​អូសទាញ​អ្នក​វិនិយោគ​អន្តរជាតិ​ឱ្យមក​កាន់​កម្ពុជា​”។ លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ​“ចំណុច​មួយទៀត​ ដែល​អាច​ធ្វើ​ឱ្យ​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ទាំង៣​ មានការ​រីកចម្រើន​ និង​អភិវឌ្ឍ​ខ្លាំង​ ក៏​ព្រោះ​ការ​ខិតខំ​ប្រឹងប្រែង​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ព្យាយាម​គៀង​គរ​ អូសទាញ​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​ក្រៅ​ស្រុក​ឱ្យ​ចូល​មកកាន់​កម្ពុជា​”។

តាម​ផែនការ​ដែល​បាន​គ្រោងទុក​ វិស័យ​ហេ​ដ្ឋា​សម្ព័ន្ធ​សំ​ខាន់​ៗដែល​ពាក់ព័ន្ធ​ទៅ​នឹង​ប៉ូល​សេដ្ឋកិច្ច​ទាំង៣ខាងលើ​នេះ​ ត្រូវ​មានការ​រៀបចំ​កសាង​ និង​អភិវឌ្ឍ​ឱ្យ​លឿន​តាមដែល​អាច​ធ្វើ​ទៅ​បាន​។ ជាក់ស្ដែង​ដូចជា​គម្រោង​ផ្លូវ​ល្បឿន​ ភ្នំពេញ​-ព្រះសីហនុ​ នឹង​ត្រូវ​បញ្ចប់​ការសាងសង់​ជាស្ថាពរ​ឱ្យ​បាន​មុន​ឆ្នាំ២០២២​។ ដោយឡែក​សម្រាប់​ផ្លូវជាតិ​ដែល​រួមចំណែក​ពាក់ព័ន្ធ​ ដូចជា​ផ្លូវជាតិ៥​ និង​ផ្លូវជាតិ​លេខ៦​ ក៏​កំពុងតែ​មានការ​កែ​លម្អ​រប​ន្ថែម​ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​ ហុង​ វណ្ណៈ​ ក៏បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គ្រប់​តំបន់​ប៉ូល​សេដ្ឋ​ពិសេស​ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ គឺ​សុទ្ធតែ​មាន​សក្ដានុពល​ទាំងអស់​ ប៉ុន្តែ​អាស្រ័យ​ទៅតាម​វិស័យ​ផ្សេងគ្នា​។ តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង៣ខាងលើ​នេះ​ គឺ​មាន​លក្ខណៈ​ និង​សក្ដានុពល​ពិ​សេស​ផ្សេង​ៗពីគ្នា​។

លោក​បន្ត​ថា​ “រាជធានី​ភ្នំពេញ​ គឺ​ប៉ូល​សេដ្ឋកិច្ច​ដ៏​ធំ​ និង​សំខាន់​ជា​បណ្តា​តំបន់​ប៉ូល​សេដ្ឋកិច្ច​នានា​ទាំងអស់​”។ លោក​បន្ត​ទៀត​ថា​ “ភ្នំពេញ​ គឺជា​បេះដូង​របស់​ប្រទេស​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​រដ្ឋបាល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ធនាគារ​សំ​ខាន់​ៗប្រចាំ​ប្រទេស​”។

លោក​ ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “សម្រាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ខេត្ត​ព្រះសីហនុ​ មាន​សក្ដានុពល​យ៉ាង​ពិសេស​ទៅលើ​តំបន់ឆ្នេរ​ និង​សមុទ្រ​ ដែល​អនុគ្រោះ​ដល់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ តភ្ជាប់​រវាង​ប្រទេស​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេង​ៗទៅកាន់​សាកលលោក​ផង​ដែរ​។

​ក្រៅពី​នេះ​ ព្រះសីហនុ​ ក៏​មាន​ភាព​ទាក់ទាញ​លើ​ផ្នែក​ទេសចរណ៍​ ដ៏​សំខាន់​មួយ​ផង​ដែរ​ ខណៈ​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​រួម​មិន​មាន​តំបន់​អំណោយផល​ពិសេស​ដូចនេះ​នោះ​ឡើយ​”។

ជាមួយគ្នា​នេះ​ អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​រូប​នេះ​ក៏បាន​ប្រាប់​ឱ្យ​ដឹង​ថែមទៀត​ថា​ ដោយឡែក​សម្រាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី៣​ នៅ​ភូមិ​ភា​គឥសាន្តក៏​កំពុង​កំរើក​ផង​ដែរ​ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​។

ដោយឡែក​ខេត្តសៀមរាប​ ក៏​មាន​សក្ដានុពល​ខ្លាំង​ផង​ដែរ​ទៅលើ​វិស័យ​វប្បធម៌​ និង​ទេសចរណ៍​ ដែល​ចំណូល​មួយ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ និង​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

​លោក​បណ្ឌិត​ហុង​ វណ្ណៈ​បាន​បន្ត​ថា​ សៀមរាប​សម្បូរទៅដោយ​សំណង់​ប្រវត្តិសាស្ត្រ​ជាច្រើន​ ដែល​បណ្តា​ប្រទេស​ជាច្រើន​ នៅ​លើ​សាកលលោក​មិន​មាន​”។ លោក​ថា​ “ក្រៅពី​សំណង់​ប្រវត្តិសាស្ត្រ​ និង​វិស័យ​វប្បធម៌​ ក៏​មាន​តំបន់​ធម្មជាតិ​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​ ដូចជា​អាង​បឹងទន្លេសាប​ និង​តំបន់​ភ្នំ​ផង​ដែរ​។

​លោក​បន្ត​ថា​ “ទាំងអស់​នេះ​វា​ជា​សក្ដានុពល​ដ៏​អស្ចារ្យ​”។ លោក​បញ្ជាក់​ថា​ “ប្រសិនបើ​យើង​ដើរទៅ​តាម​គន្លង​ផ្លូវ​ និង​ផែនការ​ដែល​បាន​គ្រោងទុក​ និង​ប្រើ​ឱ្យ​អស់​លទ្ធភាព​ កម្ពុជា​នឹង​មានការ​ប្រែប្រួល​ទៅ​រក​ភាពល្អ​ប្រសើរ​យ៉ាង​លឿន​ នៅក្នុង​រយៈពេល​មួយ​ខ្លី​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here