ដោយ៖ រ៉ាណេត
ភ្នំពេញ៖ បច្ចុប្បន្ននេះប៉ូលសេដ្ឋកិច្ចពិសេសទាំង៣ ដែលសំដៅដល់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងបណ្តាខេត្ត
ភូមិភាគឥសាន្ត បាននិងកំពុងចាប់កម្រើកព្រមគ្នា និងបាននិងកំពុងរុញច្រានសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនក្នុងល្បឿនមួយ ដែលអាចឲ្យកម្ពុជាអាចមានឯករាជភាពសេដ្ឋកិច្ចដោយខ្លួនឯង។

-->
ជាមួយនឹងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ប៉ូសសេដ្ឋកិច្ចតូចៗដទៃទៀតបាននិងកំពុងរះឡើងផងដែរ ដូចជាក្រុងប៉ោយប៉ែត ក្រុងបាវិត តំបន់ជ្រៃធំ ពិសេសខេត្តសៀមរាបបាននិងកំពុងចាប់ផ្តើមធ្វើពិពិធកម្មចរន្តសេដ្ឋកិច្ចរបស់ខ្លួន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងមកថា នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទាំង៣ខាងលើនេះ កំពុងតែមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន លើសពីការរំពឹងទុក។ លោកឧកញ៉ាបន្តទៀតថា “ភាពល្អប្រសើរទាំងអស់នេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាប់វិនិយោគ ដែលជាការបើកឱកាសឱ្យបណ្តាអ្នកវិនិយោគជាតិ – អន្តរជាតិនានាចូលមកវិនិយោគនៅក្នុងតំបន់ទាំងនេះ។
លោកបានបន្តទៀតថា “ច្បាប់វិនិយោគរបស់កម្ពុជាបានលើកទឹកចិត្ត និងបើកឱកាសឱ្យក្រុមហ៊ុនបរទេសចូលមកវិនិយោគ ១០០ភាគរយ ដែលចំណុចនេះក៏ជាគន្លឹះសំខាន់ ក្នុងអូសទាញអ្នកវិនិយោគអន្តរជាតិឱ្យមកកាន់កម្ពុជា”។ លោកឧកញ៉ាបានបញ្ជាក់ថា “ចំណុចមួយទៀត ដែលអាចធ្វើឱ្យប៉ូលសេដ្ឋកិច្ចពិសេសទាំង៣ មានការរីកចម្រើន និងអភិវឌ្ឍខ្លាំង ក៏ព្រោះការខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាមគៀងគរ អូសទាញបណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនក្រៅស្រុកឱ្យចូលមកកាន់កម្ពុជា”។
តាមផែនការដែលបានគ្រោងទុក វិស័យហេដ្ឋាសម្ព័ន្ធសំខាន់ៗដែលពាក់ព័ន្ធទៅនឹងប៉ូលសេដ្ឋកិច្ចទាំង៣ខាងលើនេះ ត្រូវមានការរៀបចំកសាង និងអភិវឌ្ឍឱ្យលឿនតាមដែលអាចធ្វើទៅបាន។ ជាក់ស្ដែងដូចជាគម្រោងផ្លូវល្បឿន ភ្នំពេញ-ព្រះសីហនុ នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរឱ្យបានមុនឆ្នាំ២០២២។ ដោយឡែកសម្រាប់ផ្លូវជាតិដែលរួមចំណែកពាក់ព័ន្ធ ដូចជាផ្លូវជាតិ៥ និងផ្លូវជាតិលេខ៦ ក៏កំពុងតែមានការកែលម្អរបន្ថែម ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក ហុង វណ្ណៈ ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា គ្រប់តំបន់ប៉ូលសេដ្ឋពិសេស ដែលរាជរដ្ឋាភិបាលបានកំណត់ គឺសុទ្ធតែមានសក្ដានុពលទាំងអស់ ប៉ុន្តែអាស្រ័យទៅតាមវិស័យផ្សេងគ្នា។ តំបន់ប៉ូលសេដ្ឋកិច្ចទាំង៣ខាងលើនេះ គឺមានលក្ខណៈ និងសក្ដានុពលពិសេសផ្សេងៗពីគ្នា។
លោកបន្តថា “រាជធានីភ្នំពេញ គឺប៉ូលសេដ្ឋកិច្ចដ៏ធំ និងសំខាន់ជាបណ្តាតំបន់ប៉ូលសេដ្ឋកិច្ចនានាទាំងអស់”។ លោកបន្តទៀតថា “ភ្នំពេញ គឺជាបេះដូងរបស់ប្រទេស ដែលប្រមូលផ្តុំទៅដោយរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា និងបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម និងធនាគារសំខាន់ៗប្រចាំប្រទេស”។

លោក ហុង វណ្ណៈ បានមានប្រសាសន៍បន្តទៀតថា “សម្រាប់តំបន់ប៉ូលសេដ្ឋកិច្ចទី២ខេត្តព្រះសីហនុ មានសក្ដានុពលយ៉ាងពិសេសទៅលើតំបន់ឆ្នេរ និងសមុទ្រ ដែលអនុគ្រោះដល់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ តភ្ជាប់រវាងប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងតំបន់អាស៊ាន ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៅកាន់សាកលលោកផងដែរ។
ក្រៅពីនេះ ព្រះសីហនុ ក៏មានភាពទាក់ទាញលើផ្នែកទេសចរណ៍ ដ៏សំខាន់មួយផងដែរ ខណៈដែលបណ្តាប្រទេសមួយចំនួន ដែលស្ថិតនៅក្នុងតំបន់រួមមិនមានតំបន់អំណោយផលពិសេសដូចនេះនោះឡើយ”។

ជាមួយគ្នានេះ អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជារូបនេះក៏បានប្រាប់ឱ្យដឹងថែមទៀតថា ដោយឡែកសម្រាប់តំបន់ប៉ូលសេដ្ឋកិច្ចទី៣ នៅភូមិភាគឥសាន្តក៏កំពុងកំរើកផងដែរ បន្ទាប់ពីរដ្ឋាភិបាលប្រកាសសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី។
ដោយឡែកខេត្តសៀមរាប ក៏មានសក្ដានុពលខ្លាំងផងដែរទៅលើវិស័យវប្បធម៌ និងទេសចរណ៍ ដែលចំណូលមួយដ៏សំខាន់សម្រាប់ទ្រទ្រង់ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកបណ្ឌិតហុង វណ្ណៈបានបន្តថា សៀមរាបសម្បូរទៅដោយសំណង់ប្រវត្តិសាស្ត្រជាច្រើន ដែលបណ្តាប្រទេសជាច្រើន នៅលើសាកលលោកមិនមាន”។ លោកថា “ក្រៅពីសំណង់ប្រវត្តិសាស្ត្រ និងវិស័យវប្បធម៌ ក៏មានតំបន់ធម្មជាតិដ៏ធំប្រចាំតំបន់អាស៊ី ដូចជាអាងបឹងទន្លេសាប និងតំបន់ភ្នំផងដែរ។
លោកបន្តថា “ទាំងអស់នេះវាជាសក្ដានុពលដ៏អស្ចារ្យ”។ លោកបញ្ជាក់ថា “ប្រសិនបើយើងដើរទៅតាមគន្លងផ្លូវ និងផែនការដែលបានគ្រោងទុក និងប្រើឱ្យអស់លទ្ធភាព កម្ពុជានឹងមានការប្រែប្រួលទៅរកភាពល្អប្រសើរយ៉ាងលឿន នៅក្នុងរយៈពេលមួយខ្លី”៕